សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាម៉េរិក​ក្លាយជាអ្នក​ផ្គត់ផ្គង់​ប្រេង​ឆៅ​ធំជាងគេ​ដល់​សហភាព​អឺរ៉ុបជំនួសរុស្ស៊ី
29, Mar 2023 , 9:29 pm        
រូបភាព
បរិមាណប្រេងរបស់សហភាពអឺរ៉ុបដែលនាំចូលពីអាម៉េរិកបានកើនឡើងបន្តិចម្តងៗ នាត្រីមាសចុងក្រោយនៃឆ្នាំ ២០២២ ។ បើគិតត្រឹមខែធ្នូ ឆ្នាំមុន គឺមានអត្រាកើនឡើងខ្ពស់ ៤ដង ច្រើនជាងប្រេងដែលនាំចូលពីប្រទេសរុស្ស៊ី។ 
 
បើតាមទីភ្នាក់ងារស្ថិតិអឺរ៉ុប Eurostat នៅថ្ងៃទី ២៨ ខែមីនា ប្រេងឆៅសហភាពអឺរ៉ុប (EU) ក្នុងអត្រា ១៨ភាគរយគឺនាំចូលពីអាម៉េរិក ក្នុងនោះមានតែ ៤ភាគរយប៉ុណ្ណោះដែលនាំចូលពីរុស្ស៊ី ។ នេះបើគិតត្រឹមខែធ្នូឆ្នាំ ២០២២ ។ 
 
នេះគឺជារបត់ដ៏ធំមួយ ដែលផ្លាស់ពីរុស្ស៊ី មកអាម៉េរិក ជាអ្នកផ្គត់ផ្គង់ប្រេងឆៅដ៏ធំបំផុតដល់ប្លុកនេះ។ កាលពីខែមករាឆ្នាំ ២០២២ ការនាំចូលប្រេងសរុបរបស់សហភាពអឺរ៉ុប មានចំនួន ៣១ភាគរយ គឺបានមកពីរុស្ស៊ី ខណៈអាម៉េរិកបានចូលរួមចំណែកត្រឹមតែ ១៣ភាគរយប៉ុណ្ណោះ។
 
បន្ទាប់ពី​រុស្ស៊ី​បានឈ្លានពានទៅលើ​អ៊ុយ​ក្រែ​ន បណ្តាប្រទេសនៅអឺរ៉ុប កាត់បន្ថយការនាំចូលថាមពលពីរុស្ស៊ី។ ប្លុកនេះក៏បានដាក់ទណ្ឌកម្មលើការនាំចេញប្រេង និងធ្យូងថ្មរបស់រុស្ស៊ីផងដែរ។ 
កាលពីខែធ្នូ ឆ្នាំ២០២២ សហភាពអឺរ៉ុបបានហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីតាមសមុទ្រ ហើយក្នុងពេលដំណាលគ្នា ក៏បានដាក់កម្រិតលើតម្លៃប្រេងរបស់រុស្ស៊ី ហើយបានហាមឃាត់ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនធានារ៉ាប់រង និងធនាគារមិនឱ្យផ្តល់សេវាកម្ម ប្រសិនបើប្រេងរុស្ស៊ី មិនអាចទិញបានក្នុងតម្លៃទាបជាង ៦០ដុល្លារក្នុងមួយធុង។
 
ការ​នាំ​ចេញ​ប្រេង​របស់​អាម៉េរិក​ទៅ​កាន់​អឺរ៉ុប​ បាន​កើន​ឡើងតាំងពីមុនការចាប់ផ្តើម​​សង្គ្រាមឯណោះ ដូច្នេះហើយ កំណើននៃការនាំចូលនេះ គ្រាន់តែបង្កើនតម្រូវការរបស់ EU សម្រាប់ប្រភពជំនួសតែប៉ុណ្ណោះ។ នេះបើតាមការពន្យល់របស់លោក Jay Maroo អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុនទិន្នន័យ Vortexa ។
 
នៅក្នុងរបាយការណ៍របស់ Eurostat បានលើកឡើងថា ការនាំចូលប្រេងរបស់រុស្ស៊ីចូលទៅក្នុងប្លុកអឺរ៉ុប មានការប្រែប្រួលតាំងពីនៅចន្លោះខែកុម្ភៈដល់ខែមេសា កាលពីឆ្នាំមុន។ ប៉ុន្តែចាប់ពីខែកញ្ញា បរិមាណផ្គត់ផ្គង់បានចាប់ផ្តើមធ្លាក់ចុះ រហូតដល់មកត្រឹមតែ ៤ភាគរយក្នុងខែធ្នូ។
 
គួរបញ្ជាក់ថា អ្នកផ្គត់ផ្គង់ប្រេងឆៅធំជាងគេទៅកាន់សហភាពអឺរ៉ុប មានដូចជាអាម៉េរិក ន័រវេស និងកាហ្សាក់ស្ថាន។ ចំណែកឯរុស្ស៊ីក៏បានរកឃើញអ្នកទិញថ្មីផងដែរ ក្នុងនោះមានឥណ្ឌា និងចិន ដែលកំពុងធ្វើសកម្មភាពទិញប្រេងពីរុស្ស៊ី ក្នុងតម្លៃថោកនាពេលថ្មីៗនេះ៕
 

Tag:
 អាម៉េរិក
  ប្រេងឆៅ
  សហភាពអឺរ៉ុប
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com