កីឡាអន្តរជាតិ
អន្តរជាតិ
Son គិតថា ជាកំហុសខ្លួន ចំពោះការចាកចេញរបស់ Conte ពី Spurs
29, Mar 2023 , 6:19 pm        
រូបភាព
​Son Heung-Min ខ្សែប្រយុទ្ធ Tottenham Hotspur នៅថ្ងៃទី២៨ ខែមីនា បង្ហាញអារម្មណ៍ថាខ្លួនមានកំហុសចំពោះលោក Antonio Conte ដែលត្រូវចែកផ្លូវជាមួយ Spurs។ កីឡាករកូរ៉េខាងត្បូងរូបនេះ បន្ទោសខ្លួនឯងថាលេងមិនល្អដូចរដូវកាលមុន និងចង់ទទួលខុសត្រូវចំពោះការចាកចេញរបស់ Conte។


កីឡាករសញ្ជាតិកូរ៉េខាងត្បូង កាលពីរដូវកាលមុនបានក្លាយជាកីឡាករឈ្នះស្បែកជើងមាសប្រចាំ Premier League ស្ទួនជាមួយ Mohamed Salah ខ្សែប្រយុទ្ធ Liverpool ដែលរកបាន ២៣គ្រាប់ដូចគ្នា ស្របពេលក្រុមមាន់ក្នាយមាសបញ្ចប់ចំណាត់ថ្នាក់លេខ ៤។ តែយ៉ាងណារដូវកាលនេះ ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំ រកបានត្រឹមតែ ១គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៦ប្រកួតចុងក្រោយ។
 
កាលពីថ្ងៃទី២៦ មីនា Spurs បានប្រកាសចែកផ្លូវជាមួយលោក Conte ត្រឹមរយៈពេល ៨ថ្ងៃក្រោយ នៃការប្រកួតស្មើលទ្ធផល ៣-៣ ជាមួយក្រុម Southampton ដែលជាក្រុមបាតតារាង ដោយគ្រូបង្វឹកសញ្ជាតិអ៊ីតាលីបានស្តីបន្ទោសកីឡាករថាអត្មានិយម។​ ការចែកផ្លូវរវាង​ Spurs និងលោក Conte ធ្វើឡើងដោយកិច្ចព្រមព្រៀងរវាងក្លិប​និងសមីខ្លួន។
 
ខណៈដែល Son កំពុងមានភារកិច្ចជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូង កីឡាកររូបនេះបាននិយាយក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតមិត្តភាពទល់អ៊ុយរូហ្កាយថា​ រូបគេពិតជាសុំទោសចំពោះការធ្លាក់ទម្រង់លេងនៅ Spurs ដែលបណ្តាលឱ្យលោក Conte ចាកចេញ។
 
«ក្នុងនាមជាកីឡាករ ខ្ញុំពិតជាចង់សុំទោស គាត់គឺជាគ្រូបង្វឹកលំដាប់ពិភពលោក ហើយយើងធ្លាប់បានឆ្លងកាត់ដំណើរដ៏អស្ចារ្យជាមួយគ្នា។ ខ្ញុំគួរតែលេងឱ្យបានល្អ ខ្ញុំពិតជាចង់ទទួលខុសត្រូវសម្រាប់ការចាកចេញរបស់គាត់ ព្រោះតែខ្ញុំមិនបានជួយដល់ក្លិបបានច្រើន ខ្ញុំពិតជារីករាយសម្រាប់អ្វីដែលគាត់បានធ្វើ គាត់ជាគ្រូដ៏អស្ចារ្យបំផុត និងសម្បូរទៅដោយបទពិសោធន៍ ខ្ញុំនឹងនៅតែចងចាំគាត់។»។ Son បាននិយាយបែបក្រោយចប់ការប្រកួតចាញ់ក្រុមអ៊ុយរូហ្កាយ ២-០។
 
ការបញ្ចេញកំហឹងពីសំណាក់លោក ​Conte ទៅលើកូនក្រុម ដោយសារតែរដូវកាល ២០២២-២៣ នេះ Spurs បានបាត់បង់ការប្រជែងពានរង្វាន់ដល់ ៣ ដែលខ្លួនសម្លឹងមើលឃើញនោះគឺពានរង្វាន់ EFL Cup, FA Cup និង Champions League។ 
 
បច្ចុប្បន្ន​ Spurs កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៤ នៃតារាង Premier League មាន ៤៩ពិន្ទុ ដែលជាគោលដៅដ៏ធំចុងក្រោយរបស់ពួកគេនោះគឺប្រជែងឈ្នះកៅអីលេង Champions League តែមួយមុខគត់។ ការប្រកួតបន្ទាប់របស់ពួកគេគឺជួប Everton នៅសប្តាហ៍ក្រោយ៕
 
 

Tag:
 Heung-Min Son
  Spurs
© រក្សាសិទ្ធិដោយ thmeythmey.com