អន្តរជាតិ
អាម៉េរិក ប្រាប់ចិនកុំឱ្យប្រតិកម្មហួសហេតុលើដំណើរឆ្លងកាត់អាម៉េរិករបស់មេដឹកនាំតៃវ៉ាន់
30, Mar 2023 , 10:59 am        
រូបភាព
លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមានអាម៉េរិក។ រូបភាព AFP
លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមានអាម៉េរិក។ រូបភាព AFP
សេតវិមាន នៅថ្ងៃទី២៩ ខែមីនា បានប្រាប់ចិនកុំឱ្យប្រតិកម្មជ្រុលពេកលើគម្រោងដំណើរឆ្លងកាត់ និងឈប់របស់លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ នៅអាម៉េរិក ក្នុងដំណើរទស្សនកិច្ចនៅតំបន់អាម៉េរិកកណ្តាល។ បើតាមអាម៉េរិក ខ្លួននៅតែគោរពតាមគោលការណ៍ «ចិនតែមួយ»។
 
ចិន នៅថ្ងៃទី២៩ ខែមីនា បានព្រមានសងសឹក ប្រសិនបើប្រធានសភាតំណាងអាម៉េរិក លោក Kevin McCarthy ជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ក្នុងអំឡុងពេលលោកស្រីត្រូវឆ្លងកាត់អាម៉េរិក នៅខែក្រោយ។
 
ជាការឆ្លើយតប អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានអាម៉េរិក លោក John Kirby បានលើកឡើងថា ការឆ្លងកាត់របស់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen គឺគោរពតាមគោលនយោបាយអាម៉េរិក។
 
«ដំណើរឆ្លងកាត់នេះ គឺស្របជាមួយទំនាក់ទំនងមិនផ្លូវការជាមួយតៃវ៉ាន់ និងត្រូវតាមគោលនយោបាយចិនតែមួយ ដែលមិនផ្លាស់ប្តូរ»។ លោក Kirby បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២៩ ខែមីនា ដោយបន្តថា វាគ្មានហេតុផល ដែលរដ្ឋាភិបាលក្រុងប៉េកាំង ត្រូវប្រតិកម្មហួសហេតុលើបញ្ហានេះឡើយ។ 
 
ប្រធានាធិបតីតៃវ៉ាន់ គ្រោងធ្វើដំណើរឆ្លងកាត់ក្រុងញូវយ៉ក នៅថ្ងៃទី៣០ ខែមីនា  និងឆ្លងកាត់ក្រុង Los Angeles នៅក្នុងខែមេសានៅពេលខាងមុខ។ 
 
នៅថ្ងៃទី២៩ ខែមីនា ចិនបានព្រមានពីជំនួបរវាងលោកស្រី Tsai ជាមួយលោក Kevin McCarthy ប្រធានសភាតំណាងអាម៉េរិក។ ត្រង់ចំណុចនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានព្រមានចាត់វិធានការសងសឹកឱ្យបានខ្លាំងក្លាបំផុត។ 
 
សូមបញ្ជាក់ថា ជាញយៗ រដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន តែងតែប៉ះពាក្យសម្តីគ្នាជុំវិញបញ្ហាកោះតៃវ៉ាន់ និងការបើកនាវាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្រោមសេរីភាពនៃនាវាចរណ៍ និងច្បាប់អន្តរជាតិ៕ 
 

Tag:
 អាម៉េរិក
  ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com