ជាតិ
សេដ្ឋកិច្ច
អត្រាអ្នកខ្ចីប្រាក់៖ ៧៦ភាគរយខ្ចីពី១ស្ថាប័ន, ១៩ភាគរយពី២ស្ថាប័ន និង៥ភាគរយចាប់ពី៣ស្ថាប័ន
30, Mar 2023 , 11:59 am        
រូបភាព
ដោយ: រួបរួម
ពលរដ្ឋ៤,៨លាននាក់ ទូទាំងប្រទេសបានប្រើប្រាស់សេវាប្រាក់កម្ចី ក្នុងនោះ៧៦ភាគរយខ្ចីពី១ស្ថាប័ន ១៩ភាគរយខ្ចីពី២ស្ថាប័ន និង៥ភាគរយចាប់ពី៣ស្ថាប័ន។ នេះបើតាមរបាយការណ៍ស្តីពីស្ថានភាពស្ថានភាពឥណទាននៅកម្ពុជាសម្រាប់ឆ្នាំ២០២២ ដែលចេញផ្សាយដោយក្រុមហ៊ុនក្រេឌីតប្យួរ៉ូ ខេមបូឌា (CBC)។
 
របាយការណ៍នេះ គឺគិតត្រឹមចុងខែធ្នូ ឆ្នាំ២០២២ ដោយ CBC ផ្អែកលើទិន្នន័យដែលទទួលបានពីសមាជិករបស់ខ្លួនចំនួន១៨៥ស្ថាប័ន ដោយរួមបញ្ចូលទាំងធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា និងគ្រឹះស្ថានឥណទានជនបទ។
 
ទឹកប្រាក់ដែលពលរដ្ឋប្រមាណ ៤,៨លាននាក់ទូទាំង២៥រាជធានី-ខេត្ត បានខ្ចី មានចំនួន១៩៥ ៤៣៩ ២៣៤លានរៀល (៤៨ពាន់លានដុល្លារអាម៉េរិក) ដោយស្ថាប័ននៅភ្នំពេញ កណ្តាល សៀមរាប និងបន្ទាយមានជ័យ បានផ្តល់បរិមាណឥណទានច្រើនជាងគេ រីឯមណ្ឌលគិរី ប៉ៃលិន និងកែប នៅមានកម្រិតទាប។
 
នៅទូទាំងប្រទេសអ្នកខ្ចីប្រមាណ៧៦ភាគរយ ខ្ចីប្រាក់តែ១ស្ថាប័នប៉ុណ្ណោះ។ បើផ្អែកលើរបាយការណ៍នៅតាមខេត្តនីមួយៗ អ្នកខ្ចីនៅស្វាយរៀង មាន៨២ភាគរយ ខេត្តព្រះសីហនុ មាន៨១ភាគរយ និងភ្នំពេញ មាន៨០ភាគរយ ដោយ CBC អះអាងថា ជាអត្រាដ៏ល្អមួយ។
 
ក្នុងចំណោម១៩ភាគរយនៃចំនួនអ្នកខ្ចីលុយពី២ស្ថាប័ន អត្រានៅតាមបណ្តាខេត្តមានពី១៦ទៅ២៥ភាគរយ។ ឧត្តរមានជ័យ ព្រះវិហារ មាន២៥ភាគរយដូចគ្នា ហើយបន្ទាប់មកមាន ប៉ៃលិន, រតនគិរី ២៤ភាគរយ, ក្រចេះ និងកំពង់ធំ ២២ភាគរយរៀងៗខ្លួន។
 
សម្រាប់អត្រាអ្នកខ្ចីលុយលើសពី៣ស្ថាប័ន មានពី២ភាគរយ ទៅ៨ភាគរយ ទៅតាមរបាយការណ៍ពីរាជធានី-ខេត្តនីមួយៗ។ អត្រា៨ភាគរយ គឺនៅឧត្តរមានជ័យ បន្ទាប់មក មាន៧ភាគរយនៅកំពង់ធំ, ក្រចេះ, ព្រះវិហារ ខណៈបាត់ដំបង,កំពង់ចាម, មណ្ឌលគិរី, សៀមរាប និងប៉ៃលិន មាន៦ភាគរយរៀងៗខ្លួន៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com