កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ចាប់ឆ្នោតរើសពូលបាល់ទាត់បុរស-នារី នឹងធ្វើនៅថ្ងៃទី៥ ខែមេសា ដោយគ្មានវត្តមានព្រុយណេ
30, Mar 2023 , 4:59 pm        
រូបភាព
ការចាប់ឆ្នោតរើសពូលវិញ្ញាសាកីឡាបាល់ទាត់ទាំងផ្នែកបុរស និងនារី សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២​ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមេសា។ នេះបើតាមបើការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC)នាថ្ងៃទី៣០ ខែមីនា។ ព្រុយណេ មិនបញ្ជូនអត្តពលិកវិញ្ញាសាបាល់ទាត់ដើម្បីប្រជែងមេដាយនៅកម្ពុជា ក្រោយអត្តវត្តមានម្តងមកហើយនៅវៀតណាមឆ្នាំ២០២១។


ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តសាស្ត្រ ក្រោយរង់ចាំ៦៤ឆ្នាំ នឹងចាប់ផ្តើមការប្រកួតផ្លូវការចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៧ ខែឧសភា។
  


តាមការបង្អោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន FFC បានសរសេរដូច្នេះថា៖«ការចាប់ឆ្នោតវគ្គចែកពូលនៃការប្រកួតកីឡាស៊ីហ្គេម ២០២៣ សម្រាប់វិញ្ញសារបាល់ទាត់បុរស និងនាទី នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមេសា នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។»។​ កម្មវិធីនៃការចាប់ឆ្នោតវគ្គចែកពូលនេះនឹងត្រូវធ្វើឡើងនៅវេលាម៉ោង ៣ រសៀល។ 
 
បើតាមរូបមន្តនៃការចាប់ឆ្នោតវគ្គចែកពូលប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមនាពេលកន្លងមក ក្រុមទាំងអស់នឹងត្រូវបែកចែកចេញពី ២ពូល ដោយក្នុងមួយពូលមានចំនួន៥ក្រុម។ ក្រុមដែលទទួលបានចំណាត់ថ្នាក់ពី លេខ១ និងលេខ២ នៃវគ្គចែកពូល បានកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
ស៊ីហ្គេម ២០២៣ វិញ្ញាសាបាល់ទាត់ មានតែប្រទេសចំនួន៩ប៉ុណ្ណោះ នឹងប្រជែងមេដាយជាមួយកម្ពុជា ដោយព្រុយណេមិនបានបញ្ជូនអត្តលិកសម្រាប់ការប្រកួតកីឡាបាល់ទាត់នេះឡើយ។ ក្រុមតំណាងប្រទេសទាំង១០នោះរួមមានម្ចាស់ផ្ទះកម្ពុជា, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ម្ចាស់ការពារជើងឯកថៃ, ទីម័រខាងកើត និងវៀតណាម។
 
​សម្រាប់វិញ្ញសារបាល់ទាត់នៅព្រឹត្តិការណ៍ស៊ីហ្គេម ​នឹងត្រូវប្រកួតមុនប្រភេទកីឡាដទៃ​ទៀត ពោលនឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី១៦ ឧសភា។ កីឡដ្ឋានដែលត្រូវរ៉ាប់រងការប្រកួតបាល់ទាត់រួមមាន កីឡដ្ឋានអូឡាំពិក, កីឡដ្ឋានព្រីនស៍, កីឡដ្ឋានស្តាតចាស់ និងកីឡដ្ឋាន RSN។
 
ប្រវត្តិនៃវិញ្ញាសារបាល់ទាត់ក្នុងកីឡាស៊ីហ្គេមនេះ​ ចាប់ផ្តើមដំបូងតាំងពីឆ្នាំ ១៩៥៩ មក ហើយសម្រាប់ផ្នែកនារីវិញត្រូវបានដាក់បញ្ចូលក្នុងឆ្នាំ ១៩៨៥។ 
 
ចាប់តាំងពីការប្រកួតពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៥ នៃកីឡាស៊ីហ្គេមនេះ ការកំណត់អាយុសម្រាប់ចូលរួមប្រកួតត្រូវបានកម្រិតអាយុក្រោយ ២៣ឆ្នាំ ដោយក្នុងនោះបូករួមកីឡាករលើសអាយុចំនួន ៣នាក់។
 
ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១៧ មក ការកំណត់អាយុសម្រាប់ក្រុមបាល់ទាត់បុរស កំណត់ត្រឹមអាយុក្រោម ២២ឆ្នាំ ហើយការប្រកួតនៅឆ្នាំ ២០១៩ កីឡាករលើសអាយុចំនួន ២នាក់តម្រូវឱ្យបូកបន្ថែមក្នុងក្រុម។ ដោយឡែក នៅកម្ពុជាឆ្នាំ២០២៣ មិនអនុញ្ញាតឱ្យមានកីឡាករលើសអាយុចូលរួមឡើយ។
 
សម្រាប់វិញ្ញាសារបាល់ទាត់ ប្រទេសវៀតណាម និងថៃ ជាក្រុមដែលឈ្នះមេដាយមាសទាំងផ្នែកបុរស និងនារីច្រើនជាងគេនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម៕
 

Tag:
 ស៊ីហ្គេម២០២៣
  Cambodia2023
© រក្សាសិទ្ធិដោយ thmeythmey.com