ជាតិ
សេដ្ឋកិច្ច
របាយការណ៍៖ អ្នក​ខ្ចីប្រាក់ភាគច្រើន​ជា​ស្ត្រី លើកលែងភ្នំពេញ និងរតនគិរី ដែល​បុរស​ចេញមុខខ្ចី​ច្រើនជាងស្រ្តី
30, Mar 2023 , 6:59 pm        
រូបភាព
ដោយ: រួបរួម
របាយការណ៍​ស្តីពី​ស្ថានភាពស្ថានភាព​ឥណទាន​នៅ​កម្ពុជា​សម្រាប់ឆ្នាំ២០២២ ដែលចេញ​ផ្សាយដោយ​ក្រុម​ហ៊ុនក្រេឌីតប្យួរ៉ូ ខេមបូឌា (CBC) បង្ហាញថា ក្នុងចំណោម​អ្នក​ខ្ចី​ប្រាក់ជាង៤,​៨លាននាក់ទូទាំង​ប្រទេស អ្នក​ខ្ចីជាស្ត្រី មាន​លើស​៥០ភាគរយ នៅ​ស្ទើរគ្រប់បណ្តាខេត្ត លើកលែងតែរាជធានីភ្នំពេញ និង​ខេត្ត​រតនគិរី​ប៉ុណ្ណោះ ដែល​តួលេខ​ជាខ្ចីជា​បុរស មាន​ចំនួន​ច្រើនជាង។


របាយការណ៍របស់ CBC ផ្អែក​លើ​ទិន្នន័យ​ដែល​ទទួលបាន​ពី​សមាជិករបស់ខ្លួន​ចំនួន១៨៥ស្ថាប័ន ដោយរួម​បញ្ចូល​ទាំង​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ ក្រុមហ៊ុន​ភតិ​សន្យា និង​គ្រឹះស្ថានឥណទានជន​បទ។ ទឹក​ប្រាក់ដែល​ពលរដ្ឋប្រមាណ ៤,៨លាននាក់ទូទាំង​២៥រាជធានី-ខេត្ត បាន​ខ្ចី មាន​ចំនួន១៩៥ ៤៣៩ ២៣៤លានរៀល (៤៨ពាន់លានដុល្លារអាម៉េរិក)។
 
ពាក់ព័ន្ធ​នឹងស្ថានភាពឥណទានតាម​រាជធានី-ខេត្តនៅទូទាំ​ងប្រទេសកម្ពុជា CBC ពិនិត្យ​ឃើញ​អត្រា​នៃ​ការ​ប្រើ​ប្រាស់សេវាឥណទាន​ជាលក្ខណៈបុគ្គល ដែលភាគច្រើនជាស្ត្រី សម្រាប់​តម្រូវ​ការ​បង់រំលោះលើសម្ភារប្រើប្រាស់ អាជីវកម្ម​ខ្នាតតូច កសិកម្ម ទិញផ្ទះ និង​បណ្ឌឥណទាន។
 
ខេត្ត​ដែលមានភាគរយ​អ្នក​ប្រើ​ប្រាស់​ឥណទានជាស្ត្រី​ច្រើនជាងគេ គឺពោធិ៍សាត់ (៥៤,៨ភាគរយ) បន្ទាប់មក មាន តាកែវ (៥៤,៧ភាគរយ), កំពង់ស្ពឺ (៥៤,៦ភាគរយ), កំពង់ចាម (៥៤,៥ភាគរយ) និង​កំពង់ឆ្នាំង (៥៤,៤ភាគរយ)។ បណ្តាខេត្ត​ផ្សេងទៀត មានភាគរយ​អ្នកប្រើ​ប្រាស់ឥណទានជាស្ត្រី ពី៥១ ទៅជាង​៥៣ភាគរយ ដោយ​លើកលែង​តែរាជធានីភ្នំពេញ ដែលមាន​ត្រឹម៤៨,៦ភាគរយ និង​រតនគិរី មាន៤៩,៧ភាគរយ។
 
គ្រប់ក្រុង-ស្រុក នៅ​ចំនួន​១៩ខេត្ត សុទ្ធតែ​មាន​ចំនួន​ស្ត្រីជាង​៥០ភាគរយជាអ្នក​ប្រើ​ប្រាស់ឥណទាន។ នៅបន្ទាយមានជ័យ មានតែក្រុងប៉ោយ​ប៉ែត មាន​បុរស និង​ស្ត្រី ៥០ភាគរយ​ដូចគ្នា។ នៅមណ្ឌល​គិរី អ្នក​ខ្ចី​៥០ភាគរយ​ស្មើគ្នានៅក្រុងសែនមនោរម្យ និងបុរសមាន​៥១ភាគរយនៅ​ស្រុកអូររាំង។
 
នៅរាជធានីភ្នំពេញ បុរស​-ស្ត្រី មាន៥០ភាគរយ​ដូចគ្នា​លើ​ការ​ប្រើ​ប្រាស់​សេវាឥណទាន​នៅ​ខណ្ឌព្រែកព្នៅ រីឯខណ្ឌផ្សេងទៀត ចំនួន​បុរស​ដែលខ្ចីលុយ​មាន​ច្រើន​ជាង​ស្ត្រី ដោយលើកលែងតែខណ្ឌកំពូល និងពោធិ៍សែនជ័យ ប៉ុណ្ណោះ ដែលចំនួន​ស្ត្រីមាន​៥២ភាគរយ។
 
នៅរតនគិរី អត្រាអ្នក​កម្ចីមាន​៥០ភាគរយស្មើគ្នា​នៅ​ស្រុកកូនមុំ ក្រុងបានលុង និង​លំផាត់។ ស្រ្តីមាន​ចំនួន​ច្រើននៅ​បរកែវ ខណៈ៥ស្រុក​ផ្សេងទៀត មាន​អ្នកខ្ចីជាង​បុរស​ច្រើនជាង។ ក្នុង​ខេត្តព្រះសីហនុ ក្នុងចំណោម​៥ក្រុង-ស្រុក ក្រុងកោះរ៉ុង និងក្រុងព្រះសីហនុ មានអត្រាបុរស​ច្រើនជាងស្ត្រី ដូចជានៅស្រុកសៀមប៉ាង​ ខេត្តស្ទឹងត្រែង​យ៉ាងដូច្នោះដែរ។
 
តាម​របាយការណ៍ដដែល ខេត្ត​ចំនួន​១៦ រួមមាន បន្ទាយមានជ័យ ​បាត់ដំបង កំពង់ចាម កោះកុង ក្រចេះ មណ្ឌលគិរី ព្រះវិហារ រតនគិរី សៀមរាប ព្រះសីហនុ ស្ទឹងត្រែង ស្វាយ​រៀង ឧត្តរមានជ័យ កែប ប៉ៃលិន និងត្បូងឃ្មុំ ប្រើប្រាស់សេវាឥណទាន​ធនាគារ ច្រើនជាងគ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ផ្សេងទៀត។
 
រីឯអ្នកនៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កណ្តាល ព្រៃវែង និង​តាកែវ ប្រើ​ប្រាស់សេវាឥណទានមីក្រូហិរញ្ញ​វត្ថុ ច្រើន​ជាងធនាគារ និង​សេវា​ផ្សេងទៀត ខណៈ​ខេត្តពោធិ៍សាត់ ប្រើប្រាស់​សេវាឥណទាន​ធនាគារ និងមីក្រូហិរញ្ញ​វត្ថុចំនួន​១២​ស្មើគ្នា។ ក្រុម​ហ៊ុនភតិសន្យា និងគ្រឹះស្ថាន​ឥណទានជនបទ ជាសេវាឥណទាន​ផ្សេងទៀតដែលពលរដ្ឋ បាន​ខ្ចីប្រាក់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com