អន្តរជាតិ
នាយករដ្ឋមន្រ្តីសិង្ហបុរី ព្រមានថា រាល់ការប៉ះទង្គិចរវាងចិន និងអាម៉េរិក នឹងបង្កផលវិបាកធ្ងន់ធ្ងរ
30, Mar 2023 , 8:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង នៅក្នុងវេទិកា Boao Forum for Asia នៅថ្ងៃទី៣០ ខែមីនា។ រូបភាព ការិយាល័យនាយករដ្ឋមន្រ្តីសិង្ហបុរី
នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង នៅក្នុងវេទិកា Boao Forum for Asia នៅថ្ងៃទី៣០ ខែមីនា។ រូបភាព ការិយាល័យនាយករដ្ឋមន្រ្តីសិង្ហបុរី
រាល់ការប៉ះទង្គិចរវាងអាម៉េរិក និងចិន នឹងផ្តល់ផលវិបាកធ្ងន់ធ្ងរចំពោះប្រទេសទាំងពីរ និងពិភពលោក។ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង បានព្រមានបែបនេះ នៅក្នុងវេទិកា Boao Forum for Asia ក្នុងថ្ងៃទី៣០ ខែមីនា។ បើតាមមេដឹកនាំសិង្ហបុរី រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង កំពុងមានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន។
 
ពីវេទិកា Boao Forum for Asia ក្នុងខេត្ត Hainan របស់ចិន លោកលី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី ក្នុងដំណើរទស្សនកិច្ចនៅចិនថ្ងៃទី៤ បានព្រមានពីការប៉ះទង្គិចរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ នៅក្នុងពេលណាមួយ ស្របពេលចិន និងអាម៉េរិក កំពុងមានបញ្ហាចម្រូងចម្រាសជាមួយគ្នាជាច្រើនស្រាប់។ 
 
«ក្តីបារម្ភភាគច្រើន គឺស្ថានភាពទំនាក់ទំនងរវាងអាម៉េរិក និងចិន។ មហាអំណាចទាំងពីរ មានការទទួលខុសត្រូវដ៏ធ្ងន់ ដើម្បីរក្សាទំនាក់ទំនងប្រកបដោយស្ថិរភាព និងធ្វើការជាមួយគ្នាបាន»។ លោកលី បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៣០ ខែមីនា ដោយបន្តថា រាល់ការប៉ះទង្គិចរវាងប្រទេសទាំងពីរ នឹងបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរសម្រាប់ពួកគេ និងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។ 
 
បើតាមប្រមុខរដ្ឋាភិបាលសិង្ហបុរី ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ កំពុងមានបញ្ហាខ្វែងគំនិតគ្នាជាច្រើន ដូចជា ពាណិជ្ជកម្ម និងការវិនិយោគ, ច្រវាក់ផលិតកម្ម, សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងសេរីភាពនៃការធ្វើនាវាចរណ៍ជាច្រើន។ 
 
កន្លងមក អាម៉េរិក តែប្រើហេតុផលនៃសេរីភាពនៃនាវាចរណ៍ ដើម្បីប្រតិបត្តិនាវារបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ជាដើម។ 
 
ដោយមើលឃើញបញ្ហាដ៏ច្រើនបែបនេះ លោកលី បានជំរុញឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំងរក្សាស្ថិរភាពនៅក្នុងទំនាក់ទំនងទ្វេភាគី និងបង្កើតទំនុកចិត្តទៅវិញទៅមក រួមទាំងគោរពលើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍រួម។ 
 
ក្រៅពីបញ្ហាចិន និងអាម៉េរិក មេដឹកនាំសិង្ហបុរីរូបនេះ បានយល់ឃើញថា អាស៊ី ជាតំបន់ដែលផ្តល់ក្តីសង្ឃឹមដ៏ធំ ហើយវា គឺចាំបាច់សម្រាប់ប្រទេសនៅក្នុងតំបន់មួយនេះ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃ។ ត្រង់ចំណុចនេះ លោកលី បានបង្ហាញថា អាស៊ី មិនត្រឹមតែមានប្រជាជនច្រើនប៉ុណ្ណោះទេ ប៉ុន្តែប្រជាជនអាស៊ី កាន់តែមានការអប់រំល្អ មានគំនិត និងភាពស្វាហាប់។ 
 
យ៉ាងណាក៏ដោយ នាយករដ្ឋមន្រ្តីសិង្ហបុរី បានអះអាងថា តំបន់មួយនេះ ក៏រងឥទ្ធិពលអវិជ្ជមានផងដែរ ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន ជំងឺឆ្លងសកល ក៏ដូចជាភាពចម្រូងចម្រាសរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង៕
 

Tag:
 សិង្ហបុរី
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com