ជាតិ
រដ្ឋ ខាតបង់លុយ៥០ម៉ឺនដុល្លារ ក្នុងមួយខែ លើការបង់ថ្លៃសំរាមឱ្យក្រុមហ៊ុន
31, Mar 2023 , 8:59 am        
រូបភាព
រូបភាព៖ ក្រុមហ៊ុន ស៊ិនទ្រី
រូបភាព៖ ក្រុមហ៊ុន ស៊ិនទ្រី
ដោយ:
រដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកទទួលបន្ទុកក្នុងការចចារ និងចុះកុងត្រាជាមួយក្រុមហ៊ុនប្រមូលសំរាម។ បច្ចុប្បន្នសាលាក្រុងភ្នំពេញត្រូវបង់ថ្លៃសំរាម ១៨០០០០០ដុល្លារអាម៉េរិក ក្នុងមួយខែ​ ។ រដ្ឋខាត៥០ម៉ឺនដុល្លារ លើការបង់ថ្លៃសំរាមឱ្យក្រុមហ៊ុន។


លោក ង៉ែត បុល បានលើកឡើងថា ក្រសួងបរិស្ថាន បានផ្ទេរមុខងារគ្រប់គ្រងការប្រមូលសំរាម និងបោសសម្អាតសំរាម ឱ្យទៅអាជ្ញាធរក្រុងស្រុកខណ្ឌ ជាអ្នកទទួលខុសត្រូវដោយផ្ទាល់។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកទទួលបន្ទុកជ្រើសរើស និងស្វែងរកដៃគូក្រុមហ៊ុនប្រមូលសំរាម បានចុះកុងត្រាជាមួយក្រុមហ៊ុនប្រមូលសំរាមឯកជនទាំងនោះ។
  
លោក ង៉ែត បុល អនុប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹងនៃក្រសួងបរិស្ថាន

បច្ចុប្បន្នសាលាក្រុង មានក្រុមហ៊ុនដៃគូប្រមូលសំរាមចំនួន៣ រួមមាន ក្រុមហ៊ុន Cintri,ក្រុមហ៊ុន 800 SUPER/GAEA និង​ក្រុមហ៊ុន Mizuda Group Co.,Ltd ។​ លោក ង៉ែត បុល លើកឡើងបែបនេះ រួចបន្តថា ក្រុមហ៊ុនទាំង ៣នេះ នឹងជួយប្រមូលសំរាមឱ្យមានប្រសិទ្ធភាព និងកាន់តែល្អប្រសើរជាងមុន។
 
ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពី “ការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ” នៅថ្ងៃទី២៩ ខែមីនា អនុប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹងនៃក្រសួងបរិស្ថាន បានបញ្ជាក់ថា៖ «ក្នុងការប្រមូលសំរាម រដ្ឋបាលរាជធានីភ្នំពេញអ្នកចំណាយឱ្យទៅក្រុមហ៊ុន ហើយពលរដ្ឋជាអ្នកបង់ថ្លៃសំរាមឱ្យទៅរដ្ឋបាលរាជធានីភ្នំពេញ។ បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានទទួលប្រាក់ពីពលរដ្ឋបង់ថ្លៃសំរាមក្នុងមួយខែបាន ៨០ម៉ឺនដុល្លារអាម៉េរិក ហើយត្រូវបង់ទៅក្រុមហ៊ុនសំរាម ១២០០០០០ដុល្លារ ក្នុងមួយខែ ខាតអស់ ៤០ម៉ឺនដុល្លារ»។
 
ជុំវិញបញ្ហាសំរាមនេះ លោក ង៉ែត បុល បានបន្ថែមថា សំរាមកើតចេញពីតំបន់ឧស្សាហ៍កម្ម និងការប្រើប្រាស់របស់ពលរដ្ឋប្រចាំថ្ងៃ។ លោកបន្តថា ការគ្រប់គ្រងសំរាមពីតំបន់ឧស្សាហកម្ម នៅតែជាកាតព្វកិច្ចរបស់ក្រសួងបរិស្ថាន តែសំរាមនៅតាមទីប្រជុំជន ដែលពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃគឺ ជាការទទួលខុសត្រូវរបស់រដ្ឋបាលរាជធានីភ្នំពេញ។
 
មន្រ្តីជំនាញនៃរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី៣០ ខែមីនា ថា ថវិកាដែលរដ្ឋត្រូវបង់ថ្លៃសំរាមឱ្យក្រុមហ៊ុនប្រមូលសំរាមប្រមាណ ១៨០០០០០ដុល្លារ ក្នុងមួយខែ។ ប៉ុន្តែប្រមូលពីប្រជាពលរដ្ឋបង់ថ្លៃសេវាសំរាមបានប្រមាណ ១៣០០០០០ដុល្លារប៉ុណ្ណោះ ដោយរដ្ឋត្រូវខាតអស់ប្រមាណ ៥០ម៉ឺនដុល្លារ ក្នុងមួយខែ។
 
បើតាមមន្ត្រីរូបនេះ ការខ្វះខាតនៃការបង់ថ្លៃសំរាមមិនគ្រប់​ ដោយសាររដ្ឋ តម្រូវឱ្យ​ប្រជាពលរដ្ឋបង់ថ្លៃសំរាមដោយស្ម័គ្រចិត្ត។ លោកបានបញ្ជាក់ថា៖«រដ្ឋមានកញ្ចប់ថវិកាជូនសាលាក្រុង»។
 
ជាមួយគ្នានេះ មន្រ្តីជំនាញនៃរដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ចូលរួមក្នុងការទុកដាក់សំរាម ,ញែកសំរាមសើម និងសំរាមស្ងួតឱ្យបានត្រឹមត្រូវ និងបញ្ចេញសំរាមតាមម៉ោង ដែលអាជ្ញាធរបានកំណត់។ លោក បានបន្ថែមថា នៅរាជធានីភ្នំពេញមាន ៥ខណ្ឌ រួមមាន ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌចំការមន ខណ្ឌបឹងកេងកង និងខណ្ឌទួលគោក ដែលត្រូវបញ្ចេញសំរាមចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង៩យប់ ដោយក្រុមហ៊ុន ត្រូវប្រមូលសំរាមពីម៉ោង ៩យប់ រហូតដល់ម៉ោង ៥ភ្លឺ។ ចំណែក ៩ខណ្ឌផ្សេងទៀត ត្រូវបញ្ចេញតាមម៉ោងក្រុមហ៊ុន និងអាជ្ញាធរបានកំណត់។ លើសពីនេះ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋជួយបង់ថ្លៃសំរាមជារៀងរាល់ខែផងដែរ។
 
លោក នេត្រ ភត្រា្ត អ្នកនាំពាក្យក្រសួងបរិស្ថាន បានផ្ដល់បទសម្ភាសនៅក្នុងពិធីបើកសន្និបាតសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២កន្លងមកថា ក្នុងមួយឆ្នាំ ប្រជាពលរដ្ឋកម្ពុជា បានបង្កើតសំរាមជាង ៤លានតោន ក្នុងនោះ មានសំណល់រឹង ចន្លោះពី១០ភាគរយ ទៅ ១៥ភាគរយ។ ដោយឡែកក្នុងមួយថ្ងៃ កម្ពុជា បង្កើតសំរាមជាង ១ម៉ឺនតោន៕
 
 
 

Tag:
 សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com