អន្តរជាតិ
អតីតប្រធានាធិបតីតៃវ៉ាន់ថា តៃវ៉ាន់ និងចិនត្រូវតែធ្វើគ្រប់យ៉ាងដើម្បីបញ្ចៀសសង្គ្រាម
31, Mar 2023 , 10:07 am        
រូបភាព
លោក Ma Ying-jeou  អតីតប្រធានាធិបតីតៃវ៉ាន់។ រូបភាព AFP
លោក Ma Ying-jeou អតីតប្រធានាធិបតីតៃវ៉ាន់។ រូបភាព AFP
អតីតប្រធានាធិបតីតៃវ៉ាន់ Ma Ying-jeou នៅថ្ងៃទី៣០ ខែមីនា បានប្រាប់មន្ត្រីជាន់ខ្ពស់ចិនថា តៃវ៉ាន់ និងចិនត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីបញ្ចៀសសង្រ្គាមរវាងភាគីទាំងពីរ។ លើសពីនេះលោកបានសង្កត់ថានេះជាទំនួលខុសត្រូវរបស់មេដឹកនាំភាគីទាំងពីរក្នុងការធានាសន្តិភាពក្នុងតំបន់។
 
អតីតប្រធានាធិបតីតៃវ៉ាន់លោក Ma Ying-jeou បានធ្វើដំណើរទស្សនកិច្ចនៅចិនតាំងពីថ្ងៃទី២៧​​ ខែមីនា។​ ដំណើរទស្សនកិច្ចនេះ ជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់អតីតប្រធានាធិបតីតៃវ៉ាន់ទៅប្រទេសចិនចាប់តាំងពីសង្រ្គាមស៊ីវិលក្នុងឆ្នាំ១៩៤៩មក។ 
 
ជួបជាមួយលោក Song Tao ប្រធានការិយាល័យកិច្ចការតៃវ៉ាន់របស់ចិននៅទីក្រុង វូហាន លោក Ma បានលើកឡើងថា ការរក្សាបាននូវការអភិវឌ្ឍប្រកបដោយសន្តិភាព និងស្ថិរភាពនៃទំនាក់ទំនងរវាងភាគីចិននឹងតៃវ៉ាន់ គឺជាទិដ្ឋភាពទូទៅដែលសង្គមតៃវ៉ាន់ចង់បាន។
 
អតីតប្រធានាធិបតីតៃវ៉ាន់ដដែលបានបន្ដថា នេះជាទំនួលខុសត្រូវទូទៅរបស់ភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ក្នុងការខិតខំរក្សាសន្តិភាពក្នុងតំបន់។ នេះបើតាមការស្រង់សម្ដីលោក Ma របស់ការិយាល័យលោកនៅទីក្រុងតៃប៉ិ។
 
«ភាគីទាំងពីរត្រូវតែរក្សាការផ្លាស់ប្តូរ សហប្រតិបត្តិការជាមួយគ្នា និងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបញ្ចៀសសង្គ្រាម និងជម្លោះ»។ លោក Ma បានលើកឡើងបែបនេះ។ 
 
តាមចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua លោក Song បានប្រាប់លោក Ma ថាប្រជាជននៅចិន និងតៃវ៉ាន់គួរតែប្រឆាំងដាច់ខាតចំពោះសកម្មភាពផ្តាច់ខ្លួនឯករាជ្យរបស់តៃវ៉ាន់ និងការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ ហើយរួមគ្នាការពារសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់។
 
គួរបញ្ជាក់ថា លោក Ma កំពុងតែបំពេញទស្សនកិច្ចនៅចិន ស្របពេលដែលភាពតានតឹងរវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំងកាន់តែឡើងកម្ដៅ ដ្បិតចិនបានបង្កើនសម្ពាធផ្នែកយោធា និងការទូតដើម្បីព្យាយាម និងបង្ខំតៃវ៉ាន់ឱ្យទទួលយកអធិបតេយ្យភាពរបស់ចិន។
 
អតីតប្រធានាធិបតីតៃវ៉ាន់លោក Ma ដែលបានឡើងកាន់អំណាចពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៦ ធ្លាប់បានជួបប្រធានាធិបតីចិនលោក ស៊ី ជិនភីង នៅប្រទេសសិង្ហបុរី នៅចុងឆ្នាំ ២០១៥ កន្លងទៅ មុនពេលប្រធានាធិបតីតៃវ៉ាន់បច្ចុប្បន្នលោកស្រី Tsai Ing-wen បានជាប់ឆ្នោតជាប្រធានាធិបតីថ្មី៕
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com