កីឡាអន្តរជាតិ
អន្តរជាតិ
កំណត់ត្រាដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ៥ ធ្វើឡើងដោយ Haaland
01, Apr 2023 , 8:39 am        
រូបភាព
ការបង្ហាញខ្លួនដ៏អស្ចារ្យដំបូងបង្អស់របស់ Erling Haaland មុនពេលឈានដល់ភាពល្បីល្បាញយ៉ាងឆាប់រហ័ស ក្នុងវិស័យបាល់ទាត់ត្រឹមវ័យក្មេង ដោយរូបគេបានស៊ុតបាល់បញ្ចូលទីដល់ទៅ ៩គ្រាប់ ក្នុងការប្រកួតឱ្យក្រុមន័រវែសអាយុក្រោម ២០ឆ្នាំ ទល់ក្រុមហុងឌូរ៉ាស នៃពានរង្វាន់ U20 FIFA World Cup។ តាំងពីពេលនោះមករូបគេ បានបង្ហាញពីសក្ដានុពល ក្លាយជាកីឡាករដ៏អស្ចារ្យមួយ នៃបាល់ទាត់ជំនាន់ថ្មី។


ប្រកបអាជីពនៅក្នុងក្រុម Manchester City កីឡាករវ័យ ២២ឆ្នាំ ធ្លាប់បានលេងឱ្យក្រុម RB Salzburg, Borussia Dortmund និងបានបន្តវិវត្តន៍ខ្លួនយ៉ាងល្អក្នុងអាជីពបាល់ទាត់នេះ។ រូបគេក៏ជាកីឡាករវ័យក្មេងបំផុត ដែលធ្វើបានកំណត់ត្រាជាច្រើនសឹងមិនគួរឱ្យជឿ។ បច្ចុប្បន្នអាចនិយាយថា Haaland ជាខ្សែប្រយុទ្ធដ៏កំពូលម្នាក់ ក្នុងការសម្រេចសំណាញ់ទីគូប្រកួតទាំងនៅក្លិប និងក្រុមជម្រើសជាតិ។
  


ទើបតែចាប់ផ្តើមរដូវកាលដំបូងជាមួយក្រុមមេឃខៀវ Haaland បំបែកកំណត់ត្រាជាច្រើនរួចទៅហើយ ក្នុងនាមជាកីឡាករដែលស៊ុតបាល់បញ្ជូលទីច្រើនជាងគេនៅក្របខណ្ឌ Premier League ក្នុងរដូវកាលនេះ។ កីឡាករ Ruud Van Nistelrooy និង Mohamed Salah ជាអ្នកកំពុងរក្សាកំណត់ត្រារកបាន ៤៤គ្រាប់ ក្នុងមួយរដូវកាល។ ខណៈរដូវកាល ២០២២-២៣ មិនទាន់បញ្ចប់ តែ Haaland រកបានចំនួន ៤២គ្រាប់រួចស្រេចទៅហើយ និងទន្ទឹងរង់ចាំការបំបែកកំណត់ត្រានេះ។
 
ខាងក្រោមនេះជាកំណត់ត្រាដ៏គួរឱ្យចាប់អារម្មណ៍បំផុត ដែលកីឡាករសញ្ជាតិន័រវែសរូបនេះធ្វើបាន៖
១. កីឡាករដែលរកបានគ្រាប់បាល់ច្រើនបំផុតប្រចាំមួយរដូវកាលក្នុងប្រវត្តិសាស្ត្រ Man City
Haaland កសាងឈ្មោះរបស់គេយ៉ាងឆាប់រហ័សនៅ Man City បើទោះបីជាមានវ័យក្មេងត្រឹម ២២ឆ្នាំ និងជារដូវកាលដំបូង។ រូបគេបានក្លាយជាកីឡាករកាន់តំណែងកំណត់ត្រា ស៊ុតរកគ្រាប់បាល់ច្រើនជាងគេ ក្នុងមួយរដូវកាល សម្រាប់ក្រុម Man City។
 
គិតត្រឹមពេលនេះកីឡាករវ័យ ២២ឆ្នាំ រកបាន ៤២គ្រាប់រដូវកាលនេះ ដោយចំនួន ២៨គ្រាប់នៅក្នុង Premier League។ ចំណែកនៅក្របខណ្ឌ Champions League វិញ កីឡាករដដែលរូបនេះ រកបាន ១០គ្រាប់ និងនៅពានរង្វាន់ផ្សេងទៀតរបស់អង់គ្លេសចំនួន ៤គ្រាប់។



២. កីឡាកររកបាន ២០គ្រាប់ក្នុង Premier League លឿនបំផុត 
កាលពីខែធ្នូ ឆ្នាំ ២០២២ Haaland ស៊ុតបាល់បញ្ចូលទីលើក្រុម Leeds United ហើយរកបានគ្រាប់បាល់ទី ២០ក្នុងរដូវកាលដំបូងជាមួយ Man City និងបំបែកកំណត់ត្រាជាកីឡាកររកគ្រាប់បាល់លឿនបំផុត ក្នុងក្របខណ្ឌ Premier League ។
 
ដើម្បីរកបាន ២០គ្រាប់ Haaland ប្រើពេលត្រឹម ១៤ប្រកួតប៉ុណ្ណោះ ដោយបានបំបែកកំណត់ត្រារបស់ Kevin Phillips ដែលរកបាន ២០គ្រាប់ពីការបង្ហាញខ្លួន ២១ប្រកួត។
 
៣.កីឡាករស៊ុតចូល ៥គ្រាប់មួយប្រកួតលឿនបំផុតនៅ Champions league
ការស៊ុតបញ្ចូលទី ៥គ្រាប់ក្នុងមួយប្រកួត មិនមែនបង្ហាញពីភាពជោគជ័យក្នុងបាល់ទាត់ឡើយ។ តែយ៉ាងណាការធ្វើបានរឿងនេះនៅក្នុងការប្រកួត Champions League គឺជារឿងមួយដ៏លំបាកបំផុត។ មកដល់ពេលនេះ មានកីឡាករត្រឹម ៣នាក់ប៉ុណ្ណោះ ធ្វើបានកំណត់ត្រាមួយនេះ ហើយ Haaland ជាម្នាក់ស្ថិតក្នុងចំណោមនោះ។
 
ការប្រកួតជើងទីពីរ Champions League ក្រុម Man City បំបាក់ Leipzig លទ្ធផល ៧-០ ហើយ Haaland ស៊ុតបាល់បញ្ចូលទីចំនួន ៥គ្រាប់ប្រើពេលត្រឹមតែ ៥៧នាទី។ ពេលវេលាដ៏លឿនមួយនេះបានធ្វើឱ្យ Haaland បំបែកកំណត់ត្រាលោក Luiz Adriano ធ្វើបានថេរវេលា ៨២នាទី និង Lionel Messi ធ្វើបានពេញមួយប្រកួតតែម្តង។
  


៤. កីឡាករវ័យក្មេងជាងគេដែលរកបាន ២០គ្រាប់នៅ Champions League
Haaland ចាប់ផ្តើមការប្រកួត Champions League លើកដំបូងជាមួយរឿងរ៉ាវគួរឱ្យភ្ញាក់ផ្អើល ចាប់តាំងពីលេងជាមួយក្រុម RB Salzburg មក។ កីឡាករវ័យក្មេងរូបនេះ រកបាន ២០គ្រាប់នៅ Champions League ត្រឹមការបង្ហាញខ្លួនចំនួន ១៤ប្រកួតតែប៉ុណ្ណោះ ។ រូបគេបានក្លាយជាកីឡាករដែលរកបាន ២០គ្រាប់នេះលឿនបំផុត។
 
រកបាន ២០គ្រាប់នៅ Champions League កីឡាករ Haaland កាលនោះមានវ័យ ២០ឆ្នាំ និង ២៣១ថ្ងៃ ហើយបំបែកកំណត់ត្រារបស់ Kylian Mbappe ដែលធ្វើបានត្រឹមវ័យ ២១ឆ្នាំ និង ៣៥៥ថ្ងៃ។
 
៥. គ្រាប់បាល់ក្នុងទឹកដីច្រើនបំផុតប្រចាំរដូវកាលនៅក្នុង Premier League
Haaland មកដល់ទឹកដីអង់គ្លេសនៃក្របខណ្ឌ Premier League ជាមួយកេរ្តិ៍ឈ្មោះដ៏អស្ចារ្យ បន្ទាប់ពីជោគជ័យនៅប្រទេសអាល្លឺម៉ង់រួចមក។ ខ្សែប្រយុទ្ធរូបនេះ បានមកដល់ក្លិបដែលជាទីកន្លែងឪពុកគេធ្លាប់ប្រកបអាជីព ហើយគ្រាន់តែមកដល់ភ្លាមក្នុងការប្រកួតដំបូង រូបគេស៊ុតបាល់បញ្ចូលទីភ្លាមតែម្តង។
 
ចំណោម ២៨គ្រាប់រកបាននៅ Premier League គឺមាន១៨គ្រាប់ ជាការស៊ុតបាល់បញ្ចូលទីក្នុងទឹកដី ដោយ Haaland ប្រើពេលត្រឹម ១១ប្រកួត ដើម្បីសម្រេចបានកំណត់ត្រានេះ ដោយបំបែកកំណត់ត្រា Sergio Aguero ដែលលេង ១១ប្រកួតក្នុងទឹកដីរកបាន ១៦គ្រាប់៕


 

Tag:
 Erling Haaland
© រក្សាសិទ្ធិដោយ thmeythmey.com