សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
Elon Musk និងអ្នក​ជំនាញបច្ចេកវិជ្ជា​​អំពាវនាវ​ឱ្យ​បញ្ចប់​ការ​ប្រណាំងប្រជែង AI
01, Apr 2023 , 9:39 pm        
រូបភាព
មហាសេដ្ឋី Elon Musk និងក្រុមអ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត (AI) រាប់ពាន់នាក់ បានអំពាវនាវឱ្យមានការផ្អាករយៈពេលប្រាំមួយខែ បន្ទាប់ពីក្រុមហ៊ុនអាម៉េរិក OpenAI បានប្រកាស GPT-4 ដែលជាកំណែបច្ចេកវិទ្យាដ៏មានឥទ្ធិពលជាងនៅពីក្រោយ ChatGPT ដែលកំពុងធ្វើឱ្យពិភពលោកមានព្យុះផ្គរនៅក្នុងវិស័យបច្ចេកវិទ្យា។

 
បើតាម ​​CNN  បណ្តាក្រុមហ៊ុនធំៗមួយចំនួននៅក្នុងវិស័យបច្ចេកវិទ្យាកំពុងអំពាវនាវដល់មន្ទីរពិសោធន៍បញ្ញាសិប្បនិមិត្ត (AI) ឱ្យបញ្ឈប់ការបណ្តុះបណ្តាលប្រព័ន្ធ AI ដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកយ៉ាងហោចណាស់ ៦ខែ ដើម្បីជៀសវាងបញ្ហាដែលអាចកើតមានដែលជាហានិភ័យ និងជះឥទ្ធិពលដល់សង្គម និងមនុស្សជាតិ។
 
មហាសេដ្ឋី Elon Musk ស្ថិតក្នុងចំណោមអ្នកដឹកនាំបច្ចេកវិទ្យាជាង ១១០០នាក់ ដែលរួមមាន សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវដែលបានចុះហត្ថលេខាលើញត្តិដែលបានបង្ហោះកាលពីថ្ងៃទី ២៩ ខែមីនា ដោយវិទ្យាស្ថាន Future of Life ។ នេះគឺជាអង្គការមិនរកប្រាក់ចំណេញដែលគាំទ្រដោយ Musk រួមសហការជាមួយលោក Max Tegmark ជាអ្នកស្រាវជ្រាវ AI នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts។
 
ការចូលរួមក្នុងញត្តិនោះក៏មានសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ AI លំដាប់កំពូលៗដូចជា Stuart Russell និង Yoshua Bengio សហស្ថាបនិក Apple, Pinterest និង Skype, Stability AI ។ មួយចំនួនទៀតមកពីវិស្វករ និងអ្នកស្រាវជ្រាវជាច្រើននៅ Microsoft, Google, Amazon, Meta និង DeepMind (គ្រប់គ្រងដោយ Alphabet) ក៏បានចុះហត្ថលេខាលើញត្តិនេះផងដែរ។
 
ញត្តិនេះត្រូវបានធ្វើឡើងតែពីរសប្តាហ៍បន្ទាប់ពីការចាប់ផ្តើមក្រុមហ៊ុនអាម៉េរិក OpenAI បានប្រកាស GPT-4 ដែលជាកំណែបច្ចេកវិទ្យាដ៏មានឥទ្ធិពលជាងតាមពីក្រោយ ChatGPT ដែលកំពុងធ្វើឱ្យពិភពលោកបង្កើតភាពងាយស្រួលនិងមានប្រសិទ្ធភាពជាងមុនក្នុងវិស័យការងារ ហើយក៏ជាក្តីបារម្ភពីភាពអត់ការងារធ្វើ។ ក្នុងអំឡុងពេលនៃការសាកល្បង និងការបង្ហាញដំបូងរបស់ក្រុមហ៊ុន GPT-4 បានបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការធ្វើការយ៉ាងឆាប់រហ័ស មានស្តង់ដារ និងបង្កើតគេហទំព័របានយ៉ាងលឿន ជាពិសេសទៅលើការរចនាប្លង់ ម៉ូដផ្សេងៗ។ 
 
នៅក្នុងញត្តិនេះបានបញ្ជាក់ថា ៖ «យើងជំរុញឱ្យមន្ទីរពិសោធន៍ AI ទាំងអស់បញ្ឈប់ជាបន្ទាន់នូវការបង្កើតប្រព័ន្ធ AI ខ្លាំងជាង GPT-4 យ៉ាងហោចណាស់ ៦ខែ។ ការផ្អាកនេះត្រូវតែជាសាធារណៈ និងអាចផ្ទៀងផ្ទាត់បាន ដោយមានការត្រួតពិនិត្យពីអ្នកចូលរួមសំខាន់ៗទាំងអស់។ ប្រសិនបើការបញ្ឈប់បែបនេះមិនអាចអនុវត្តទៅបាន រដ្ឋាភិបាលគួរតែលូកដៃចូលក្នុងរឿងនេះ ហើយណែនាំ ក៏ដូចជាហាមឃាត់តែម្តង»។
 
អ្នកជំនាញខាងបញ្ញាសិប្បនិម្មិតជាច្រើនមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីបច្ចេកវិទ្យា AI ដែលអាចផ្តល់នូវការឆ្លើយតបដោយលំអៀង ផ្សព្វផ្សាយព័ត៌មានមិនពិត និងប៉ះពាល់ដល់ភាពឯកជនរបស់អ្នកប្រើប្រាស់។ បច្ចេកវិទ្យាទាំងនេះក៏ចោទជាសំណួរអំពីរបៀបដែល AI អាចផ្លាស់ប្តូរអាជីព អនុញ្ញាតឱ្យសិស្សបោកប្រាស់តាមការសិក្សា និងផ្លាស់ប្តូរទំនាក់ទំនងរបស់មនុស្សជាមួយនឹងបច្ចេកវិទ្យា។
 
គួរជម្រាបថា ថ្មីៗនេះនៅជុំវិញពិភពលោកនៅក្នុងប្រទេសមួយចំនួនដូចជា ចិន សិង្ហបុរី និងប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU)អាជ្ញាធរបានចាប់ផ្តើមកំណែដំបូងនៃក្របខ័ណ្ឌច្បាប់មួយចំនួនសម្រាប់អភិបាលកិច្ច AI នៅក្នុងប្រទេសរបស់ខ្លួន៕
 

Tag:
 Elon Musk
  AI
  ChatGPT
© រក្សាសិទ្ធិដោយ thmeythmey.com