កីឡាអន្តរជាតិ
អន្តរជាតិ
Mitoma ខ្សែប្រយុទ្ធជនជាតិជប៉ុន សរសេរនិក្ខេបទបញ្ចប់ការសិក្សា ពីបច្ចេកទេសញាក់បាល់
02, Apr 2023 , 5:59 pm        
រូបភាព
​ល្បឿន និងចលនារបស់ខ្សែប្រយុទ្ធស្លាប ​Kaoru Mitoma អំឡុងការប្រកួតក្នុងពានរង្វាន់ FA Cup នាពេលកន្លងទៅ កាន់តែធ្វើឱ្យក្រុម Brighton & Hove Albion មានជឿជាក់សម្រាប់ការប្រកួតក្នុងរដូវកាលនេះ។


ជំនាញញាក់បាល់របស់ខ្សែប្រយុទ្ធសញ្ជាតិជប៉ុនរូបនេះ មិនមានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងប៉ុន្មានឡើយ ប៉ុន្តែរឿងដែលគួរឱ្យចាប់អារម្មណ៍ពីក្រោយភាពប៉ិនប្រសប់ទាំងនេះ គឺរូបគេបានសរសេរនិក្ខេបទ បញ្ចប់ការសិក្សាពីបច្ចេកទេសញាក់បាល់ទាំងនេះ ក្នុងការយកឈ្នះប្រជែងយកប្រៀបលើដៃគូប្រកួត។ Mitoma បានសរសេរនិក្ខេបទមួយនេះ ដោយបានដាក់ឈ្មោះថា សិល្បៈនៃការញាក់បាល់ គ្រាដែលរូបគេ រៀននៅសកលវិទ្យាល័យឈ្មោះ Tsukuba។ 
  


Mitoma បានស្រាវជ្រាវទាក់ទងនឹងបច្ចេកទេសបាល់ទាត់ទាំងនេះ ខណៈកំពុងរៀននៅសកលវិទ្យាល័យ ដោយបានបំពាក់កាមេរ៉ានៅលើក្បាលរបស់មិត្តរួមក្រុម ដើម្បីស្រង់យកទិន្នន័យអំពីការឆ្លើយតបនៃរាងកាយរបស់កីឡាករខ្សែការពារ និងសម្លឹងមើលឃើញទីធ្លារក្នុងទីលាន នៅពេលខ្សែការពារប្រយុទ្ធទទួលបានបាល់វាយសម្រុក។
 
នៅពេលបញ្ចប់ការសិក្សា Mitoma ក៏ទទួលបានសញ្ញាប័ត្រមួយហើយ ដោយភ្ជាប់នឹងសញ្ញាប័ត្រផ្នែកអប់រំរាងកាយបន្ថែមមួយទៀត។ ក្រោយមកកីឡាករជប៉ុនវ័យ ២៥ឆ្នាំ បានសាកល្បងប្រើប្រាស់ទ្រឹស្តីរបស់គេនៅលើទីលាន និងបានប្រែក្លាយជាកីឡាករបាល់ទាត់អាជីពនៅក្នុង J-League មុនពេលផ្លាស់ទៅលេងនៅក្លិបតំបន់អឺរ៉ុប។


 
មុនពេលឈានជើងឡើងមកលេងនៅក្រុមឈុតធំឱ្យក្រុម Brighton & Hove Albion ខ្សែប្រយុទ្ធ Mitoma ក៏បានសិក្សាអំពីខ្សែការពារនៅក្នុងក្របខណ្ឌ Premier League ផងដែរ។​ 
ដោយសារតែការសិក្សាអំពីបច្ចេកទេសទាំងនេះ បានធ្វើឱ្យ ​Mitoma មកដល់ពេលនេះ ក្លាយជាកីឡាករដ៏សំខាន់មួយរូបសម្រាប់ក្រុម Brighton ដែលភាគច្រើនកីឡាករជប៉ុនរូបនេះ ប៉ិនប្រសប់កាត់បាល់បញ្ជូនក្នុងប្រអប់ទីគូប្រកួត ដើម្បីឱ្យមិត្តរួមក្រុមដទៃទៀតស៊ុត ។ គូប្រកួតទាំងនោះពិបាកស្មានការផ្លាស់ចលនារបស់ Mitoma។
 
ជាមួយការគ្រប់គ្រងបាល់ដ៏ស្អិតរមួត និងការបង្កើនល្បឿនលឿន គឺជាសមត្ថភាពរបស់ Mitoma មួយទៀត តាមរបៀបនៃការលេងបាល់ផ្ទាល់របស់គេ។ ​
 
កីឡាករវ័យ ២៥ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថា ជាកីឡាករមានទេពកោសល្យថ្មីមួយរូប ដែលស្ទាត់ជំនាញញាក់បាល់ក្នុងការប្រកួតលីគក្របខណ្ឌអឺរ៉ុប ដែលលំបាកបំផុត។ ចំពោះសមត្ថភាពនៃការញាក់បាល់ ដែលជាទ្រឹស្តីបែបនេះ Mitoma ធ្លាប់បាននិយាយដូច្នេះថា៖«ខ្ញុំដឹងពីរបៀបក្នុងការផ្លាស់ប្តូរចំណុចកណ្តាលនៃទំនាញរបស់គូប្រជែង ហើយប្រសិនបើខ្ញុំអាចរំកិលខ្លួនគូប្រកួតបាននោះខ្ញុំនឹងឈ្នះ។»។ 
  


ដំបូងឡើយកីឡាករជប៉ុនរូបនេះ​ មិនសូវមានមនុស្សច្រើនប៉ុន្មានឡើយស្គាល់គេទេ ប៉ុន្តែនាការប្រកួត World Cup ២០២២ ក្នុងប្រទេសកាតា ទើបគេចាប់អារម្មណ៍លើខ្សែប្រយុទ្ធស្លាបរូបនេះ គ្រាដែលរូបគេបានបញ្ជូនទៅឱ្យមិត្តរួមក្រុមស៊ុត រកបានជ័យជម្នះ លើក្រុមយក្សអេស្ប៉ាញ។ គ្រាប់បាល់នោះជាគ្រាប់បាល់ទីពីរ ដែលជប៉ុនបានវាយបក ។​
 
ទោះបីជាកាលនោះជប៉ុនមិនអាចសម្រេចក្តីស្រមៃឆ្លងផុតវគ្គ ១៦ក្រុម ប៉ុន្តែក្រុមជម្រើសជាតិជប៉ុន បានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅកាន់មនុស្សស្ទើរមួយពិភពលោក អំពីជ័យជម្នះលើក្រុមអាល្លឺម៉ង់ និងអេស្ប៉ាញ ដែលសុទ្ធសឹងជាក្រុមធ្លាប់ឈ្នះ World Cup។
 
បន្ទាប់ពីបញ្ចប់បេសកកម្ម World Cup ជាមួយជម្រើសជាតិរួច Mitoma ក៏ក្លាយជាកីឡាករជួរមុខមួយរូបរបស់ក្រុម Brighton និងគ្រូបង្វឹក Roberto De Zerbi ដោយភាគច្រើនរូបគេ តែងលេងពេញរយៈពេល ៩០នាទី ដោយមិនត្រូវបានផ្លាស់ប្តូរចេញឡើយ បន្ទាប់ពីកីឡាករ Leandro Trossard ដែលធ្លាប់ជាតួអង្គសំខាន់បានផ្លាស់ទៅក្រុម Arsenal៕
 
 

Tag:
 Kauro Mitoma
  Brighton & Hove Albion
© រក្សាសិទ្ធិដោយ thmeythmey.com