សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តម្លៃផ្ទះនៅបណ្តាប្រទេសអភិវឌ្ឍមាននិន្នាការកើនឡើង ឬធ្លាក់ចុះ?
05, Apr 2023 , 8:29 am        
រូបភាព
ផ្ទះដាក់លក់នៅអង់គ្លេសកំឡុងខែសីហាឆ្នាំ២០២២។ រូបថត ៖ Zoonar GmbH/Alamy ។
ផ្ទះដាក់លក់នៅអង់គ្លេសកំឡុងខែសីហាឆ្នាំ២០២២។ រូបថត ៖ Zoonar GmbH/Alamy ។
បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុបានកើតឡើងចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ គេសង្កេតឃើញតម្លៃផ្ទះនៅក្នុងប្រទេសអ្នកមានបានបន្តហក់ឡើងថ្លៃ ប៉ុន្តែបើធៀបស្ថានភាពបច្ចុប្បន្ននេះគឺមានភាពខុសគ្នាខ្លាំង។ បណ្តាប្រទេសដែលមានខឿនសេដ្ឋកិច្ចជឿនលឿនដូចជា អាម៉េរិក​ អូស្រ្តាលី និងនូវែលសេឡង់ អត្រានៃការលក់ផ្ទះបានធ្លាក់ចុះកាលពីឆ្នាំមុន ខណៈដែលធនាគារកណ្តាលបានចាប់ផ្តើមការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ។
 
ជាមួយនឹងការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលភាគច្រើន តម្លៃអចលនទ្រព្យភាគច្រើនកំពុងចាប់ផ្តើមផ្តល់នូវសញ្ញាណអាក្រក់មួយចំនួនពីការធ្លាក់ថ្លៃ។ នៅក្នុងខែមីនានេះ ទាំងធនាគារកណ្តាលអាម៉េរិក (Fed) និងធនាគារអង់គ្លេស (BoE) បានដំឡើងអត្រាការប្រាក់សំខាន់ៗរបស់ពួកគេត្រឹមតែ០,២៥ភាគរយប៉ុណ្ណោះ។
 
រហូតមកដល់ពេលនេះ សេដ្ឋកិច្ចពិភពលោកបានបង្ហាញពីភាពធន់នឹងសម្ពាធនៃគោលនយោបាយកាន់តែតឹងរ៉ឹង ទោះបីជាធនាគារពាណិជ្ជមួយចំនួនបានដួលរលំក៏ដោយ។ រឿងនេះបានធ្វើឱ្យអ្នកវិនិយោគ និងប្រទេសជាច្រើនសង្ឃឹមថាតម្លៃអាចនឹងធ្លាក់ចុះក្នុងពេលឆាប់ៗនេះ មានន័យថាទីផ្សារអចលនទ្រព្យនឹងមានភាពលំបាកតិចជាងការរំពឹងទុក។
 
ទោះយ៉ាងណាក៏ដោយ វាអាចនឹងមានឥទ្ធិពលតិចតួចចំពោះសុទិដ្ឋិនិយមបែបនេះ។ ការដំឡើងអត្រាការប្រាក់ត្រូវការពេលវេលាដើម្បីមានឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យ។ ប្រាក់កម្ចីទិញផ្ទះច្រើនតែមានអត្រាការប្រាក់ថេរនៅក្នុងទីផ្សារមួយចំនួន ហើយការកំណត់រយៈពេលក៏ខ្លីផងដែរ។ ជាឧទាហរណ៍ នៅចក្រភពអង់គ្លេស ស្ទើរតែពាក់កណ្តាលនៃប្រាក់កម្ចីមានរយៈពេលកំណត់មិនលើសពីពីរឆ្នាំ។ ប្រហែល ២០ភាគរយនៃអ្នកទិញផ្ទះនឹងប្តូរទៅលក្ខខណ្ឌថ្មីនៅឆ្នាំនេះ។
 
ទន្ទឹមនឹងនេះ ការសន្សំលើសក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដក៏បានកំពុងថយចុះ។ ការស្ទង់មតិបង្ហាញថា គ្រួសារដែលមានចំណូលទាបនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូបានចាយអស់ប្រាក់សន្សំភាគច្រើនរបស់ពួកគេ។
 
បើតាម The Economist និន្នាការចំនួន៣ នឹងកើតឡើងនៅក្នុងប្រទេសអ្នកមាន។ ទីមួយគឺក្រុមប្រទេសដែលតម្លៃផ្ទះបន្តធ្លាក់ចុះដូចជាអូស្ត្រាលី កាណាដា នូវែលសេឡង់ និងស៊ុយអែត។ ប្រទេសទាំងនេះ ធនាគារកណ្តាលបានឆ្លើយតបយ៉ាងរហ័សចំពោះអតិផរណា។ ប្រទេសទាំងនេះ ឃើញតម្លៃផ្ទះកើនឡើងខ្ពស់ក្នុងអំឡុងពេលជំងឺជំងឺកូវីដ-19 ដោយសារអ្នកទិញទាញយកអត្ថប្រយោជន៍ឥណទានធូរថ្លៃ។
 
របាយការណ៍របស់អង្គការ OECD  បច្ចុប្បន្នតម្លៃផ្ទះនៅស៊ុយអែត នូវែលសេឡង់បានធ្លាក់ចុះ១៤ភាគរយ ខណៈនៅអូស្ត្រាលីធ្លាក់ចុះ១៩ភាគរយ។ ឯធនាគារកណ្តាលរបស់ប្រទេសអូស្ត្រាលីមិនដំឡើងអត្រាការប្រាក់រហូតដល់ខែឧសភា ប៉ុន្តែចំនួនគ្រួសារបានជំពាក់បំណុលគេ បានកើនឡើងជាមធ្យមមានច្រើនជាង ២០០ភាគរយនៃប្រាក់ចំណូលសុទ្ធបើធៀបឆ្នាំ ២០២១។
 
ក្រុមទីពីរគឺជាបណ្តាប្រទេសដែលមិនទាន់មានការខាតបង់ធ្ងន់ធ្ងរ ។ ផ្តើមពីប្រទេសដែលលេចធ្លោជាងគេគឺអាម៉េរិកដែលអត្រាការប្រាក់ប្រាក់កម្ចីទិញផ្ទះជាធម្មតាមានរយៈពេលពី ២០ទៅ៣០ឆ្នាំដោយផ្តល់ឱ្យអ្នកទិញអាចកាត់បន្ថយហានិភ័យបានខ្លះពីការកើនឡើងអត្រាការប្រាក់។ បន្ទាប់ពីការចាប់ផ្តើមវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៧ អាម៉េរិកបានផ្សព្វផ្សាយគោលនយោបាយការប្រាក់ថេរ ដើម្បីកាត់បន្ថយសម្ពាធនៃការខកខានសងរបស់អ្នកខ្ចី ព្រមទាំងជួយឱ្យប្រព័ន្ធធនាគារជៀសវាងហានិភ័យ។
 
យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Goldman Sachs តម្លៃផ្ទះនៅអាម៉េរិកនឹងធ្លាក់ចុះត្រឹមតែ៥ភាគរយ ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរបារាំង ដែលតម្លៃផ្ទះមានស្ថិរភាពក្នុងឆ្នាំ២០២២ ក៏មើលឃើញការធ្លាក់ចុះ ៤ភាគរយ។ 
 
ក្រុម​ទី​បី​គឺ​ជា​ទីផ្សារ​ដែល​មិន​ទាន់​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ប៉ុន្តែ​មិន​ទាន់​បញ្ចប់។ អង់គ្លេស តម្លៃផ្ទះបានធ្លាក់ចុះ ៥ភាគរយ ប៉ុន្តែស្ថានភាពអាចកាន់តែអាក្រក់ជាងនេះ ។ ស្ថាប័ន Capital Economics ព្យាករថា តម្លៃផ្ទះក្នុងប្រទេសមួយនេះអាចធ្លាក់ចុះរហូតដល់១២ភាគរយ។ អ្នកអភិវឌ្ឍអចលនទ្រព្យជាច្រើនកំពុងពន្យារពេលសាងសង់ផ្ទះថ្មី ហើយខ្លះកំពុងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់អ្នកទិញ។
 
ជាមួយគ្នានេះ ក្រុមហ៊ុន Persimmon ដែលជាក្រុមហ៊ុនសំណង់ធំជាងគេទីពីររបស់អង់គ្លេស ថែមទាំងផ្តល់ប្រាក់កម្ចីរយៈពេល១០ខែសម្រាប់អ្នកទិញផ្ទះដើម្បីជំរុញតម្រូវការ។ ស្ថានភាព​គឺ​ស្រដៀង​គ្នា​នឹង​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត។ សហព័ន្ធអចលនទ្រព្យអាឡឺម៉ង់ព្យាករថាមានតែចំនួន២៤៥ពាន់អាផាតមិន នឹងត្រូវបញ្ចប់នៅឆ្នាំនេះ ពោលគឺទាបជាងគោលដៅរបស់រដ្ឋាភិបាលដែលមានចំនួន ៤០០ពាន់អាផាតមិន។
 
ជារួមការធ្លាក់ចុះនៃតម្លៃផ្ទះនៅបណ្តាប្រទេសអ្នកមាន ភាគច្រើនដោយសារតែអត្រាការប្រាក់កាន់តែខ្ពស់ ដែលទំនងជាពិបាកធ្វើឱ្យអចលនទ្រព្យត្រឡប់មកតម្លៃថ្លៃដូចដើមវិញតាមការរំពឹងទុករបស់ម្ចាស់ផ្ទះ។ ចំណែកអ្នកដែលចង់បានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួនក៏ត្រូវប្រឈមមុខនិងការចំណាយកើនឡើងប្រចាំថ្ងៃផងដែរ​៕
 

Tag:
 អចលទ្រព្យ
  ផ្ទះ
  អាម៉េរិក
  អង់គ្លេស
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com