កីឡាអន្តរជាតិ
អន្តរជាតិ
អាជ្ញាកណ្តាលម៉ិកស៊ិកម្នាក់រងពិន័យ ១២ប្រកួត បន្ទាប់ពីឡើងជង្គង់លើកីឡាករម្នាក់
05, Apr 2023 , 2:29 pm        
រូបភាព
លោក Fernando Hernandez អាជ្ញាកណ្តាលសញ្ជាតិម៉ិកស៊ិក នឹងត្រូវរងការពិន័យមិនឱ្យកាត់សេចក្តីចំនួន ១២ប្រកួត បន្ទាប់ពីបានបង្កហិង្សា ដោយឡើងជង្គង់ចំកន្លែងហាមឃាត់របស់កីឡាករម្នាក់ អំឡុងការប្រកួតក្នុងក្របខណ្ឌ Liga MX រវាងក្រុម America ទល់នឹង Leon។


លោក ​Hernandez បានឡើងជង្គង់ទៅលើកីឡាករ Lucas Romero របស់ក្រុម Leon ខណៈកំពុងស្ថិតក្នុងកាលៈទេសៈនៃការតវ៉ាគ្នារវាងគូប្រកួតទាំងពីរ ដែលស្នើឱ្យអាជ្ញាកណ្តាលត្រួតពិនិត្យប្រព័ន្ធកាត់សេចក្តី ​VAR បន្ទាប់ពីក្រុម America បានរកគ្រាប់បាល់តាមស្មើ ២-២។
 
ការប្រកួតរវាងក្រុម America និង​ Leon ពោរពេញទៅដោយភាពតានតឹង នឹងជម្លោះដ៏អាក្រក់នៅក្នុងទីលាន ដោយគ្រូបង្វឹកក្រុមទាំងសងខាងត្រូវបានបណ្តេញចេញ ខណៈដែលការប្រកួតនៅ ១០នាទីចុងក្រោយជិតបញ្ចប់ ​កីឡាករ ៦នាក់ទទួលបានកាតលឿង។
 
បន្ទាប់ពីហេតុការណ៍នោះ បានកើតឡើងលោក Hernandez ត្រូវបានស្ថាប័នលីគក៏ដូចជាស្ថាប័នអាជ្ញាកណ្តាល ដាក់ពិន័យមិនឱ្យកាត់សេចក្តី រហូតដល់ចំនួន ១២ប្រកួត។ 
 
ទោះជាយ៉ាងណា ក្រោយពេលដែលវីដេអូឃ្លីបត្រង់ចំណុចទាំងអស់នោះ បានចែកចាយលើបណ្តាញសង្គម ដែលបង្ហាញថាលោក ​Hernandez បានឡើងជង្គង់លើកីឡាករ Romero ជាមួយការផ្តល់កាតលឿងថែមទៀត កីឡាករក្រុម Leon រូបនោះ បានចេញមុខបកស្រាយថា«ហេតុការណ៍នោះជារឿងយល់ច្រឡំ»។
 
Romero បានប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយម៉ិកស៊ិក TUDN ដូច្នេះថា៖«អាជ្ញាកណ្តាលគឺជាមនុស្ស ពួកគេអាចមានការបង្កកំហុសជាច្រើនដង ហើយកំហុសទាំងអស់នោះ បានអភិវឌ្ឍពួកគេច្រើននៅអ្វីដែលបានកើតឡើង ហើយក៏មានការយល់ច្រឡំច្រើនផងដែរ។»។
 
ចំណែកលោក ​Hernandez អាជ្ញាកណ្តាលការប្រកួត ក៏បានសុំទោសទៅកាន់ Romero និងបាននិយាយថា លោកគ្មានចេតនាវាយប្រហារ ឬគោលបំណងអ្វីលើកីឡាករឡើយ។ មិនតែប៉ុណ្ណោះអាជ្ញាកណ្តាលការប្រកួតដដែល ក៏ទទួលយកការពិន័យពីសំណាក់ស្ថាប័នលីគនិងស្ថាប័នគ្រប់គ្រងអាជ្ញាកណ្តាលផងដែរ៕
 

Tag:
 ម៉ិកស៊ិក
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com