សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឥទ្ធិពលនៃប្រាក់ដុល្លារក្នុងវិស័យពាណិជ្ជកម្ម និងជំនួញពិភពលោក
06, Apr 2023 , 8:29 am        
រូបភាព
ប្រាក់ដុល្លារអាម៉េរិក ។ រូបភាព ៖ Alena Vikhareva | iStock | Getty Images ។
ប្រាក់ដុល្លារអាម៉េរិក ។ រូបភាព ៖ Alena Vikhareva | iStock | Getty Images ។
អស់ជាច្រើនទសវត្សរ៍មកហើយ ប្រាក់ដុល្លារបានគ្របដណ្ដប់លើវិស័យពាណិជ្ជកម្ម និងលំហូរទុនសកល ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសជាច្រើនកំពុងស្វែងរករូបិយប័ណ្ណជំនួសសម្រាប់ប្រាក់ដុល្លារ ដើម្បីកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក។
 
បន្ទាប់ពីសង្គ្រាមលោកលើកទី១ អាម៉េរិកបានក្លាយជាមហាអំណាចហិរញ្ញវត្ថុឈានមុខគេយ៉ាងឆាប់រហ័ស។ ប្រទេសនេះទើបតែចូលរួមសង្រ្គាមនៅឆ្នាំ១៩១៧ ប៉ុន្តែបានពង្រឹងអំណាចខ្លាំងជាងបណ្តាប្រទេសនៅអឺរ៉ុប។ ពេលនោះហើយដែលប្រាក់ដុល្លារអាម៉េរិកចាប់ផ្តើមជំនួសផោនអង់គ្លេសជារូបិយប័ណ្ណបម្រុងអន្តរជាតិ ហើយអាម៉េរិកបានទទួលការផ្លាស់ប្តូរជាមួយរូបិយប័ណ្ណរបស់ខ្លួនទៅនិងលំហូរមាសដ៏ច្រើនក្នុងសម័យសង្គ្រាម។
 
នៅឆ្នាំ១៩៤៤ តួនាទីរបស់ប្រាក់ដុល្លារបានពង្រីកឥទ្ធិពលរបស់ខ្លួនរហូតដល់៤៤ប្រទេស ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Bretton Woods ដោយបង្កើតយន្តការផ្លាស់ប្តូររូបិយប័ណ្ណអន្តរជាតិមួយទៅជាប្រាក់ដុល្លារ។ ទន្ទឹមនឹងនេះ ប្រាក់ដុល្លារត្រូវបានកំណត់ថ្លៃទៅតាមតម្លៃមាស ដែលត្រូវបានគេស្គាល់ថាដូចជាស្តង់ដារមាសទូទៅ ។
 
បន្តមកទៀតនៅចុងទស្សវត្សរ៍ឆ្នាំ១៩៦០ ការនាំចេញរបស់អឺរ៉ុប និងជប៉ុនកាន់តែប្រកួតប្រជែងជាមួយនឹងការនាំចេញរបស់អាម៉េរិក។ ការផ្គត់ផ្គង់ដ៏ច្រើននៃប្រាក់ដុល្លារអាម៉េរិកនៅជុំវិញពិភពលោកធ្វើឱ្យមានការលំបាកបន្ថែមទៀតក្នុងការគាំទ្រប្រាក់ដុល្លារទៅជាមាស។ នៅឆ្នាំ ១៩៧១ ប្រធានាធិបតីអាម៉េរិក រីឆាត និចសុន បានបញ្ឈប់ការប្តូរដោយផ្ទាល់ពីប្រាក់ដុល្លារទៅជាមាស ហើយបានកំណត់ចំនួនរូបិយប័ណ្ណដែលត្រូវបោះពុម្ពវិញ។ ចាប់តាំងពីពេលនោះមក បើទោះបីជានូវបន្តជារូបិយប័ណ្ណបម្រុងអន្តរជាតិក៏ពិតមែន តែប្រាក់ដុល្លារបានបាត់បង់អំណាចទិញបន្តិចម្តងៗ។ 
 
ដោយបារម្ភពីការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ប្រាក់ដុល្លារអាម៉េរិកឬគេអាចហៅម៉្យាងទៀតថាជា អាវុធគ្មានផ្សែងនិងគ្មានសម្លេង ប្រទេសជាច្រើនបានចាប់ផ្តើមស្វែងរកមធ្យោបាយដើម្បីជំនួសរូបិយប័ណ្ណនេះ។
 
ក្នុងឆ្នាំ ២០២២ នៅពេលដែលអាម៉េរិក និងបណ្តាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើប្រទេសរុស្ស៊ីជាការឆ្លើយតបទៅនឹងសង្គ្រាមនៅអ៊ុយក្រែន ទីក្រុងម៉ូស្គូ និងរដ្ឋាភិបាលចិន បានរួមដៃគ្នាដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ ហើយបានបង្កើតកិច្ចសហប្រតិបត្តិការប្រព័ន្ធហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ។ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅចុងខែកុម្ភៈ ឆ្នាំ ២០២២ ការជួញដូរជារូបិយប័ណ្ណរវាងប្រាក់រូប្លិ និងប្រាក់យ៉ន់បានកើនឡើង ៨០ដង។
 
លើសពីនេះទៀតនៅឆ្នាំ ២០២២ ធនាគារកណ្តាលរបស់រុស្ស៊ីនិងចិនបានទិញមាសក្នុងបរិមាណច្រើនបំផុតចាប់តាំងពីឆ្នាំ ១៩៦៧ ដើម្បីធ្វើពិពិធកម្មទុនបម្រុងរបស់ពួកគេដោយកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក។
 
យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Vedmosti  រុស្ស៊ី និងអ៊ីរ៉ង់ក៏កំពុងសហការគ្នាក្នុងការចេញរូបិយប័ណ្ណនិម្មិតដែលគាំទ្រដោយមាសផងដែរ។ ទន្ទឹមនេះ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗប្រទេសប្រេស៊ីល និងអាហ្សង់ទីនបានពិភាក្សាគ្នាអំពីការបង្កើតរូបិយប័ណ្ណរួមសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេពីររបស់អាមេរិកខាងត្បូង។
 
បើតាមសារព័ត៌មាន Reuters អេមីរ៉ាតអារ៉ាប់រួម (UAE) និងឥណ្ឌាបច្ចុប្បន្នកំពុងពិភាក្សាអំពីការប្រើប្រាស់ប្រាក់រូពីក្នុងពាណិជ្ជកម្មទំនិញមិនមែនប្រេង ដោយកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិកផងដែរ។ ក្រៅពីនេះ ជាលើកដំបូងក្នុងរយៈពេល ៤៨ឆ្នាំ ដែលអារ៉ាប៊ីសាអូឌីតបាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើពាណិជ្ជកម្មប្រេងជារូបិយប័ណ្ណផ្សេងក្រៅពីដុល្លារ។ 
 
ទោះបីជាមានការផ្លាស់ប្តូរបែបនេះពិតមែន ក៏មនុស្សជាច្រើននៅតែជឿថា ឥទ្ធិពលនៃប្រាក់ដុល្លារនឹងមិនបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះទេ។ បច្ចុប្បន្ននេះ ធនាគារកណ្តាលនៅជុំវិញពិភពលោកនៅតែរក្សាបានប្រហែល ៦០ភាគរយនៃទុនបំរុងប្តូរប្រាក់បរទេសជាប្រាក់ដុល្លារ។ 
 
បច្ចុប្បន្ននេះ ទុនបំរុងប្តូរប្រាក់បរទេសរបស់ប្រទេសជារូបិយប័ណ្ណផ្សេងនៅទាបជាងប្រាក់ដុល្លារច្រើនណាស់ដែលមានរហូតដល់ ៥៩,៨ភាគរយ។ ជាក់ស្តែងទុនបំរុងជាប្រាក់អឺរ៉ូ (EUR) មានប្រហែល ១៩,៧ភាគរយ, យ៉េនជប៉ុន (JPY) ៥,៣ភាគរយ, ផោនអង់គ្លេស (GBP) ៤,៦ភាគរយ, ប្រាក់យ៉ន់ចិន (RMB) ២,៨ភាគរយ, ដុល្លារកាណាដា (CAD) ២,៥ភាគរយ, ដុល្លារអូស្ត្រាលី (AUD) ១,៩ភាគរយ និងហ្វ្រង់ស្វីស (CHF) ០,២ភាគរយ និង ៣,៣ភាគរយទៀតជារូបិយប័ណ្ណផ្សេង។ នេះបើតាមរបាយការណ៍របស់មូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF)៕
 

Tag:
 ប្រាក់ដុល្លារ
  IMF
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com