កីឡាអន្តរជាតិ
អន្តរជាតិ
Lampard ព្រមទទួលសំណើ​ដឹកនាំ Chelsea ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន
06, Apr 2023 , 2:39 pm        
រូបភាព
ដោយ៖ជា យូគៀង អន្តរជាតិ កីឡាអន្តរជាតិ ()
លោក Frank Lampard បានយល់ព្រមមកដឹកនាំក្រុមតោខៀវ Chelsea ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Times ថ្ងៃទី៥ ខែមេសា ខណៈម្ចាស់ក្លិបលោក Todd Boehly និង លោក ​Behdad Eghbali កំពុងស្វែងរកមនុស្សដ៏សក្តិសមជំនួសតំណែងលោក ​Graham Potter។
លោក Potter ត្រូវបានក្លិបបណ្តេញចេញកាលពីថ្ងៃទី១ ខែមេសា ​បន្ទាប់ពីដឹកនាំក្រុមទទួលបានលទ្ធផលមិនសមប្រកប សម្រាប់រដូវកាល ២០២២-២៣ នេះ ដែល Chelsea កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ១១ នៃPremier League ដែលប្រឈមការខកខានប្រកួតពានរង្វាន់អឺរ៉ុប។ ក្រោយពេលលោក Potter ត្រូវដេញចេញ Chelsea បន្តការប្រកួតស្មើ ០-០ ក្នុងផ្ទះជាមួយ Liverpool។
លោក Lampard ដែលបានបញ្ចប់ការងារជាមួយ Everton កាលពីខែមករា ដើមឆ្នាំ ២០២៣ នឹងវិលត្រលប់មកដឹកនាំក្រុម ដែលស្ថិតនៅទឹកដី Stamford Bridge ម្តងទៀត ដែលជាទីកន្លែងលោកបានកសាងកេរិ៍្តឈ្មោះ​ និងបង្កើតប្រវត្តិសាស្ត្រនៅក្លិបតាំងពីអាយុ ១៣ឆ្នាំមក ក្នុងនាមជាកីឡាករ។ លោក Lampard បានដឹកនាំ Chelsea លើកដំបូងក្នុងឆ្នាំ ២០១៩-២០២១។
អ្នកចាត់ការវ័យ ៤៤ឆ្នាំ ក៏ជាមនុស្សម្នាក់ ដែលរកបានគ្រាប់បាល់ច្រើនបំផុតប្រចាំប្រវត្តិសាស្ត្រក្លិបតោខៀវ​ ដែលរកបានចំនួន ២១១គ្រាប់ ប៉ុន្តែលោកត្រូវបានក្លិប Chelsea បណ្តេញចេញក្នុងខែមករាឆ្នាំ ២០២១ បន្ទាប់ពីដឹកនាំបានចំនួន ៨៤ប្រកួត។
អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេសរូបនេះ នឹងត្រូវរាប់រងភារកិច្ចដ៏ធំសម្រាប់អ្វីដែលនៅសេសសល់បន្ទាប់ពីក្លិប Chelsea បានចំណាយប្រាក់ប្រមាណជាង ៣៨០លានដុល្លារ ក្នុងការនាំចូលកីឡាករថ្មីៗ កាលពីខែមករា។
ភារកិច្ចដណ្តើមកៅអីពានរង្វាន់ Champions League សម្រាប់រដូវកាលបន្ទាប់ ក៏ជាសម្ពាធដ៏ធំមួយសម្រាប់ក្រុមស្ថិតក្នុងទីក្រុងឡុងដ៍ ខណៈបច្ចុប្បន្នក្លិបកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ១១ក្នុងតារាង នឹងមានគម្លាត១៤ពិន្ទុពីក្រុមលេខ ៤ ស្របពេលដែលពួកគេនៅសល់ ៩ប្រកួត។
បច្ចុប្បន្ន Chelsea កំពុងតែស្ថិតនៅក្នុងការប្រកួតប្រជែងនៃពានរង្វាន់ Champions league វគ្គ ៨ក្រុមផងដែរ ដែលជាក្តីសង្ឃឹមពានរង្វាន់មួយផ្សេងទៀត សម្រាប់ពួកគេ។ ទោះយ៉ាងណាការប្រកួតវគ្គ ៨ក្រុមចុងក្រោយទល់ Real Madrid នឹងត្រូវលេងក្នុងខែមេសាផងដែរ។
បើតាមរបាយការណ៍កាសែតក្នុងទីឡុងដ៍មួយ អតីតគ្រូបង្វឹកអេស្ប៉ាញ និង Barcelona លោក Luis Enrique ត្រូវបានគេឃើញធ្វើដំណើរទៅទីក្រុងឡុងដ៍ ដើម្បីជជែកជាមួយនឹងក្រុម Chelsea៕
 

Tag:
 Frank Lampard
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com