FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA បង្កកមូលនិធិសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី ក្រោយដកសិទ្ធរៀប U-20 World Cup
07, Apr 2023 , 3:59 pm        
រូបភាព
សហព័ន្ធបាល់ទាត់អន្តរជាតិ ​(FIFA) បង្កកមូលនិធិសម្រាប់ការអភិវឌ្ឍសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បន្ទាប់ពីប្រទេសនេះត្រូវបានដកសិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក U-20 World Cup ឆ្នាំ ២០២៣។ នេះបើតាមការប្រកាសរបស់ FIFA នៅថ្ងៃទី៦ ខែមេសា។

FIFA បានដកសិទ្ធឥណ្ឌូណេស៊ីពីការរៀបចំការប្រកួត U-20 World Cup ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី១១ ខែមិថុនា បន្ទាប់ពី PSSI បានប្រកាសកាលពីដើមខែមេសាថា ការចាប់ឆ្នោតរើសពូល ត្រូវលុបចោល។ ការលុបចោលការចាប់ឆ្នោតនោះ ដោយសារតែប្រជាជនឥណ្ឌូណេស៊ី និងរដ្ឋបាលក្រុងបាលីតវ៉ាប្រឆាំងការចូលរួមរបស់ក្រុមអ៊ីស្រាអែលក្នុងការប្រកួតនេះ។
 
កាលខែមីនា ប្រជាជនឥណ្ឌូណេស៊ីរាប់រយនាក់បានប្រមូលផ្តុំធ្វើបាតុកម្មតវ៉ា ក្នុងទីក្រុងហ្សាការតា ដោយក្រុមបាតុករទាំងនោះបានប្រើប្រាស់ទង់ជាតិឥណ្ឌូណេស៊ី និងទង់ជាតិប៉ាឡេស្ទីន បង្ហាញពីការប្រឆាំងមិនឱ្យអ៊ីស្រាអែលចូលរួមប្រកួត។
 
ការដកសិទ្ធិរៀបចំការប្រកួត ​U20 World Cup បានធ្វើឱ្យប្រជាជនឥណ្ឌូណេស៊ីមួយចំនួន និងអ្នកគាំទ្រព្រមទាំងកីឡាករបាល់ទាត់ ខឹងសម្បារ​ចំពោះអ្នកនយោបាយក្នុងប្រទេស។
មិនត្រឹមតែដកសិទ្ធធ្វើម្ចាស់ផ្ទះប៉ុណ្ណោះទេ PSSI ត្រូវរងទណ្ឌកម្មពី FIFA ថែមទៀត។ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកមួយនេះ បានបង្កកមូលនិធិអភិវឌ្ឍសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី។
 
មកដល់ពេលនេះ ​FIFA បានចេញសេចក្តីប្រកាសដូច្នេះថា៖«FIFA បានផ្តល់អនុសាសន៍ជាបណ្តោះអាសន្នលើការរឹតបន្តឹងលើការប្រើប្រាស់មូលនិធិអភិវឌ្ឍរបស់ FIFA Forward សម្រាប់ PSSI ហើយសហព័ន្ធនឹងពិចារណាឡើងវិញអំពីការដកទណ្ឌកម្មនេះ នៅក្រោយពេលត្រួតពិនិត្យលើផែនការរបស់ឥណ្ឌូណេស៊ីដើម្បីការកែលម្អរលើវិស័យបាល់ទាត់។»។ ​
 
សម្រាប់ការដាក់ទណ្ឌកម្មរដ្ឋបាលនេះប្រធាន PSSI លោក Erick Thohir បាននិយាយថានឹងប៉ះពាល់ដល់តម្រូវការប្រតិបត្តិការរបស់ PSSI។ យ៉ាងណា ប្រធាន PSSI យល់ថា ឥណ្ឌូណេស៊ីគួរគេចផុតអំពីការដាក់ពិន័យទាំងនេះពី FIFA ព្រោះកំហុងឥណ្ឌូណេស៊ីប្រៀបបាននឹងការផ្តល់កាតលឿង មិនមែនជាកាតក្រហមនោះឡើយ៕
 

Tag:
 FIFA
  World Cup
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com