ក្រុមបាល់ទាត់អាយុក្រោម ២២ឆ្នាំ កម្ពុជា នាថ្ងៃទី៨ ខែមេសា បានធ្វើដំណើរទៅកាន់ទីក្រុងបាំងកកប្រទេសថៃ ដើម្បីបោះជំរុំហ្វឹកហាត់ដំណាក់កាលទីបី ក្នុងការត្រៀមខ្លួនសម្រាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើទី ៣២ ដ៏ឆាប់ខាងមុខ។
ការធ្វើដំណើរនេះ មានកីឡាករចំនួន ២៣នាក់ ត្រូវបន្តធ្វើតេស្តជម្រុះ ដើម្បីជ្រើសរើសយកចំនួន ២០រូប សម្រាប់តំណាងកម្ពុជាប្រកួតប្រជែងនៅស៊ីហ្គេម។ ក្រុម U22 កម្ពុជា បានបិទបញ្ចប់ការបោះជំរុំលើកទីពីរ របស់ខ្លួននៅក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ។
រូបភាពពីសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា
ក្រោយការប្រកួតក្នុងពានរង្វាន់ Merlion Cup នៅប្រទេសសិង្ហបុរី ដែលក្រុម U22 ទទួលបានត្រឹមចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រកួតដើម្បីដកស្រងបច្ចេកទេស និងសមត្ថភាពកីឡាករក្នុងក្រុម។ កាលនោះ ក្រុមកម្ពុជាធ្វើដំណើរទៅប្រកួតប្រជែង ដោយមានវត្តមានសមាសភាពកីឡាករចំនួន ២៤រូប ប៉ុន្តែមកដល់ពេលនៃការបោះជំរុំដំណាក់កាលទីបីវិញ កីឡាករខ្សែប្រយុទ្ធ វឿន វ៉ា គ្មានឈ្មោះក្នុងបញ្ជី។
កាលពីការបើកជំរុំហ្វឹកហាត់ដំណាក់កាលទីមួយ មានកីឡាករចំនួន ៦រូបបានធ្លាក់ចេញ ពីក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំ ដោយក្នុងនោះរួមមាន សារ ទី, អ៊ាន ពិសី, វុំាង ដាវីន, អ៊ឹម វ៉ាឃីម, រី លាភផេង និង ទេព ហ្វីលីប៕
ខាងក្រោមនេះជាបញ្ជីរាយនាមកីឡាករអាយុក្រោម ២២ឆ្នាំ ចំនួន ២៣រូបបន្តបោះជំរុំដំណាក់កាលទី៣៖
អ្នកចាំទី
កយ សាលីម, រ៉េត លីហេង និង វីរៈ ដារ៉ា
ខ្សែការពារ
ឈុំ សុខហៃ, កើត ពេជ្រ, ចាន់ សារ៉ាពេជ្រ, ឡេង ណូរ៉ា, ស រតនា, នី សុខរី, សុផល ឌីម៉ង់, សឿត ណាវ៉ា, តាំង ប៊ុនឆៃ, ជា សុខម៉េង និង ផាត សុខា
ខ្សែបម្រើ
ស៊ិន សុវណ្ណមករា, ញាន សុស៊ីដាន, ជូ ស៊ីនទី, មិន រតនៈ និង លីម អារុណ រ៉េយមិន
ខ្សែប្រយុទ្ធ
លឹម ពិសុទ្ធ, សៀង ចន្ធា, គី រីណា និងហាវ សុខនេត្រ។