កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag ទាមទារភាពស៊ីសង្វាក់គ្នាពីក្រុម Man Utd
08, Apr 2023 , 5:39 pm        
រូបភាព
ក្រុមកីឡាកររបស់ Manchester United គួរតែពង្រឹងនូវភាពស៊ីសង្វាក់គ្នា ឱ្យស្ថិតស្ថេរនៅក្នុងចំណោមក្លិបក្នុងក្របខណ្ឌ Premier League។ លោក Erik ten Hag អ្នកចាត់ការក្រុមបាននិយាយបែបនេះថ្ងៃទី៧ ខែមេសា។
នៅការប្រកួតក្នុងលីគ ២លើកចុងក្រោយ Man United រកភាពអាម៉ាស់ដោយរងបរាជ័យក្រោមថ្វីជើងក្រុម Newcastle United លទ្ធផល ២-០ ប៉ុន្តែក្រុមបិសាចក្រហមក៏បានវិលត្រលប់មកយកឈ្នះការប្រកួតលើក្រុម Brentford លទ្ធផល ១-០ ឡើងវិញ ដែលនាំឱ្យពួកគេរកបាន ៥៣ពិន្ទុឡើងឈរលេខ ៤កំពូលតារាង។
 
ទោះយ៉ាងណា នៅពេលត្រូវបានគេសួរអំពីការលេងរបស់ក្រុមក្នុងជំនួបទល់ Brentford លោក Ten Hag ​បានឆ្លើយតបដោយសង្កត់ធ្ងន់ថា ជារឿងសំខាន់បំផុតដែលក្រុមត្រូវតែបំពេញ គឺការលេងឱ្យអស់ពីសមត្ថភាព។
 
«រឿងនេះត្រូវតែធ្វើឱ្យមានស្តង់ដា អ្នកត្រូវតែធ្វើវាដោយភាពទទួលខុសត្រូវរបស់អ្នក ដើម្បីនាំមកលទ្ធផលនៅពេលលេងសម្រាប់ Manchester United។ អ្នកត្រូវតែទទួលខុសត្រូវ ហើយនេះជាការទាមទាឱ្យមានភាពស៊ីសង្វាក់គ្នានិងឱ្យវានៅស្ថិតស្ថេរជានិច្ច យើងត្រូវតែធ្វើវាឱ្យមានស្តង់ដា ព្រោះវាជាវប្បធម៍ ហើយអ្នកត្រូវតែធ្វើវារាល់ពេល។»។ លោក Ten Hag បាននិយាយដាស់តឿនកូនក្រុមបែបនេះ មុនការប្រកួតទល់ក្រុម Everton។
 
ក្រុមបិសាចក្រហមនឹងត្រូវជួបតតាំងជាមួយនឹងក្រុម ​Everton សម្រាប់ដំណើរនៃការប្រកួតក្របខណ្ឌ Premier League នាថ្ងៃទី៨ ខែមេសា វេលាម៉ោង ៦:៣០ល្ងាចនេះ។ ក្រុម Everton ៤ប្រកួតចុងក្រោយ មិនទាន់ស្គាល់បរាជ័យ ខណៈ ២ប្រកួតចុងក្រោយពួកគេស្មើ Chelsea និង Tottenham Hotspur។
 
សម្រាប់ការប្រកួតនេះទៀតសោតលោក Ten Hag ក៏បានបង្ហើបដែរថាខ្សែបម្រើ Christian Eriksen អាចនឹងវិលត្រលប់មកជួយក្រុមឡើងវិញ ខណៈដែលខ្សែការពារ Luke Shaw គ្មានវត្តមាន៕
 

Tag:
 Manchester United
  Erik ten Hag
© រក្សាសិទ្ធិដោយ thmeythmey.com