សេដ្ឋកិច្ច
អន្តរជាតិ
អាម៉េរិកបង្កើនការនាំចូលបន្ទះឈីបពីកម្ពុជា វៀតណាម ថៃ និងឥណ្ឌា
08, Apr 2023 , 8:29 pm        
រូបភាព
រូបភាព ៖ REUTERS ។
រូបភាព ៖ REUTERS ។
ចាប់តាំងពីដើមឆ្នាំ ២០២៣មក ការនាំចូលបន្ទះឈីបរបស់អាម៉េរិកពីប្រទេសអាស៊ីចំនួន៤ ក្នុងនោះរួមមាន ថៃ វៀតណាម ឥណ្ឌា និងកម្ពុជា បានកើនឡើងយ៉ាងខ្លាំងក្នុងបរិបទដែលទីក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងមើលការធ្វើពិពិធកម្មការផ្គត់ផ្គង់ផលិតផលប្រភេទនេះ ដើម្បីពន្លឿនការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។
បើតាមទិន្នន័យពីការិយាល័យស្ថិតិអាម៉េរិក ការនាំចូលបន្ទះឈីបបានកើនឡើង ១៧ភាគរយបើធៀបឆ្នាំមុនរហូតដល់ ៤,៨៦ពាន់លានដុល្លារកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដែលក្នុងនោះការនាំចូលពីអាស៊ីមានចំនួន ៨៣ភាគរយបើគិតជាតម្លៃ។ ក្នុងនោះការនាំចូលពីប្រទេសឥណ្ឌាបានកើនឡើង៣៤ដង រហូតដល់ ១៥២លានដុល្លារអាមេរិក ខណៈដែលការនាំចូលពីកម្ពុជាក៏កើនឡើងគួរឲ្យកត់សម្គាល់ គឺជិត ៧ដង។ ការកើនឡើងនៃតួលេខនេះហាក់ខ្ពស់ជាងបន្តិច បើធៀបនឹងដៃគូទីផ្សារចាស់គឺជប៉ុន មានត្រឹមតែ ១៦៦លានដុល្លារ។ 
 
ចំណែកឯវៀតណាម និងថៃជាប្រទេសមានចំណែកធំជាងមុននៃទីផ្សារផលិតបន្ទះឈីប បានបង្កើនពាណិជ្ជកម្មរបស់ពួកគេនៅក្នុងតំបន់នេះជាមួយអាម៉េរិកក្នុងអត្រា ៧៥ភាគរយ និង៦២ភាគរយរៀងគ្នា។  វៀតណាមបានដណ្តើមយកជាង ១០ភាគរយនៃបរិមាណការនាំចូលបន្ទះឈីបទៅអាម៉េរិកក្នុងរយៈពេល ៧ខែជាប់គ្នា។
 
ទាំងនេះគឺជាសញ្ញាចុងក្រោយបង្អស់ដែលបង្ហាញថា អាម៉េរិកកំពុងធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ គ្រឿងអេឡិចត្រូនិករបស់ខ្លួន ដោយផ្លាស់ប្តូរក្រុមហ៊ុនផលិតដែលជាដៃគូចាស់ៗទៅរកដែគូទីផ្សារថ្មីៗដែលកំពុងរីកចម្រើន។
 
ម៉ាឡេស៊ី ដែលជារោងចក្រវេចខ្ចប់បន្ទះឈីបឈានមុខគេមួយរបស់ពិភពលោក នៅតែជាអ្នកផ្គត់ផ្គង់បន្ទះឈីបឈានមុខគេទៅកាន់អាម៉េរិក ប៉ុន្តែចំណែកទីផ្សាររបស់ខ្លួនបានធ្លាក់ចុះមកត្រឹម ២០ភាគរយនៃការនាំចូលសរុបរបស់អាម៉េរិកកាលពីខែកុម្ភៈ ឆ្នាំ២០២៣។
 
សឺមីកុងឌុចទ័រគឺជាធាតុផ្សំដ៏សំខាន់ក្នុងការផលិតឧបករណ៍អេឡិចត្រូនិចនាពេលបច្ចុប្បន្ននេះ រាប់ចាប់ពីកុំព្យូទ័រ និងទូរស័ព្ទ រហូតដល់ឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត។ ចាប់ពីឆ្នាំ ២០២១ អាម៉េរិកបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំរចនាសម្ព័ន្ធខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកឡើងវិញ ជាពិសេសនៅក្នុងវិស័យសឺម៉ីកុងឌុចទ័រ ដែលជាយុទ្ធសាស្ត្រដ៏សំខាន់ដើម្បីធានាឱ្យប្រទេសរបស់ខ្លួន រក្សាជំហររបស់ខ្លួនក្នុងការនាំមុខគេក្នុងវិស័យបច្ចេកវិទ្យា៕
 

Tag:
 កម្ពុជា
  វៀតណាម
  ថៃ
  ឥណ្ឌា
  អាម៉េរិក
  បន្ទះឈីប
© រក្សាសិទ្ធិដោយ thmeythmey.com