កីឡាអន្តរជាតិ
អន្តរជាតិ
Son ក្លាយជាកីឡាករអាស៊ីលើកដំបូងដែលរកបាន ១០០គ្រាប់នៅ Premier League
09, Apr 2023 , 2:39 pm        
រូបភាព
ខ្សែប្រយុទ្ធ Son Heung-Min រកបានគ្រាប់បាល់ទី ១០០ ប្រចាំអាជីពរបស់ខ្លួននៅក្នុងក្របខណ្ឌ Premier League បន្ទាប់ពីស៊ុតបាល់មួយគ្រាប់ក្នុងការប្រកួត ​Tottenham Hotspur យកឈ្នះលទ្ធផល ២-១ លើក្រុម Brighton & Hove Albion ថ្ងៃទី៨ ខែមេសា។ Son ក្លាយជាកីឡាករអាស៊ីលើកដំបូងដែលរកបាន ១០០គ្រាប់នៅ ​Premier League។
ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង ស៊ុតបាល់កោងពីចម្ងាយបញ្ចូលបានយ៉ាងល្អ នៅពីលើតំបន់ប្រអប់ទីរបស់ក្រុម ​Brighton នៅក្នុងពាក់កណ្តាលវគ្គទីមួយ ​នឹងបានជួយ Spurs ឡើងទៅឈរចំណាត់ថ្នាក់លេខ ៥ នៃក្រុមកំពូលតារាង។ 
 
ការស៊ុតបាល់បញ្ចូលទីយ៉ាងល្អនេះ ប្រៀបបានជាការស្វាគមន៍កីឡាករវ័យ ៣០ឆ្នាំ និងជាកម្លាំងចិត្តជាថ្មីសម្រាប់គេ ដែលមិនសូវរកបានគ្រាប់បាល់ក្នុងរដូវកាលនេះ។
ក្រោយមកកីឡាករ Lewis Dunk បានរកគ្រាប់តាមស្មើ ១-១ មកវិញ មុននឹងSpurs រកបានគ្រាប់បាលជ័យជម្នះ ដែលសម្រេចបានដោយ Harry Kane នៅនាទី៧៩។ Spurs បាត់បង់ឱកាសប្រជែងពានរង្វាន់ផ្សេងៗទៀតក្នុងដៃ ខណៈខ្លួននៅសល់តែការប្រកួតដណ្ដើមតំណែង ក្រុមចំណាត់ថ្នាក់កំពូលទាំង ៤ ដើម្បីមានឱកាសលេងនៅ Champions League រដូវកាលក្រោយ។
 
«នេះជាអ្វីដែលខ្ញុំបានស្រមៃចង់បាន វាពិតជារឿងដ៏អស្ចារ្យដែលខ្ញុំទទួលបាន ហើយប្រសិនបើគ្មានការជួយជំរុញពីមិត្តរួមក្រុមខ្ញុំនោះទេ ខ្ញុំមិនអាចសម្រេចវាបានទេ។ គ្រាប់បាល់ទី ១០០ នៅ Premier league គឺជារឿងដ៏ពិបាក ខ្ញុំពិតជារីករាយខ្លាំង ព្រោះខ្ញុំបានឆ្លងកាត់វេលាដ៏លំបាកកាលពីសប្តាហ៍កន្លងទៅ មិនតែប៉ុណ្ណោះលោកយាយខ្ញុំទើបតែចែកឋានទៅ ហើយវាមិនងាយស្រួលឡើយសម្រាប់ខ្ញុំ ខ្ញុំចង់ផ្ញើគ្រាប់បាល់នេះឧទ្ទិសដល់គាត់។»។ Son បាននិយាយប្រាប់ BBC Sports បែបនេះ។
 
Son បានមកកាន់ Spurs កាលពីឆ្នាំ ២០១៥ ដោយផ្លាស់ពីក្រុម Bayer Leverkusen របស់អាល្លឺម៉ង់ក្នុងតម្លៃខ្លួន ២៧លានដុល្លារ។ កាលពីរដូវកាលមុន Son បានក្លាយជាកីឡាករឈ្នះពានរង្វាន់ស្បែកជើងមាស ដោយបានចែករំលែកជាមួយនឹងកីឡាករ ​Mohamed Salah ដែលរកបាន ២៣គ្រាប់ដូចគ្នា។
 
ក្រោយពេលដែលកីឡាករវ័យ ៣០ឆ្នាំ រកបានគ្រាប់បាល់ទី ១០០ នៅ Premier League ដែលជាក្តីស្រមៃ រូបគេក៏បានផ្តាំផ្ញើទៅដល់កីឡាករមកពីតំបន់អាស៊ីដទៃទៀត ឱ្យមានក្តីស្រមៃដូចជារូបគេ ដើម្បីអាចឈានជើងលេងនៅក្នុងក្របខណ្ឌបាល់ទាត់ធំៗអឺរ៉ុប និងសម្រេចបានសមិទ្ធិផលដូចគ្នានេះ៕
 
 

Tag:
 Son Heung-Min​
  Premier league
© រក្សាសិទ្ធិដោយ thmeythmey.com