កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូបង្វឹក Real ៖ ចាញ់ ​Villarreal មកពីកីឡាករគ្មានភាពជឿជាក់ ១០០ភាគរយក្នុងការប្រកួត
09, Apr 2023 , 3:59 pm        
រូបភាព
លោក Carlo Ancelotti សារភាពថាកីឡាករ Real Madrid របស់លោកមិនមានការជឿជាក់ ១០០ភាគរយឡើយ ក្នុងការប្រកួតចាញ់ក្រោមថ្វីជើង Villarreal លទ្ធផល ៣-២ នាថ្ងៃទី៨ ខែមេសា។
លទ្ធផល ៣-២នេះ កីឡាករ ​Samuel Chukwueze បង្ហាញទម្រង់លេងបានយ៉ាងល្អសម្រាប់ក្រុម Villarreal ក្នុងជ័យជម្នះ ដែលមិនអាចបំភ្លេចបានក្នុងកីឡដ្ឋាន Santiago Bernabeu។
រដូវកាល ២០២២-២៣ Villarreal ជាក្រុមដំបូងដែលអាចរក្សាកំណត់ត្រាជ័យជម្នះខ្លួនដល់ទៅ ២លើក លើក្រុមអធិរាជសក្នុងក្របខណ្ឌ La Liga។
 
បរាជ័យបានធ្វើឱ្យ ​Real Madrid បន្តរងសម្ពាធពីគម្លាតពិន្ទុរបស់ក្រុម Barcelona ដែលឈរកំពូលតារាង ក្នុងការប្រជែងដណ្តើមពានរង្វាន់ La Liga។ Real Madrid ទើបតែទម្លាក់ Barcelona ក្នុងលទ្ធផល ៤-១ ដើម្បីឡើងទៅកាន់ពានរង្វាន់ Copa del Rey វគ្គផ្តាច់ព្រ័ត្រ។
 
មានគម្លាតពិន្ទុ ១២ពិន្ទុឈរពីក្រោម Barca លោក Ancelotti សារភាពថាជារឿងពិបាកបំផុតសម្រាប់ក្រុមលោក ដើម្បីឱ្យមានភាពជឿជាក់ ១០០ភាគរយ សម្រាប់ការប្រកួតក្នុងលីគ។
«វាពិតជារឿងដ៏លំបាក វាពិតជាពិបាកក្នុងការស្វែងរកការប្រជែងបាល់ត្រលប់មកវិញ ព្រោះពួកគេពិតជាធ្វើបានល្អលើក្រុមយើង ហើយយើងមានឱកាសដើម្បីបើកការនាំមុខ ៣-១។

យើងគួរតែអាចយកបានជ័យជម្នះ ប៉ុន្តែវាមិនបានកើតឡើង យើងមិនបានការពារ ពិតណាស់វាពិតជាពិបាកសម្រាប់យើងដែលអាចមានភាពជឿជាក់ ១០០ភាគក្នុងកាលៈទេសៈនេះ។»។ លោក Ancelotti បាននិយាយប្រាប់ក្នុងសន្និសីទកាសែតបែបនេះ។
 
ការប្រកួតបន្ទាប់របស់ Real Madrid នឹងត្រូវបើកទ្វារផ្ទះ Santiago Bernabeu ស្វាគមន៍ជាមួយក្រុមតោខៀវ Chelsea សម្រាប់ជំនួបពានរង្វាន់ UEFA Champions League វគ្គ ៨ក្រុមចុងក្រោយជើងទីមួយ៕
 

Tag:
 Carlo Ancelotti
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com