កីឡាអន្តរជាតិ
អន្តរជាតិ
De Bruyne ក្លាយជាកីឡាករទី ៥ បញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត ១០០គ្រាប់នៅ Premier League
09, Apr 2023 , 7:29 pm        
រូបភាព
Kevin De Bruyne ក្លាយជាកីឡាករទី៥ ដែលបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត ១០០គ្រាប់ នៅក្របខណ្ឌ Premier League បន្ទាប់ពីរូបគេបានបង្កើតឱកាសដល់មិត្តរួមក្រុមស៊ុតបើកឆាកគ្រាប់ដំបូងក្នុងជ័យជម្នះ ៤-១ Manchester City ឈ្នះលើក្រុម Southampton ថ្ងៃទី៨ ខែមេសា។
De Bruyne បញ្ជូនបាល់គ្រាប់ទីមួយរបស់​ Man City ទៅកាន់ខ្សែប្រយុទ្ធពូកែរកគ្រាប់បាល់ Erling Haaland ស៊ុតបញ្ចូលទី ដែលការបញ្ជូននេះហើយ ធ្វើឱ្យរូបគេសម្រេចសមិទ្ធិផលដ៏អស្ចារ្យប្រចាំប្រវត្តិសាស្ត្រ Premier League។
 
ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក ធ្វើបានកំណត់ត្រាដ៏ពិសេសនេះលឿនបំផុត ដោយបានបង្ហាញខ្លួនលេងឱ្យ Man City ចំនួន ២៣៧ប្រកួត ខណៈកីឡាករដែលធ្លាប់ធ្វើបានកំណត់ត្រានេះ Cesc Fabregas ដែលធ្វើបានបញ្ជូនបាល់ ១០០គ្រាប់ ក្នុងការបង្ហាញខ្លួនលេងចំនួន ២៩៣ប្រកួត។ កីឡាករដែលធ្វើបានកំណត់ត្រាបញ្ជូនបាល់ ១០០គ្រាប់ឱ្យមិត្តរួមក្រុមស៊ុត ៣រូបផ្សេងទៀត មានដូចជាលេខ ១ Ryan Giggs, Wayne Rooney និង Frank Lampard។
 
ការបញ្ជូលបាល់ ១០០គ្រាប់ គិតត្រឹមតែការលេងឱ្យក្រុម Man City តែមួយប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលអំឡុងរូបគេលេងនៅក្រុម Chelsea ចន្លោះឆ្នាំ ២០១២ ដល់ ២០១៤ មុនពេលរូបគេផ្លាស់ទៅកាន់ក្រុម Wolfsburg នោះឡើយ។ De Bruyne បានវិលមកកាន់ Premier League ដោយលេងឱ្យ Man City ក្នុងរដូវកាល ២០១៥-១៦។
 
អនាគតបន្តទៀតរបស់ De Bruyne នឹងអាចធ្វើបានកំណត់ត្រានេះកើនឡើងបន្ថែមទៀត មុនពេលបញ្ចប់រដូវកាល ២០២២-២៣ នេះ ដោយ Lampard ឈរនៅចំណាត់ថ្នាក់លេខ ៤ មានចំនួន ១០២គ្រាប់, Rooney ចំនួន ១០៣គ្រាប់ និង Cesc Fabregas មានចំនួន ១១១គ្រាប់៕
 
 

Tag:
 Kevin de Bruyne
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com