សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ធនាគារនៅអាស៊ីកំពុងទទួលបានប្រាក់យ៉ាងច្រើន ក្រោយមានវិបត្តិធនាគារនៅលោកខាងលិច
10, Apr 2023 , 9:29 pm        
រូបភាព
រូបភាពពី Xinhua News ។
រូបភាពពី Xinhua News ។
វិបត្តិធនាគារនៅអាម៉េរិក និងស្វីសកំពុងបង្វែរទិសដៅប្រាក់ហូរចូលទៅក្នុងធនាគារនៅអាស៊ី ជាកន្លែងដែលវិនិយោគិនជឿជាក់ថា មានសុវត្ថិភាព។ ទឹកប្រាក់ចំនួន ៥,៥ពាន់លានដុល្លារ បានហូរទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងរយៈពេល ៤សប្តាហ៍ គិតត្រឹមចុងខែមីនា ដែលភាគច្រើនហូរចូលបណ្តាប្រទេសអាស៊ី។
 
ការវិភាគរបស់ធនាគារ Citibank បង្ហាញថា ទីផ្សារហិរញ្ញវត្ថុអាស៊ី មានភាពរឹតបន្តឹងតិចជាងបើធៀបអាម៉េរិក ហើយរូបិយប័ណ្ណអាស៊ីភាគច្រើនបានឡើងថ្លៃធៀបនឹងដុល្លារ។ ចាប់តាំងពីថ្ងៃទី ១០ ខែមីនា នៅពេលដែលធនាគារ Silicon Valley បានដួលរលំ សន្ទស្សន៍ភាគហ៊ុនរបស់ក្រុមហិរញ្ញវត្ថុអាម៉េរិក បានធ្លាក់ចុះជិត ១០ភាគរយ ខណៈដែលសន្ទស្សន៍នៃអាស៊ី មានការកើនឡើងគួរឱ្យកត់សម្គាល់។ 
 
លោកស្រី Johanna Chua នាយកគ្រប់គ្រង និងជាប្រធានផ្នែកវិភាគសេដ្ឋកិច្ចសម្រាប់ទីផ្សារអាស៊ីប៉ាស៊ីហ្វិកប្រចាំធនាគារ Citibank បានលើកឡើងថា អាស៊ីនៅតែត្រូវបានការពារយ៉ាងល្អពីវិបត្តិធនាគារនាពេលថ្មីៗនេះ ដែលកំពុងកើតឡើងនៅប្រទេសលោកខាងលិច។ អ្នក​ជំនាញ​រូប​នេះ​បាន​បន្ត​ថា​៖ «​ការ​ធ្លាក់​ចុះ​គឺ​ផ្តោត​លើ​សហរដ្ឋ​អាម៉េរិក ដែល​មាន​ន័យ​ថា​ប្រាក់​ដុល្លារ​មាន​ភាព​ទន់​ខ្សោយ ដែលនេះ​ជា​ការ​គាំទ្រ​បន្ថែម​ទៀត​សម្រាប់​លំហូរ​មូលធន​នៅ​អាស៊ី»។
 
បណ្តាអ្នកសេដ្ឋកិច្ចជាច្រើនយល់ថា កត្តាមួយក្នុងការអនុគ្រោះដល់អាស៊ីប៉ាស៊ីហ្វិក គឺគោលនយោបាយរូបិយវត្ថុ ជាទូទៅមានភាពទន់ភ្លន់ជាង។ ធនាគារកណ្តាលក្នុងប្រទេសអូស្ត្រាលី កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី និងឥណ្ឌាបានបញ្ឈប់វដ្តនៃការរឹតបន្តឹងរូបិយវត្ថុ។ ទន្ទឹមនឹងនេះ ប្រទេសចិនបានអនុវត្តគោលនយោបាយរូបិយវត្ថុធូររលុង ហើយបានបើកប្រទេសឡើងវិញដែលជាការទាក់ទាញមួយដ៏ខ្លាំងសម្រាប់អ្នកវិនិយោគ។
 
បើយោងតាមទិន្នន័យពី TD Securities ទឹកប្រាក់ចំនួន ៥,៥ពាន់លានដុល្លារបានហូរចូលប្រទេសកំពុងអភិវឌ្ឍន៍នៅរយៈពេល ៤សប្តាហ៍ គិតត្រឹមចុងខែមីនា ដែលភាគច្រើនហូរចូលបណ្តាប្រទេសអាស៊ី។ ទឹកប្រាក់ជាង ៧០ភាគរយវិនិយោគចាក់ចូលទៅក្នុងប្រទេសចិន។ ទន្ទឹមនឹងនេះ គេក៏ឃើញប្រទេសអភិវឌ្ឍន៍បានលំហូរទឹកប្រាក់ចេញសុទ្ធចំនួន ៨,៦ពាន់លានដុល្លារផងដែរ ក្នុងនោះសហរដ្ឋអាម៉េរិកគឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេ។
លោក David Chao អ្នកយុទ្ធសាស្រ្តទីផ្សារសកលសម្រាប់អាស៊ីប៉ាស៊ីហ្វិកនៅក្រុមហ៊ុន Invesco Asset Management បាននិយាយថា ៖ «វិនិយោគិននៅតែសម្លឹងមើលទីផ្សារដែលកំពុងរីកចម្រើននៅអាស៊ីដែលជាតំបន់ដែលទាក់ទាញបំផុតបន្ទាប់មកគឺអឺរ៉ុប។ ប្រសិនបើ Fed ឈប់ដំឡើងអត្រាការប្រាក់ វាពិតជានឹងជំរុញលំហូរមូលធនត្រឡប់ទៅទីផ្សារដែលកំពុងរីកចម្រើននៅអាស៊ី»។
 
នៅសប្តាហ៍នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយថា បណ្តាប្រទេសសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នៅអាស៊ីដែលនាំមុខចិន កំពុងតែស្ថិតនៅក្នុងកំណើនលឿន ជាមួយអតិផរណាយឺតសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ។ ផ្ទុយទៅវិញ បណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿនកំពុងរួមចំណែកដល់ទស្សនវិស័យពិភពលោកកាន់តែអាប់អួរ។
 
លោក Frederic Neumann ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីរបស់ធនាគារ HSBC បានឱ្យដឹងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចចិន ត្រូវបានគេរំពឹងថានឹងរីកសាយភាយពាសពេញតំបន់ដែលផ្តោតលើអត្ថប្រយោជន៍ជារួមដូចជា ការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ ការកើនឡើងនូវទំនិញ និងការកើនឡើងបំណុលតិចតួច។
 
ចំណែកលោកស្រី Johanna Chua យល់ថា ហុងកុង និងថៃ ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការបើកដំណើរការឡើងវិញរបស់ចិន។ សេដ្ឋកិច្ចដែលនាំមុខដោយសេវាកម្មក្នុងស្រុកដូចជាឥណ្ឌា និងហ្វីលីពីន ហាក់ដូចជាមានភាពប្រសើរជាង មុនពេលនៃកំណើនពិភពលោក។ ទន្ទឹមនឹងនេះដែរ ប្រទេសនិងតំបន់ដែលមានទំហំសេដ្ឋកិច្ចតូច និងបើកចំហខ្ពស់ដូចជា សិង្ហបុរី វៀតណាម កូរ៉េខាងត្បូង ម៉ាឡេស៊ី និងតៃវ៉ាន់ ទំនងជាងាយរងគ្រោះដោយសារផលប៉ះពាល់នៃតម្រូវការកាត់បន្ថយ។
 
 
ជារួមអាស៊ីមិនមានភាពស៊ាំទាំងស្រុងចំពោះភាពចលាចលផ្នែកហិរញ្ញវត្ថុដែលរីករាលដាលពីសហរដ្ឋអាមេរិកនោះទេ។ លោក Jonathan Kearns ប្រមុខសេដ្ឋវិទូនៅក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ Challengerបាននិយាយថា ទស្សនវិស័យអាស៊ីនៅតែអាស្រ័យលើស្ថិរភាពអឺរ៉ុប និងអាម៉េរិក។ លោក​បាន​បន្ត​ថា​៖ «​ប្រសិន​បើ​មាន​ភាព​ចលាចល​បន្ថែម​ទៀត​ដល់​កម្រិត​ណា​មួយនោះ ​វា​នឹង​រាលដាល​ដល់​អាស៊ីជាក់ជាមិនខាន​»៕
 

Tag:
 ធនាគារ
  លោកខាងលិច
  អាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com