សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឥណ្ឌាចង់ជំនួសតំណែងចិន នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក
11, Apr 2023 , 9:29 pm        
រូបភាព
រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌាលោកស្រី Nirmala Sitharaman បាននិយាយថា ឥណ្ឌាចង់ចូលរួមកាន់តែច្រើននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ហើយជំនួសតួនាទីរបស់ចិន ដោយសារតែប្រទេសខ្លួន បានគ្របដណ្តប់វិស័យផលិតកម្មធំៗលើពិភពលោក។
 
នៅក្នុងវេទិកាមួយរបស់វិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ Peterson កាលពីថ្ងៃទី ១០ ខែមេសា នៅសហរដ្ឋអាម៉េរិក លោកស្រី Sitharaman បានឱ្យដឹងថា គំនិតផ្តួចផ្តើមជំរុញផលិតកម្មរបស់ឥណ្ឌា បានគ្របដណ្តប់លើវិស័យចំនួន ១៣ រួមទាំងសឺមីកុងឌុចទ័រផងដែរ។ កម្មវិធីទាំងនេះ នឹងនាំខ្សែច្រវាក់តម្លៃសកលទៅកាន់ឥណ្ឌា។ លោកស្រីរំពឹង​ថា​ នឹងមាន​ផលិត​ទំនិញ​ប្រើប្រាស់​ក្នុង​បរិមាណ​ច្រើន​ជាងមុន ដើម្បី​បំពេញ​តម្រូវការ​ក្នុងស្រុក និង​អន្តរជាតិ​។
 
កាលពីខែមុន ឥណ្ឌា បានកំណត់គោលដៅក្នុងការនាំចេញឱ្យបាន ២ទ្រីលានដុល្លារនៅឆ្នាំ ២០៣០។ ប្រទេសអាស៊ីខាងត្បូងមួយនេះ កំពុងព្យាយាមក្លាយជាជម្រើសដ៏សំខាន់ សម្រាប់ក្រុមហ៊ុនដែលកំពុងស្វែងរកការផ្លាស់ប្តូរផលិតកម្មចេញពីប្រទេសចិន។ នៅឆ្នាំ ២០១៤ ឥណ្ឌាមានក្រុមផលិតសម្ភារៈប្រើប្រាស់តិចតួចណាស់។ ប៉ុន្តែមកដល់ពេលនេះ ពួកគេបានក្លាយជាក្រុមហ៊ុននាំចេញទូរស័ព្ទដ៏ធំបំផុតមួយ នៅក្នុងពិភពលោក។
 
​កន្លង​ទៅ ​ឥណ្ឌា​ បាន​បន្ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​យ៉ាង​សកម្ម​ជាមួយ​ប្រទេស​ជា​ច្រើន ​រួម​មាន​អូស្ត្រាលី អង់គ្លេស និង​កាណាដា។ បើតាមលោកស្រី Sitharaman ប្រទេសដែលមានប្រជាជនចំនួន ១​,៤ពាន់លាននាក់ ក៏កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប (EU) ផងដែរ។
 
ចាប់តាំងពីឆ្នាំ ២០១៤​ មក ប្រទេសឥណ្ឌា បានចាប់ផ្តើមយុទ្ធនាការ Made in India ដើម្បីជួយធ្វើឱ្យឥណ្ឌា ក្លាយជាមជ្ឈមណ្ឌលផលិតកម្មពិភពលោក និងលើកទឹកចិត្តឱ្យអាជីវកម្មពហុជាតិបង្កើនផលិតកម្មនៅទីនេះ។ គោលដៅរបស់ពួកគេគឺថាវិស័យនេះ រួមចំណែក ២៥ភាគរយនៃផលិតផលក្នុងស្រុកសរុប។
 
ភាពតានតឹងភូមិសាស្ត្រនយោបាយ និងវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យមានភាពផុយស្រួយនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលជំរុញឱ្យអាជីវកម្មស្វែងរកវិធី ដើម្បីធ្វើពិពិធកម្មការផ្គត់ផ្គង់របស់ពួកគេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាក្រុមហ៊ុនជាច្រើនបានអនុវត្តគោលនយោបាយ China+1 ដែលមានន័យថា ពួកគេមានរោងចក្រយ៉ាងហោចណាស់មួយ នៅខាងក្រៅប្រទេសចិន ដែលជាមូលដ្ឋានផលិតកម្មសកល។
 
ក្រុមហ៊ុន Foxconn Technology Group គ្រោងនឹងសាងសង់រោងចក្រថ្មីតម្លៃ ៧០០លានដុល្លារនៅឥណ្ឌា ដើម្បីផលិតគ្រឿងបន្លាស់ iPhone ។ ក្រុមហ៊ុនដំឡើង AirPods GoerTek ក៏មានគម្រោងបើករោងចក្រនៅប្រទេសវៀតណាម ហើយកំពុងពិចារណាពង្រីកទៅឥណ្ឌា។
 
ទោះជាយ៉ាងណាក៏ដោយ CNBC ជឿជាក់ថា មហិច្ឆតារបស់ឥណ្ឌា ក្នុងការក្លាយជារោងចក្រថ្មី សម្រាប់ពិភពលោក គឺពិបាកនឹងអាចទៅរួច។ ជាឧទាហរណ៍ ការិយាធិបតេយ្យ ហេដ្ឋារចនាសម្ព័ន្ធហួសសម័យ និងអំពើពុករលួយ ដែលបានបង្ខំឱ្យអាជីវកម្មបរទេសជាច្រើន ចាកចេញពីប្រទេសឥណ្ឌា។ កង្វះកម្លាំងពលកម្មជំនាញ និងកង្វះរបកគំហើញច្នៃប្រឌិត គុណភាពផលិតផលមិនល្អ និងការស្ទាក់ស្ទើរក្នុងការអនុវត្តបច្ចេកវិទ្យា ក៏ត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមនៅទីនេះផងដែរ៕
 
 

Tag:
 ឥណ្ឌា
  ចិន
  ខ្សែច្រវាក់ផ្គត់ផ្គង់
© រក្សាសិទ្ធិដោយ thmeythmey.com