កីឡាអន្តរជាតិ
អន្តរជាតិ
Haaland កំពុងតែដេញតាមកំណត់ត្រា ជាខ្សែប្រយុទ្ធឆ្នើមបំផុតនៅ Premier League
11, Apr 2023 , 4:59 pm        
រូបភាព
Erling Haaland កំពុងតែធ្វើដំណើរក្លាយជាកីឡាករនៅ Premier League ដំបូងដែលរកបានគ្រាប់បាល់ ៤៥គ្រាប់ រាល់គ្រប់ការប្រកួតនៅក្នុងរដូវកាល ២០២២-២៣ ដោយត្រឹមតែរកបានគ្រាប់បាល់ ១គ្រាប់បន្ថែមទៀតប៉ុណ្ណោះ។


កីឡាករសញ្ជាតិន័រវែស វ័យ ២២ឆ្នាំ បានក្លាយជាម៉ាស៊ីនស៊ុតរកគ្រាប់បាល់នៅក្នុងក្រុម Manchester City នៅរដូវកាលដំបូងរបស់ខ្លួន ហើយកំពុងតែមើលឃើញរូបគេ ក្នុងការឈ្នះពានរង្វាន់ស្បែកជើងមាសផងដែរ។
 
ខាងក្រោមនេះជាកីឡាកររកបានគ្រាប់បាល់ច្រើនដំផុតក្នុងមួយរដូវកាលក្នុងនាមជាកីឡាករនៅក្លិប Premier League៖
 
Harry Kane រកបាន ៤១គ្រាប់ រដូវកាល ២០១៧-១៨
Kane ធ្លាប់ក្លាយជាកីឡាករដ៏មានថាមពលបំផុត នៅក្នុងរដូវកាល ២០១៧-១៨ ខណៈ Tottenham ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ នៃ Premier League។
ភាពស្រែកឃ្លាននៃកីឡាករពាក់អាវលេខ ១០ នៅក្រុម Spurs រកបាន ៤១គ្រាប់ រាល់គ្រប់ការប្រកួតកាលនោះ ៣០គ្រាប់ធ្វើបាននៅក្នុងក្របខណ្ឌ Premier League ហើយបានរុញច្រានរូបគេ ឱ្យក្លាយជាកីឡាករឈ្នះស្បែកជើងមាស។ តែយ៉ាងណារកបានត្រឹម ៤១គ្រាប់នេះប៉ុណ្ណោះ ពោលគឺការប្រកួត ៤ចុងក្រោយបង្អស់នៃរដូវកាលនោះ រូបគេមិនមានគ្រាប់បាល់បន្ថែមបានទៀតឡើយ។


 
Andrew Cole រកបាន ៤១គ្រាប់ រដូវកាល ១៩៩៣-៩៤
 
Andrew Cole អតីតកីឡាករក្រុម Newcastle United ដែលលេងនៅក្នុងរដូវកាល ១៩៩៣-៩៤ ជារដូវកាលមួយ ដែលលោកបានក្លាយជាកីឡាករស៊ុតរកគ្រាប់បាល់ និងស្តេចបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ។ កាលនោះលោកបានជួយឱ្យក្រុម Newcastle បញ្ចប់ចំណាត់ថ្នាក់ពីក្រោមក្រុម Blackburn និងក្រុម Manchester United។
 
លោក Cole រកបាន ៣៤គ្រាប់នៅក្នុងក្របខណ្ឌ Premier League នឹងគ្រាប់បាល់ផ្សេងទៀត រាល់គ្រប់ការប្រកួតនៅរដូវកាលដំបូងនៃក្របខណ្ឌលីគកំពូលអង់គ្លេស។ កាលនោះការស៊ុតគ្រាប់បាល់ទល់ ​Man United, Liverpool និង Arsenal ពីសំណាក់លោក Cole បានជួយឱ្យក្រុម Newcastle ឈានជើងឡើងលេងក្នុងពានរង្វាន់ UEFA Cup លើកដំបូងតាំងពីឆ្នាំ ១៩៧០។
  


Cristiano Ronaldo រកបាន ៤២គ្រាប់ រដូវកាល ២០០៧-០៨
 
មុនពេល Ronaldo ផ្លាស់ទៅកាន់ក្រុម Real Madrid ក្នុងឆ្នាំ ២០០៩ រូបគេបានបង្កើតភាពភ្ញាក់ផ្អើលខ្លាំង និងអស្ចារ្យបំផុតនៅក្របខណ្ឌ Premier League។ កីឡាករសញ្ជាតិព័រទុយហ្កាល់ ​រកបាន ៣១គ្រាប់ក្នុង Premier League ពីការបង្ហាញខ្លួន ៣៤ប្រកួត នៅក្នុងរដូវកាល ២០០៧-០៨ និងគ្រាប់បាល់ ១១គ្រាប់ ទៀត នៅការប្រកួតទាំងនៅពានរង្វាន់ Champions League, EFL Cup និង FA Cup។



Erling Haaland រកបាន ៤៤គ្រាប់ រដូវកាល ២០២២-២៣
 
ត្រឹមរដូវកាលដំបូង កីឡាករពាក់អាវលេខ ៩ ស៊ុតបាល់បញ្ចូលទីចំនួន ៣០គ្រាប់ហើយ ពីការបង្ហាញខ្លួន ២៧ប្រកួតក្នុង Premier League និងគ្រាប់បាល់ ១០គ្រាប់នៅក្នុងក្របខណ្ឌ Champions League។ ការរកគ្រាប់បាល់ដ៏ច្រើនបំផុតដែល Haaland ធ្វើបានក្នុងមួយប្រកួតនោះគឺ ការស៊ុត ​Hat-Trick ២ដងក្នុងមួយប្រកួតទល់ Crystal Palace និងក្រុម Nottingham Forest។ ចំណែកការប្រកួត UCL ទល់ Leipzig Haaland ស៊ុតចូល ៥គ្រាប់ម្នាក់ឯង។
 
ខណៈរដូវកាលមិនទាន់បញ្ចប់ Haaland ក៏នៅមានឱកាសដ៏ច្រើនបន្ថែមទៀត ដើម្បីបំបែកកំណត់ត្រាដែលមិនធ្លាប់ត្រូវបានកីឡាករដទៃធ្វើបានកាលពីមុនមក។ Haaland ត្រូវការត្រឹមតែមួយគ្រាប់ទៀតប៉ុណ្ណោះ ដើម្បីក្លាយជាកីឡាករដែលស៊ុតបាល់បញ្ចូលទីច្រើនបំផុតនៅក្លិបប្រចាំ Premier League។
  


Mohamed Salah រកបាន ៤៤គ្រាប់ រដូវកាល ២០១៧-១៨
 
Salah បង្កភាពភ្ញាក់ផ្អើលនៅរដូវកាល ២០១៧-១៨ ដែលរូបគេជាកីឡាករអេហ្ស៊ីបរកបាន ៤៤គ្រាប់រាល់ការប្រកួតរបស់ Liverpool កាលនោះ។ នៅក្នុងក្របខណ្ឌ Premier League កាលនោះរូបគេរកបាន ៣២គ្រាប់ និងជួយ Liverpool បញ្ចប់ចំណាត់ថ្នាក់លេខ ៤។
  


Ruud van Nistelrooy រកបាន ៤៤គ្រាប់ រដូវកាល ២០០២-០៣
 
Van Nistelrooy ត្រូវបានចង់ចាំថាជាខ្សែប្រយុទ្ធដ៏មានគ្រោះថ្នាក់បំផុត ប្រចាំនៅក្របខណ្ឌ Premier League ក្នុងរដូវកាល ២០០២-០៣។ នៅក្នុង Premier league អតីតកីឡាករសញ្ជាតិហូឡង់រកបាន ៣០គ្រាប់ និង ១៤គ្រាប់នៅក្នុងពានរង្វាន់ក្របខណ្ឌ អឺរ៉ុប Champions league៕
 


Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com