កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ ៥រូបដែលលេងបាល់ទាត់អំឡុងខ្លួនមានបញ្ហាជំងឺប្រចាំកាយ
16, Apr 2023 , 8:39 am        
រូបភាព
កីឡាបាល់ទាត់ មិនដូចទៅនឹងកីឡាដទៃផ្សេងឡើយ ។ បាល់ទាត់គឺពោរពេញទៅដោយការស្រលាញ់ស្ទើរតែមួយពិភពលោក។ នៅពេលដែលកីឡាករម្នាក់ៗឈានដល់កម្រិតអាជីពលំដាប់ពិភពលោក កីឡាករម្នាក់នោះ ត្រូវតែផ្តល់គ្រប់យ៉ាងសម្រាប់ការប្រកួតនោះ ទាំងកម្លាំងកាយ កម្លាំងចិត្ត។
យ៉ាងណាបញ្ហារបួសក៏ជាផ្នែកមួយនៃកីឡាបាល់ទាត់ ព្រោះវាបានទាមទារឱ្យមានការប្រើប្រាស់កម្លាំងខ្លាំង ដែលវាងាយឱ្យកីឡាករមានបញ្ហារបួស។ ទោះយ៉ាងនេះក៏ដោយ តារាបាល់ទាត់លំដាប់ពិភពលោកមួយចំនួន បានបន្តប្រកបអាជីពខ្លួនជាមួយបញ្ហារបួសដ៏ធ្ងន់ធ្ងរទាំងនោះ ដោយបញ្ចេញនូវសមត្ថភាពដ៏អស្ចារ្យបំផុត នៅលើទីលាន ហើយទទួលបានការស្ញប់ស្ញែងយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ 
 
បើតាមគេហទំព័រ Sportskeeda.com ខាងក្រោមនេះជាកីឡាករចំនួន ៥រូប ដែលប្រកបអាជីពបាល់ទាត់ ជាមួយបញ្ហាជំងឺប្រចាំកាយ៖
 
១​. David Beckham ជំងឺហឺត
Beckham ជាកីឡាករម្នាក់ល្អបំផុតប្រចាំប្រវត្តិសាស្ត្រក្លិប ​Manchester United និងក្រុមជម្រើសជាតិអង់គ្លេសអំឡុងឆ្នាំ ២០០២។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ មានភាពទាក់ទាញខ្លាំងជាមួយបច្ចេកទេសនៃការទាត់បាល់​ Free Kick យ៉ាងល្អបំផុតមិនធ្លាប់មាន និងជាខ្សែបម្រើដ៏មានភាពវ័យធ្លាតបំផុត។ តែយ៉ាងណាមិនសូវមានមនុស្សច្រើនឡើយ ដែលដឹងថា អតីតប្រធានក្រុមអង់គ្លេសរូបនេះ មានជំងឺ«ហឺត» ប្រចាំកាយ ដោយកាលពីឆ្នាំ ២០០៩ Beckham ត្រូវបានគេប្រទះឃើញប្រើប្រាស់ប្រដាប់ហឺត មុនការប្រកួតទល់ក្រុម ​Real Salt Lake ខណៈរូបគេលេងឱ្យក្រុម LA Galaxy។


 
២.Petr Cech របួសក្បាល
យើងចាំមិនភ្លេចនោះទេ ការប្រកួតដ៏អស្ចារ្យរវាង Chelsea ទល់ Reading កាលពីឆ្នាំ ២០០៦ ដោយការប្រកួតនោះ ជាពេលដែល Cech បានប៉ះទង្គិចគ្នាជាមួយកីឡាករ Stephan Hunt របស់ Reading រហូតមានបញ្ហារបួសក្បាល។ ក្រោយចប់ការប្រកួត Cech បានត្រួតពិនិត្យការប៉ះទង្គិចនោះ ហើយត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា បានបាក់ឆ្អឹងលលាដ៍ក្បាលកម្រិតទី៣ ។ គ្រានោះក្រុមគ្រូពេទ្យបាននិយាយថា ​Cech នឹងត្រូវបញ្ចប់អាជីពរបស់គេ ដើម្បីចៀងវាងវិបត្តិធ្ងន់ធ្ងរទៅថ្ងៃមុខ។



តែយ៉ាងណាបន្ទាប់ពីការព្យាបាលទទួលបានជោគជ័យ Cech បានវិលត្រលប់មកការប្រកួតឱ្យក្រុម Chelsea វិញ ប៉ុន្តែរាល់ការប្រកួត រូបគេតែងប្រើប្រាស់មួកការពារក្បាលពីការប៉ះទង្គិចនានា រហូតដល់រូបគេចូលនិវត្តន៍ពីបាល់ទាត់។
 
៣.Paul Scholes ស្ទះសរសៃវែនក្នុងភ្នែកខាងស្តាំ
វីរបុរសដែលឈ្នះពានរង្វាន់ Premier League ១១លើក, FA Cup ៣លើក, EFL Cup ២លើក និង UEFA Champions League ២លើក , Scholes ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតប្រចាំប្រវត្តិសាស្ត្របិសាចក្រហម Manchester United។ Scholes បង្ហាញខ្លួនជាង ៧០០ប្រកួតឱ្យបិសាចក្រហម ខណៈរកបាន ១៥០គ្រាប់ក្នុងនាមជាខ្សែបម្រើ ។ តែការពិតអតីតកីឡាករដ៏ឆ្នើមរូបនេះ បានប្រកបអាជីពខ្លួនជាមួយជំងឺភ្នែកមួយចំហៀង។ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យជាមួយគ្រូពេទ្យរួច Scholes មានបញ្ហាស្ទះសរសៃវែនក្នុងភ្នែកខាងស្តាំ។


 
៤. David de Gea ភ្នែកមីញ៉ូប
ជាកីឡាករចាំទីដ៏ល្អ និងអស្ចារ្យមួយរូបនាពេលបច្ចុប្បន្ន កីឡាករសញ្ជាតិអេស្ប៉ាញ មានបច្ចេកទេសខ្ពស់ក្នុងការសង្រ្គោះបាល់ពីការស៊ុតរបស់គូប្រកួត។ De Gea ក៏ជាកីឡាករម្នាក់ ដែលមានភាពជាអ្នកដឹកនាំ ជាមួយគុណភាពក្នុងការប្រកួតបាល់ទាត់ ក្នុងនាមជាអ្នកចាំទីដ៏ស្អិតមួយរូប នៅលើពិភពបាល់ទាត់។ 
  


អ្នកចាំទីរូបនេះមានគុណសម្បត្តិទាំងនេះ ជាមួយនឹងលក្ខខណ្ឌដែលគេស្គាល់ថាជាមីញ៉ូប (Myopia) ។ កីឡាករចាំទីរូបនេះតែងប្រើប្រាស់វ៉ែនតាស្ទើរតែពេញមួយជីវិតរបស់គេ។ អំឡុងឆ្នាំ ២០១២ កាល Man United ស្ថិតក្រោមការដឹកនាំរបស់លោក Sir Alex Ferguson អ្នកចាំទីអេស្ប៉ាញ បានទទួលការវះកាត់ភ្នែក តាមរយៈប្រព័ន្ធឡាស៊ែរ (Laser) ជោគជ័យ ហើយរូបគេក៏ប្រែក្លាយជាអ្នកចាំទីដ៏អស្ចារ្យមួយរូប ក្នុងពិភពលោកមកដល់ពេលនេះ។
 
៥.Edgar Davids ជំងឺដក់ទឹកក្នុងភ្នែក
លោក Davids ជាអតីតកីឡាករបាល់ទាត់មួយរូប ដែលត្រូវបានគេស្គាល់ច្រើនកាលពីជំនាន់មុន ។ លោកក៏ជាអតីតខ្សែបម្រើការពារម្នាក់ដ៏រឹងមាំ សម្រាប់ក្រុមជម្រើសជាតិហូឡង់ និងសម្រាប់ក្លិប Juventus ជាមួយការប្រើប្រាស់វ៉ែនតា ខណៈកំពុងលេងបាល់។ មូលហេតុដែលលោក Davids ពាក់វ៉ែនតាទាត់បាល់ដោយសារតែជំងឺទឹកដក់ក្នុងភ្នែក (Glaucoma)៕


 
 

Tag:
 Top 5 players
  Footbal
© រក្សាសិទ្ធិដោយ thmeythmey.com