កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ ៥រូប ដែលលេងបាល់ល្អដោយប្រើជើងទាំងសងខាងក្នុងរដូវកាលនេះ
15, Apr 2023 , 8:29 am        
រូបភាព
ក្នុងវិស័យបាល់ទាត់ កីឡាករដែលចេះប្រើជើងសងខាង ក្នុងការញាក់ និងបច្ចេកទេសអូសបាល់នោះ វាមានអំណោយផលល្អដល់ពួកគេក្នុងការមានប្រៀបលើគូប្រកួត។


ភាពច្បាស់លាស់នៃជើងទាំងសងខាង ងាយស្រួលឱ្យកីឡាករផ្លាស់ប្តូរទិសដៅការញាក់បាល់របស់គេបានលឿន និងការស៊ុត ឬប៉ះបាល់ ដោយមិនងាយឱ្យគូប្រកួតតាមចង្វាក់លេងទាន់ទេ។ មិនតែប៉ុណ្ណោះការប្រើជើងទាំង ២ នឹងជួយបង្កើនល្បឿននៅពេលរត់ជាមួយនឹងបាល់ផងដែរ ជាជាងច្បាស់តែជើងម្ខាង។
 
ជំនាញទាំងនេះបានជួយដល់កីឡាករ ដែលចេះជើងទាំងសងខាង ងាយស្រួលបង្កភាពច្របូកច្របល់ ដល់ខ្សែការពារក្នុងការតាមបិទបាំង ។ សម្រាប់ខ្សែការពារខ្លះ ដែលមិនបានដឹងអំពីការប្រើប្រាស់ជើងទាំងសងខាងរបស់កីឡាករ ដែលប៉ុនប្រសប់ប្រើជើងទាំងសងខាងនោះ គឺពិបាកទប់ស្កាត់។ កីឡាករចេះប្រើជើងសងខាងក៏អាចលេងបានគ្រប់តំបន់នៅលើទីលាន ដោយមានភាពងាយស្រួលបំផុតសម្រាប់ពួកគេ ក្នុងការធ្វើចលនាផ្លាស់ទី ភាគច្រើនជាកីឡាករខ្សែប្រយុទ្ធស្លាប។
 
បើតាមគេហទំព័រ Sportskeeda.com ខាងក្រោមនេះជាកីឡាករទាំង ៥នាក់ដែលល្អក្នុងការប្រើជើងទាំងសងខាង៖
 
១. Ousmane Dembele ក្លិប Barcelona

Dembele មានតួនាទីជាខ្សែប្រយុទ្ធស្លាបនៅ Barcelona មានភាពល្បីខ្លាំងដោយសារតែតិចនិចក្នុងការលេងបាល់របស់គេ។មិនត្រឹមតែល្អជើងឆ្វេងឡើយ ប៉ុន្តែកីឡាករសញ្ជាតិបារាំងក៏ប្រើប្រាស់ជើងស្តាំបានល្អដូចគ្នា។ តំបន់ប្រយុទ្ធស្លាបទាំងសងខាងរបស់ក្រុម Barca កីឡាករបារាំងអាចលេងបានគ្រប់ទីតាំង ដោយសារតែគុណភាពនៃការញាក់បាល់ពីជើងទាំងសងខាងរបស់គេ។​
  


២. Kevin De Bruyne ក្លិប Manchester City

បច្ចុប្បន្ន De Bruyne គឺជាខ្សែបម្រើដ៏ល្អបំផុតប្រចាំក្លិប Man City និងនៅ Premier League ។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ មានបច្ចេកទេសក្នុងការប្រើប្រាស់ជើងទាំងសងខាងគ្រប់គ្រងបាល់ ក្នុងការសម្លឹងគោលដៅ និងការប៉ះបាល់យ៉ាងល្អ ដើម្បីបង្កើតឱកាសស៊ុតរកគ្រាប់បាល់ដល់មិត្តរួមក្រុមរបស់គេ។ ល្អក្នុងការប្រើជើងទាំងសងខាង De Bruyne ក៏ល្អខ្លាំងទាំងការស៊ុត ការប៉ះ និងការញាក់បាល់ផងដែរ។
  


៣. Neymar Jr ក្លិប Paris Saint Germain

ដើមរដូវកាលនេះ Neymar បង្ហាញទម្រង់លេងល្អខ្លាំង។ កីឡាករសញ្ជាតិប្រេស៊ីលជាកីឡាករម្នាក់ ដែលតែងប្រើប្រាស់ជំនាញនៃការប្រើប្រាស់ជើងដ៏ប៉ិនប្រសប់របស់គេក្នុងសម័យកាលនេះ។ ជាកីឡាករសញ្ជាតិប្រេស៊ីល Neymar Jr ប្រើប្រាស់ជើងទាំងពីររបស់គេបានយ៉ាងល្អ ក្នុងការបណ្ដើរ ឬអូសបាល់ ប៉ះបាល់ ញាក់បាល់ និងការផ្លាស់ទីតាំងលេងជាដើម។ 
 
ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ រូបនេះ តែងធ្វើឱ្យគូប្រកួតរបស់គេ មានភាពពិបាកក្នុងតាមបិទបាំងរូបគេ និងការដណ្តើមបាល់ពីការញាក់របស់រូបគេ។
  


៤.Sergej Milinkovic-Savic ក្លិប Lazio

ខ្សែបម្រើ Savic ត្រូវបានស្គាល់ថា ជាកីឡាករម្នាក់ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ជាមួយគុណភាពនៃបច្ចេកទេសរបស់គេ ក្នុងការលេងបាល់យ៉ាងល្អ ក្នុងតំបន់កណ្តាលនៃក្រុម។ កីឡាកររូបនេះអាចប្រើប្រាស់ជើងទាំងសងខាង ក្នុងការគ្រប់គ្រងបាល់ ទាំងការប៉ះបាល់ ការបិទបាំងបាល់ពីគូប្រកួត ការសម្លឹងមើលគោលដៅបញ្ជូនដ៏ល្អ។ ភាគច្រើនដៃគូប្រកួតរបស់គេ ពិបាកក្នុងការកំណត់គោលដៅនៃការប៉ះបាល់ ព្រោះថា Savic ផ្លាស់ប្តូរទិសដៅបានលឿនល្អ។



៥. Son Heung-Min ក្លិប Tottenham Hotspur
Son គឺជាខ្សែប្រយុទ្ធដ៏ល្អមួយរូបនាពេលបច្ចុប្បន្ន។ ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង បានបង្ហាញវត្តមានយ៉ាងល្អសម្រាប់ Spurs ចាប់តាំងពីឆ្នាំ ២០១៥ មក។ កាលពីរដូវកាល ២០២១-២២​ Son ទទួលបានស្បែកជើងមាស ចែកគ្នាជាមួយ Mohamed Salah ដែលស៊ុតរកបានគ្រាប់បាល់បាន ២៣គ្រាប់ដូចគ្នា។ ភាគច្រើននៃការស្វែងរកគ្រាប់បាល់ពីការស៊ុតបញ្ចូលទីរបស់ Son គឺរកបានដោយការស៊ុតចូល ដោយជើងទាំងសងខាងរបស់គេ៕
 

Tag:
 Top 5 Players
© រក្សាសិទ្ធិដោយ thmeythmey.com