កីឡាជាតិ
អន្តរជាតិ
UCL ៖ Lampard ចាត់ទុកការប៉ះ Real Madrid ជាការប្រកួតប្រជែងដ៏អស្ចារ្យបំផុត
12, Apr 2023 , 8:04 pm        
រូបភាព
លោក Frank Lampard គ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុម Chelsea និយាយថាលោករីករាយ និងចាត់ទុកការប្រកួតទល់ក្រុមម្ចាស់ការពារតំណែងឯក Champions League ក្រុមអធិរាជស Real Madrid ជាការប្រកួតប្រជែងដ៏អស្ចារ្យបំផុតនៅវគ្គ ៨ក្រុមចុងក្រោយក្នុងរាត្រីថ្ងៃទី១២ ខែមេសា។
 
វីរបុរសក្រុមតោខៀវ លោក Lampard បានវិលមកដឹកនាំក្រុមស្ថិតក្នុងទីក្រុងឡុងដ៍វិញកាលពីសប្តាហ៍មុន នឹងត្រូវដឹកនាំក្រុមធ្វើដំណើរទៅកាន់ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបជើងទីមួយនៅទឹកដី Santiago Bernabeu ប្រទេសអេស្ប៉ាញ។ Lampard ដឹកនាំការប្រកួតចាញ់ក្រុម Wolver លទ្ធផល ១-០ បន្ទាប់ពីការវិលមកដឹកនាំក្នុងនាមជាគ្រូបណ្តោះអាសន្នរហូតចប់រដូវកាល។
 
ខណៈដែលត្រូវតតាំងក្រុមខ្លាំងដូច ​Real Madrid ដែលជាភារកិច្ចធំសម្រាប់គ្រូបង្វឹកសញ្ជាតិអង់គ្លេស ក្រោយពីបានវិលត្រលប់ទៅកាន់ក្លិបកំណើតខ្លួនវិញ Lampard និយាយថាលោកត្រៀមខ្លួនរួចរាល់សម្រាប់ឱកាសពិសេសបំផុតនេះ។
 
«វាពិតជាអស្ចារ្យណាស់ ខ្ញុំពិតជាមានសំណាងក្នុងការដឹកនាំក្រុមប្រកួតក្នុង Champions League ហើយនៅទីនេះដើម្បីធ្វើជាអ្នកចាត់ការ ដោយកាលពីសប្តាហ៍មុនខ្ញុំមិនដឹងឡើយថាអាចមកកាន់ទីនេះ វាជាកិត្តិយសដ៏ធំខ្លាំងណាស់។ វាពិតជាការប្រជែងដ៏អស្ចារ្យបំផុតសម្រាប់ខ្ញុំ និងសម្រាប់ក្លិបផ្ទាល់។»។ លោក Lampard បាននិយាយបែបនេះក្នុងសន្និសីទកាសែតមុនការប្រកួតថ្ងៃទី១១ ខែមេសា។
 
Lampard បានវិលមកដឹកនាំក្រុមតោខៀវសារជាថ្មី បន្ទាប់ពីក្លិបនៅក្របខណ្ឌ Premier League បានអស់ជំនឿចិត្តលើការដឹកនាំរបស់លោក Graham Potter ដែលធ្វើឱ្យក្រុមទទួលបានលទ្ធផលមិនសូវល្អក្នុងរដូវកាល ២០២២-២៣ បើទោះចំណាយប្រាក់នាំចូលកីឡាករច្រើនយ៉ាងណាក្តី។ 
 
កាលពីឆ្នាំ ២០២០-២១ លោក Lampard ត្រូវបានក្លិប Chelsea បណ្តេញចេញបន្ទាប់ពីដឹកនាំក្រុមមានលទ្ធផលមិនសូវល្អដូចគ្នានេះនៅត្រឹមពាក់កណ្តាលរដូវកាល។ កាលនោះ Chelsea បានយកលោក Thomas Tuchel មកដឹកនាំក្រុមបន្ត ហើយជាលទ្ធផលក្រុមតោខៀវ ក្លាយជាក្រុមឈ្នះជើងឯក Champions League។
 
ចំណែកការធ្វើដំណើរទៅកាន់ទឹកដីអេស្ប៉ាញលើកនេះ Chelsea នឹងមានវត្តមានឡើងវិញនូវកីឡាករសំខាន់ៗដូចជាខ្សែការពារ Thiago Silva ខ្សែប្រយុទ្ធ Mason Mount និងខ្សែបម្រើ N’Golo Kante ដើម្បីជួយក្រុមប្រជែងនឹងក្រុមការពារជើងឯក។
 
សម្រាប់ការប្រកួតគូដទៃទៀតនៃជំនួបពានរង្វាន់ Champions League វគ្គ ៨ក្រុមចុងក្រោយ ក្រុមពីរស្ថិតនៅក្នុងក្របខណ្ឌ Serie A របស់អ៊ីតាលីដូចគ្នាគឺ AC Milan ត្រូវស្វាគមន៍ ​SSC Napoli ក្នុងពានរង្វាន់កំពូលអឺរ៉ុបវេលាម៉ោង ២យប់៕
 

Tag:
 UEFA Champions League
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com