សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រេងឆៅអាចត្រលប់ទៅតម្លៃ ១០០ដុល្លារក្នុងមួយធុងប៉ារ៉ែល
14, Apr 2023 , 11:00 am        
រូបភាព
ការធ្លាក់ចុះនៃបរិមាណប្រេង និងការរំខានការផ្គត់ផ្គង់ប្រមាណ ៥០០ពាន់ប៉ារ៉ែលក្នុងមួយ ថ្ងៃ ពីភាគខាងជើងអ៊ីរ៉ាក់ អាចជំរុញឱ្យតម្លៃប្រេង ឡើងដល់តម្លៃ១០០ដុល្លារក្នុងមួយធុង បារ៉ែល។
 
របាយការណ៍ទីផ្សារប្រេង ដែលទើបចេញផ្សាយដោយធនាគារ UBS (ស្វីស) បង្ហាញពីការ ប្តេជ្ញាកាត់បន្ថយបរិមាណនាំចេញប្រេង ដោយសមាជិកមួយចំនួននៃអង្គការ នៃប្រទេស នាំចេញប្រេង (OPEC) និងដៃគូរបស់ខ្លួនដែលត្រូវបានគេស្គាល់ថាជា OPEC+ នឹងធ្វើឱ្យ ទីផ្សារប្រេងពិភពលោក កាន់តែមានភាពតឹងតែងគិតចាប់ពីខែឧសភាខាងមុខនេះ ដែល ជំរុញឱ្យតម្លៃប្រេងឆៅកើនឡើង។
 
សារព័ត៌មានជាតិនៃប្រទេស (UAE) បានដកស្រង់របាយការណ៍របស់ធនាគារ UBS  ដែលបានផ្សាយថា ការធ្លាក់ចុះនៃការស្តុកប្រេង និងការរំខានការផ្គត់ផ្គង់ជិត ៥០០ពាន់ប៉ារ៉ែល​ក្នុងមួយថ្ងៃពីភាគខាងជើងប្រទេសអ៊ីរ៉ាក់ ក៏អាចជំរុញឱ្យតម្លៃប្រេងឡើងដល់ ១០០ដុល្លារក្នុងមួយធុងផងដែរ។ អ្នកជំនាញខាងធនាគារទាំងនេះបានលើកឡើងថា ទោះបីជាការផ្គត់ផ្គង់ពីភាគខាងជើងប្រទេសអ៊ីរ៉ាក់អាចបន្តឡើងវិញក្នុងរយៈពេលខ្លីក៏ដោយ ការរំខាននេះ និងការកាត់បន្ថយបរិមាណនាំចេញប្រេងរបស់បណ្តាប្រទេស OPEC + ចំនួន ៩ នឹងធ្វើឱ្យទីផ្សារប្រេងកាន់តែរឹតបន្តឹង។ តាមរបាយការណ៍ខាងលើ តម្លៃប្រេងអាចនឹងត្រឡប់ទៅរកតម្លៃ ១០០ដុល្លារក្នុងមួយធុងនៅត្រីមាសខាងមុខនេះ។
 
របាយការណ៍របស់ UBS បានបន្ថែមថា ការធ្លាក់ចុះនៃស្តុកប្រេងស្របពេលមានការកើនឡើងនៃតម្រូវការនៅក្នុងប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ក៏នឹងគាំទ្រដល់ការកើនឡើងតម្លៃប្រេងផងដែរ។ តាមទិន្នន័យចុងក្រោយ បរិមាណប្រេងដែលស្តុកទុកនៅនៅអាម៉េរិក អឺរ៉ុប សិង្ហបុរី ជប៉ុន និងអារ៉ាប់រួមបានធ្លាក់ចុះជាង ៣០លានបារ៉ែលក្នុងរយៈពេល ៣សប្តាហ៍ចុងក្រោយនេះ ដែលបង្ហាញថាទីផ្សារមានការផ្គត់ផ្គង់តិចតួចកាលពីចុងខែមីនា ឆ្នាំ២០២៣។
 
កាលពីថ្ងៃទី ២ ខែមេសា សមាជិក OPEC + មួយចំនួនរួមមាន អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម អ៊ីរ៉ាក់ គុយវ៉ែត អូម៉ង់ និងអាល់ហ្សេរី បានធ្វើឱ្យទីផ្សារភ្ញាក់ផ្អើលដោយការប្រកាសកាត់បន្ថយផលិតកម្មប្រេងសរុបចំនួន ១,១៦លានក្នុងមួយថ្ងៃចាប់ពីខែឧសភា រហូតដល់ដំណាច់ឆ្នាំនេះ។ អាស្រ័យហេតុនេះ អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកផលិតធំបំផុតរបស់អង្គការ OPEC នឹងកាត់បន្ថយ៥០០ពាន់ប៉ារ៉ែលក្នុងមួយថ្ងៃ ខណៈពេលដែលអារ៉ាប់រួមនឹងកាត់បន្ថយ ១៤៤ពាន់ប៉ារ៉ែលក្នុងមួយថ្ងៃ។ ប្រទេសរុស្ស៊ីដែលជាសមាជិកសំខាន់នៃអង្គការ OPEC+ បាននិយាយថា ខ្លួននឹងរក្សាការកាត់បន្ថយចំនួន ៥០០ពាន់ប៉ារ៉ែលក្នុងមួយថ្ងៃ ដែលកំពុងត្រូវបានអនុវត្តចាប់ពីខែមីនាដល់ខែមិថុនារហូតដល់ដំណាច់ឆ្នាំ។ សមាជិក OPEC + ទទូចថានេះគឺជាវិធានការប្រុងប្រយ័ត្នដើម្បីគាំទ្រដល់ស្ថិរភាពនៃទីផ្សារប្រេង។
 
ចាប់ពីខែតុលា ឆ្នាំ២០២២ អង្គការ OPEC+ បានសម្រេចកាត់បន្ថយការផលិតសរុបចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ចុងឆ្នាំ២០២៣ ដើម្បីគាំទ្រដល់ការធ្លាក់ថ្លៃប្រេងក្នុងបរិបទនៃទស្សនវិស័យសេដ្ឋកិច្ចពិភពលោកកាន់តែអាក្រក់។ ដូច្នេះជាមួយនឹងការសម្រេចចិត្តចុងក្រោយនេះ ការកាត់បន្ថយសរុបនៃផលិតកម្ម OPEC+ នឹងឈានដល់ប្រហែល ៣,៦៦លានបារ៉ែលក្នុងមួយថ្ងៃ ដែលស្មើនឹងប្រហែល ៣,៦ភាគរយនៃតម្រូវការប្រេងសរុបរបស់ពិភពលោក៕

Tag:
 ប្រេង
  OPEC
© រក្សាសិទ្ធិដោយ thmeythmey.com