កីឡាអន្តរជាតិ
អន្តរជាតិ
សំណើនៃការដេញថ្លៃក្លិប Manchester United ឈានដល់ជុំទីបី
14, Apr 2023 , 3:39 pm        
រូបភាព
ការប្រកួតប្រជែងដេញថ្លៃការទិញក្លិបបិសាចក្រហម Manchester United នឹងតម្រូវឱ្យដាក់សំណើរនៃការដេញថ្លៃទិញក្លិបដំណាក់កាលជុំទីបីនៅចុងខែមេសា​។


កាលពីខែមុន ម្ចាស់ធនាគារកាតា ព្រះអង្គម្ចាស់ Sheikh Jassim Bin Hamad Al Thani និងមហារសេដ្ឋីសញ្ជាតិអង់គ្លេស​ Jim Ratchliff នាក់ទាំងពីរបានដាក់សំណើរក្នុងការដេញថ្លៃទិញក្លិបបិសាចក្រហមសម្រាប់ដំណាក់កាលជុំទីពីរដូចគ្នា។
 
ការដាក់សំណើពីបេក្ខភាពដទៃជាច្រើនផ្សេងទៀត ត្រូវបានខាងស្ថាប័នគ្រប់គ្រងលើការដេញថ្លៃក្លិបបិសាចក្រហមទទួលបានរួចរាល់ហើយកាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែព្រះអង្គម្ចាស់ Sheikh Jassim និងលោក ​Ratchliff នៅតែជាបេក្ខភាពឈានមុខគេដែលអាចទិញក្លិបពីក្រោមការគ្រប់គ្រងរបស់គ្រួសារ Glazers។
 
ក្លិបបិសាចក្រហមត្រូវបានគ្រួសារ Glazer ទិញក្នុងឆ្នាំ ២០០៥ ក្នុងតម្លៃ ៧៩០លានផោន (៩៨០លានដុល្លារ) ប៉ុន្តែកាលពីចុងឆ្នាំ ២០២២ គ្រួសារ Glazer បានប្រកាសលក់ក្លិបបិសាចក្រហម ដោយលើកហេតុផលថាចង់រកអ្នកឧបត្ថម្ភថ្មីដល់ក្លិប។
 
បើតាមការផ្សាយរបស់កាសែតកីឡាធំៗជាច្រើនលើពិភពលោក ក្រុមហ៊ុនកាតា បានដាក់សំណើរប្រមាណជាង ៥ពាន់លានផោត (៦,២ពាន់លានដុល្លារ) ដើម្បីទិញផ្តាច់កម្មសិទ្ធិក្លិបបិសាចក្រហមតែម្តង។ ចំណែកលោក Ratcliffe វិញ សម្រាប់ក្លិបដែលលោកស្រលាញ់តាំងពីនៅវ័យកុមារមួយនេះ លោកចង់ទិញត្រឹមតែភាគហ៊ុនចំនួន ៦៩ភាគរយតែប៉ុណ្ណោះនៃក្លិប។
 
បេក្ខភាពសហគ្រិនហ្វាំងឡង់ Thomas Zilliacus ដែលបានដាក់ការដេញថ្លៃកាលជុំទីពីរ មកដល់ពេលនេះបានសម្រេចដកខ្លួនចេញ ដោយលើកឡើងនូវមូលហេតុថា ការពន្យាពេលដេញថ្លៃនឹងធ្វើឱ្យពិបាកដល់ម្ចាស់ថ្មីក្នុងការកសាងក្រុមដើម្បីជ័យជម្នះ។
 
គ្រួសារ Glazer សព្វថ្ងៃកាន់ភាគហ៊ុនធំក្លិបម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០សម័យ ចំនួន៦៩ភាគរយ។ ក្លិបមានមូលដ្ឋានក្នុងក្រុង Manchesterមួយនេះ ត្រូវបានគ្រួសារអ្នកជំនួញអាម៉េរិកទិញយកកាលពីឆ្នាំ២០០៥ ក្នុងតម្លៃមិនដល់៩៧០លានដុល្លារផង។
 
របាយការណ៍របស់ក្រុមហ៊ុន Deloitte (ក្រុមហ៊ុនព្រឹក្សាពន្ធ និងហិរញ្ញវត្ថុ) ដែលមានមូលដ្ឋាននៅអង់គ្លេស ចាត់តាំងក្លិប Man Utd ជាក្លិបកីឡាបាល់ទាត់មានជាងគេទី៤លើលោក។ ក្លិប Man Utd ក៏ត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត ក្នុងចំណោមវិស័យកីឡាទាំងអស់៕

Tag:
 (Manchester United)
© រក្សាសិទ្ធិដោយ thmeythmey.com