សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អ្នកសេដ្ឋកិច្ចមិនយល់ស្របគ្នាចំពោះកំណើនសេដ្ឋកិច្ចនៅរុស្ស៊ី
14, Apr 2023 , 6:00 pm        
រូបភាព
មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិនៅទីក្រុងម៉ូស្គូ ។ រូបភាព ៖ Bloomberg ។
មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិនៅទីក្រុងម៉ូស្គូ ។ រូបភាព ៖ Bloomberg ។
ក្រុមហ៊ុន JPMorgan Chase ព្យាករថាផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ីនឹងកើនឡើង ១ភាគរយនៅឆ្នាំនេះ ខណៈដែលអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានព្យាករថានឹងធ្លាក់ចុះ ២,៥ភាគរយ។
 
បណ្តាអង្គការ​និង​ក្រុមហ៊ុននានា​ជុំវិញ​ពិភពលោក​កំពុ ង​ផ្តល់​តួលេខ​ខុស​គ្នា​ខ្លាំង​អំពីកំណើនសេដ្ឋកិច្ចនៅ​រុស្ស៊ី ។ នេះបង្ហាញពីបញ្ហាប្រឈមដែលអ្នកសេដ្ឋកិច្ចបានជួបប្រទះនៅពេលវាយតម្លៃស្ថានភាពនៅក្នុងប្រទេសមួយនេះ។
 
វិមានក្រឹមឡាំងបានបញ្ឈប់ការចេញផ្សាយតួរលេខសំខាន់ៗ ដូចជារបាយការណ៍ធនាគារ ប្រេង និងបំណុលសម្រាប់រយៈពេលពីរបីខែដំបូង បន្ទាប់ពីចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២។ នៅពេលនោះ អ្នកសេដ្ឋកិច្ចត្រូវរកមើលប្រភពទិន្នន័យដែលមិនមានភាពងាយស្រួលដូចពីមុនដើម្បីធ្វើការព្យាករ។
 
ពីមុនទិន្នន័យទាំងនេះត្រូវបានទទួលយកដោយអ្នកសេដ្ឋកិច្ចឯករាជ្យ។ ហើយចាប់តាំងពីជម្លោះ ពួកគេបានក្លាយជាចំណុចកណ្តាលនៃជម្លោះ។ លោក Jeffrey Sonnenfeld សាស្ត្រាចារ្យនៅសាលាគ្រប់គ្រង Yale បាននិយាយថា ការព្យាករផ្អែកលើតួលេខផ្លូវការរបស់រុស្ស៊ី ងាយនឹងមានការយល់ច្រឡំ ព្រោះវាមិនអាចជឿទុកចិត្តបាន។
 
ដោយសារទិន្នន័យដែលទទួលបាន ការព្យាកររបស់អ្នកសេដ្ឋកិច្ចសម្រាប់ប្រទេសរុស្ស៊ីក៏ប្រែប្រួលផ្សេងៗផងដែរ។ ក្រុមហ៊ុន JPMorgan មានសុទិដ្ឋិនិយមបំផុតជាមួយនឹងស្ថានភាពសេដ្ឋកិច្ចរុស្ស៊ីនៅឆ្នាំនេះ។ ពួកគេព្យាករថាកំណើន ១ភាគរយ ខណៈដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីម្សិលមិញក៏បានបញ្ចេញទិន្នន័យវិជ្ជមានផងដែរ ជាមួយនឹងអត្រាកំណើន ០,៧ភាគរយកើនឡើងពីការព្យាករកាលពីខែមករា ០,៣ភាគរយ។
 
លោក Pierre-Olivier Gourinchas នាយកស្រាវជ្រាវរបស់ IMF បានប្រាប់កាសែត WSJ ថា ៖ «ពួកគេនៅតែរក្សាបានកំណើនសេដ្ឋកិច្ចល្អ ជាមួយនឹងគោលនយោបាយសារពើពន្ធដ៏រឹងមាំ។ ចំណូលនៃការនាំចេញរបស់ប្រទេសនេះនៅតែល្អ ព្រោះវាបានរកឃើញអ្នកទិញថាមពលជំនួសសម្រាប់លោកខាងលិច»។
 
ផ្ទុយទៅវិញអង្គការ OECD  បែរជាមើលឃើញកំណើនសេដ្ឋកិច្ចនៅរុស្ស៊ីមិនសូវជាល្អទៅវិញ។ អង្គការមួយនេះបានព្យាករថាកំណើនសេដ្ឋកិច្ចរុស្ស៊ីនឹងធ្លាក់ចុះ២,៥ភាគរយឆ្នាំនេះ ។  OECD ពន្យល់ថា ផលប៉ះពាល់នៃទណ្ឌកម្មលើការនាំចេញថាមពលរបស់រុស្ស៊ីគឺតូចជាងការរំពឹងទុកដូចពេលដំបូងៗ។ ប្រទេសរុស្ស៊ីបានគ្រប់គ្រងកម្រិតនៃការនាំចេញដោយសារការកើនឡើងនៃការលក់ទៅកាន់ទីផ្សារប្រទេសផ្សេងទៀតទោះបីជាមានតម្លៃទាបជាង។
 
ភាពខ្វះចន្លោះនៃទិន្នន័យ បណ្តាលឱ្យអ្នកសេដ្ឋកិច្ចត្រូវបានបង្ខំឱ្យកែសម្រួលគំរូព្យាកររបស់ពួកគេ អាស្រ័យលើសូចនាករដូចជាតម្លៃប្រេង ការលក់ប្រេង ឱនភាពពាណិជ្ជកម្ម និងថវិកា។ តួលេខទាំងនេះបង្ហាញថាសេដ្ឋកិច្ចរុស្ស៊ីហាក់ដូចជាស្ថិតនៅក្រោមសម្ពាធ។
 
ទោះបីជាបានបង្កើនការព្យាករកំណើនរបស់ខ្លួនសម្រាប់ប្រទេសរុស្ស៊ីនៅឆ្នាំនេះក៏ដោយ IMF ជឿជាក់ថាសង្រ្គាមអាចកាត់បន្ថយ GDP របស់រុស្ស៊ីនៅឆ្នាំ ២០២៧យ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងការព្យាករពីមុនរបស់ខ្លួន។ 
 
លោក David Malpass ប្រធានធនាគារពិភពលោកបាននិយាយថា ប្រជាជនរុស្ស៊ីកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសង្រ្គាមនៅអ៊ុយក្រែន។ តួលេខផលិតផលក្នុងស្រុកសរុប (GDP) មិនអាចឆ្លុះបញ្ចាំងឱ្យបានពេញលេញពីគុណភាពជីវិត និងកម្រិតជីវភាពរបស់ពួកគេត្រូវបានប៉ះពាល់៕

Tag:
 រុស្ស៊ី
  GDP
© រក្សាសិទ្ធិដោយ thmeythmey.com