តំណែងអ្នកចាត់ការ ជាតួនាទីដ៏សំខាន់បំផុតមួយ ដែលជួយដឹកនាំឱ្យក្រុមបាល់ទាត់នានា ទទួលបានជោគជ័យ។ ពួកគេក៏ជាមនុស្សម្នាក់ដែលមានទំនួសខុសត្រូវ សម្រាប់ការគូរវាសតិចនិចសម្រាប់ការប្រកួត ការបង្កើតយុទ្ធសាស្ត្រ ការជ្រើសរើសក្រុមកីឡាករជម្រើស ១១នាក់ដំបូង ព្រមទាំងផ្តល់កម្លាំងចិត្តដល់កីឡាករ និងការសម្រេចចិត្តចំពោះការប្រកួត។
អ្នកចាត់ការល្អអាចជំរុញនិងដឹកនាំក្រុមទៅរកភាពជោគជ័យ ខណៈដែលអ្នកចាត់ការមិនល្អ នឹងធ្វើឱ្យក្រុមខកខានឱកាស។ ជាពិសេស ភាពជោគជ័យនៃក្រុមបាល់ទាត់មួយ តែងតែមានការងារច្រើនជាមួយនឹងសមត្ថភាពនៃអ្នកចាត់ការនោះ។
ការស្វែងរកអ្នកចាត់ការដ៏ត្រឹមត្រូវសម្រាប់ក្លិប គឺមិនមែនជារឿងដែលងាយស្រួលនោះឡើយ ។ មិនត្រឹមតែមានតិចនិច និងយុទ្ធសាស្ត្រ ព្រមទាំងការជំរុញទឹកចិត្តខ្លាំង ប៉ុន្តែអ្នកចាត់ការរូបនោះ ក៏ត្រូវជាបុគ្គលល្អម្នាក់ ដែលអាចធ្វើឱ្យសមាជិកក្នុងក្រុមងាយស្រួលសម្របខ្លួន និងបំពេញការងារបានល្អក្នុងការប្រកួត។
ខាងក្រោមនេះជាអ្នកចាត់ការល្អបំផុតទាំង ៥ ក្នុងរដូវកាល ២០២២-២៣ ដែលកំពុងបង្ហាញពីសមត្ថភាពដ៏ខ្លាំងរបស់ពួកគេក្នុងការដឹកនាំក្រុម នឹងទទួលបានជោគជ័យ៖
១. Luciano Spalletti ក្រុម SSC Napoli
រដូវកាលនេះ Napoli កំពុងបង្ហាញពីភាពខ្លាំងរបស់គេក្នុងការដណ្តើមពានរង្វាន់ Serie A។ បច្ចុប្បន្នពួកគេកំពុងស្ថិតនៅកំពូលតារាង Serie A ដោយមានពិន្ទុដាច់ចំនួន ១៥ពិន្ទុ ខណៈ Napoli ក៏ជាក្រុមធ្វើបានល្អដូចគ្នាក្នុងពានរង្វាន់ Champions League។
ស្ថិតក្រោមការដឹកនាំរបស់លោក Spalletti ក្រុម Napoli ក្លាយជាក្រុមដ៏គ្រោះថ្នាក់បំផុតប្រចាំលីគកំពូលអ៊ីតាលី ដោយមិនងាយមានក្រុមណាអាចយកឈ្នះពួកគេបានឡើយ ជាមួយទម្រង់លេងបិទបាំងដ៏ខ្លាំង និងការប្រដេញប្រជែងយកបាល់ដ៏ខ្លាំងរបស់គេ។
២. Mikel Arteta ក្រុម Arsenal
គម្រោងរបស់ Mikel Arteta នៅ Arsenal បានបង្ហាញអំពីអ្វីដែលលោកបានសន្យាកាលពីមុនមក ប៉ុន្តែរដូវកាលមិនទាន់បញ្ចប់នៅឡើយ។ បច្ចុប្បន្នក្រុមកាំភ្លើងធំកំពុងក្លាយជាក្រុមស្ថិតនៅកំពូលតារាង Premier League ដែលជាបេសកកម្មដ៏សំខាន់ ពួកគេស្វែងរកការឈ្នះពានលីគលើកដំបូងក្នុងរយៈពេល ១៩ឆ្នាំ។
បើទោះបីជាគ្មានពានរង្វាន់ផ្សេងទៀតក្នុងប្រទេសអង់គ្លេសក្រៅពីពានរង្វាន់ Premier league ដែលកំពុងប្រជែង ក្រុម Arsenal ក៏នៅមានភារកិច្ចប្រជែងពានរង្វាន់ Europa League មួយទៀតដែរ។
៣. Erik ten Hag ក្រុម Manchester United
ក្រុម Man United រងភាពបែកបាក់ក្នុងរដូវកាល ២០២១-២២ ប៉ុន្តែចាប់តាំងពីលោក Ten Hag ចូលមកដឹកនាំក្រុមមក ក្រុមបិសាចក្រហមត្រូវបានកែប្រែយ៉ាងខ្លាំង ដោយការប្រកួតត្រៀមបើករដូវកាលថ្មី ពួកគេធ្វើបានល្អខ្លាំង។ បើទោះជា ២ប្រកួតដំបូងនៅ Premier league រងបរាជ័យ តែបច្ចុប្បន្ន Man United ជាក្រុមកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ចំណោមក្រុមកំពូលតារាង។
លោក Ten Hag បានជួយក្រុមបិសាចក្រហមឈ្នះពាន EFL Cup ដែលជាពានលើកដំបូង បន្ទាប់ពីខកខានឈ្នះពានរង្វាន់នានារយៈពេលជិត ៦ឆ្នាំ។ Man United បច្ចុប្បន្នកំពុងប្រជែងពានរង្វាន់ FA Cup, Premier League និងពានរង្វាន់ Europa League វគ្គ ៨ក្រុមចុងក្រោយ។
៤. Xavi Hernandez ក្រុម Barcelona
Xavi កំពុងតែជួយ Barcelona វិលត្រលប់ទៅកាន់ទម្រង់លេងដ៏មានភាពស៊ីសង្វាក់គ្នា ដែលជាទម្រង់លេងដ៏ជោគជ័យបំផុតនោះគឺ Tiki Taka។ រដូវកាល ២០២២-២៣ នេះ Barcelona កំពុងតែត្រួសត្រាយផ្លូវដើររបស់ខ្លួនយ៉ាងល្អ ក្នុងការវិលត្រលប់ទៅកាន់ការឈ្នះពាន La Liga ឡើងវិញ ក្រោយខកខាន ៣រដូវកាលរួចមក។
រដូវកាល ២០២២-២៣ នេះទៀតសោត លោក Xavi ក៏ទើបតែបានជួយក្រុម Barca ឈ្នះពានរង្វាន់ Spain Super Cup ដោយបានបំបាក់ក្រុម Real Madrid។ ទោះយ៉ាងណាបេសកកម្មតែមួយដែល Barcelona នៅសល់នោះគឺ ការឈ្នះពានរង្វាន់ La Liga ព្រោះតែទាំងពាន Champions league, Europa League និងពាន Copa del Rey ពួកគេបានធ្លាក់ចេញ។
៥. Carlo Ancelotti ក្រុម Real Madrid
លោក Carlo Ancelotti បានជួយក្រុម Real Madrid ឈ្នះពានរង្វាន់ La Liga និង Champions League កាលពីរដូវកាលមុន។ លោកក៏ជាអ្នកចាត់ការម្នាក់ ដែលស្ងប់ស្ងៀម និងសម្បូរទៅដោយសមត្ថភាព ក្នុងនាមជាអ្នកចាត់ការនៅក្នុងវិស័យបាល់ទាត់។
Real Madrid ត្រូវបានគេដឹងថា ជាក្រុមដែលពិបាកក្នុងការស្វែងរកអ្នកចាត់ការឱ្យសក្កិសម ក្នុងការដឹកនាំ ។ តែបន្ទាប់ពីអ្នកចាត់ការអ៊ីតាលីមកដឹកនាំ បានធ្វើឱ្យក្រុមមានលំនឹងបានល្អក្នុងការប្រកួតប្រជែង ជាមួយតិចនិចដ៏ពិសេស ដែលជាសរសៃឈាមរបស់ក្រុមនោះ គឺការវាយបកសម្រុកដ៏មានប្រសិទ្ធិភាព។
លោក Ancelotti បានជួយ Real Madrid ឈ្នះ Champions league លើកទី១៤ ក្នុងប្រវត្តិសាស្ត្រច្រើនជាងក្រុមណាទាំងអស់ក្នុងពិភពលោក។ បច្ចុប្បន្ន Real Madrid កំពុងប្រជែងពាន Copa del Rey និង Champions League បន្ទាប់ពីទើបឈ្នះពាន FIFA Club World Cup រួច៕