កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool លត់ ​Leeds ៦-១! Klopp សរសើរកូនក្រុមធ្វើបានល្អបំផុតប្រចាំរដូវកាល ២០២២-២៣
18, Apr 2023 , 11:45 am        
រូបភាព
Liverpool បំបាក់ក្រុម Leeds United ដោយលទ្ធផល ៦-១ ក្នុងការប្រកួត Premier League សប្តាហ៍ទី៣០ នាកីឡដ្ឋាន Elland Road ថ្ងៃទី១៧ ខែមេសា។​ ជ័យជម្នះនេះ ធ្វើឱ្យអ្នកចាត់ការក្រុមហង្សក្រហមលោក Jurgen Klopp រំភើបចិត្ត និងសរសើរកូនក្រុមមានទម្រង់ប្រកួតល្អបំផុតប្រចាំរដូវកាល ២០២២-២៣។


ជ័យជម្នះរបស់ Liverpool លើ Leeds United ជាការប្រកួតឈ្នះក្នុងលទ្ធផលដ៏ច្រើនលើកដំបូង ចាប់តាំងពីពួកគេបានបំបាក់ក្រុម Manchester United ៧​-០ កាលពីដើមខែមីនាមក។ 
យកឈ្នះលទ្ធផល ៦-១ បានជួយឱ្យ Liverpool បន្តក្តីសង្ឃឹមប្រដេញតាមប្រជែងក្រុមចំណាត់ថ្នាក់កំពូលទាំង ៤ ដើម្បីកៅអី Champions League រដូវកាលក្រោយ ខណៈរុញច្រាន Leeds ឱ្យខិតជិតតំបន់កាត់ចោល។
 
នាសន្និសីទកាសែតក្រោយបញ្ចប់ការប្រកួតលោក ​Klopp សរសើរការបង្ហាញទម្រង់លេងរបស់កូនក្រុមថាជាការលេងល្អបំផុតក្នុងរដូវកាល ២០២២-២៣​ នេះ។
 
«ខ្ញុំគិតថាវាជាការប្រកួតល្អបំផុតនៅក្នុងរដូវកាលនេះ ហើយវាក៏ខុសពីការប្រកួតដទៃផ្សេងទៀត។ យើងបានបង្កើតនូវកំហុសជាច្រើន ការរកគ្រាប់បាល់ ការវាយបកការដាក់សម្ពាធ នេះជាប្រកួតល្អបំផុតដែលយើងមិនធ្លាប់មានមកជាយូរ។ យើងបានឆ្លងកាត់គ្រាលំបាក យើងរបូតគ្រាប់បាល់ជាច្រើន ប៉ុន្តែថ្ងៃនេះរឿងនេះបានកើតឡើង វាជាអ្វីដែលយើងចង់បាន ជាភាពខ្លាំងគឺការគ្រប់គ្រងការប្រកួតតែម្តង។»។ លោក ​Klopp បាននិយាយប្រាប់ទូរទស្សន៍ Sky Sports បែបនេះ។
 
រដូវកាល ២០២២-២៣ Liverpool ក៏បានបំបាក់ក្រុម AFC Bournemouth ក្នុងលទ្ធផលដ៏ធំបំផុតសម្រាប់ពួកគេនៅក្នុងការប្រកួតក្របខណ្ឌ Premier League និងបានបំបាក់ក្រុម Rangers លទ្ធផល ៧-១ នៅក្នុងការប្រកួតក្របខណ្ឌ Champions League។ ទោះយ៉ាងណាលោក Klopp បាននិយាយបញ្ជាក់ថាលោកតែងតែវិនិច្ឆ័យទៅលើទម្រង់លេងរបស់កីឡាករ ជាជាងការស៊ុតគ្រាប់បាល់ដែលពួកគេរកបាន។
 
Liverpool បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ ៨ នៃតារាង ​Premier League ដោយរកបាន៤៧ពិន្ទុ តាមពីក្រោយក្រុមលេខ៤ Newcastle United ចំនួន៩ពិន្ទុ។ ការប្រកួតលីគកំពូលអង់គ្លេសរបស់ Liverpool រដូវកាល២០២២-២៣ នៅសល់៨ប្រកួតទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាល៕
 

Tag:
 Jurgen Klopp
  Liverpool
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com