FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ឱ្យអាហ្សង់ទីនធ្វើម្ចាស់ផ្ទះ U20 World Cup ជំនួសឥណ្ឌូណេស៊ី
19, Apr 2023 , 8:29 am        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) សម្រេចឱ្យអាហ្សង់ទីនឹងរៀបចំការប្រកួតពានរង្វាន់កីឡាបាល់ទាត់ពិភពលោក FIFA U20 World Cup ឆ្នាំ២០២៣ ជំនួសឥណ្ឌូណេស៊ីដែលត្រូវបានដកសិទ្ធិធ្វើជាម្ចាស់ផ្ទះចេញវិញ។


កាលពីថ្ងៃទី២៩ ខែមីនា FIFA បានប្រកាសពីការសម្រេចចិត្តដកសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត U20 World Cup ចេញពីប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីសហព័ន្ធបាល់ទាត់ក្នុងប្រទេសតំបន់អាស៊ានមួយនេះ បានលុបចោលការចាប់ឆ្នោតចែកពូលដែលត្រូវធ្វើឡើងនៅកោះបាលី។ ការលុបចោលការចាប់ឆ្នោត ដោយសារតែមានបញ្ហាផ្នែកនយោបាយពីរដ្ឋបាលខេត្តបាលីប្រឆាំងទៅលើការចូលរួមប្រកួតពីសំណាក់អ៊ីស្រាអែល។
 
ក្រោយការដកសិទ្ធិធ្វើម្ចាស់ផ្ទះចេញពីឥណ្ឌូណេស៊ី សហព័ន្ធបាល់ទាត់អាហ្សង់ទីន (AFA) បានដាក់សំណើរដេញថ្លៃធ្វើម្ចាស់ផ្ទះជំនួសវិញ ហើយលោក Gianni Infantino ប្រធាន FIFA ក៏បានយល់ព្រមសំណើរនេះ ដោយការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ពោល១ថ្ងៃបន្ទាប់ពីកិច្ចប្រជុំសមាជសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូងរួច។
 
«ខ្ញុំពិតជាចង់អរគុណដល់ AFA ព្រមទាំងប្រធានសហព័ន្ធលោក Claudio Tapia ក៏ដូចគ្នាអាជ្ញាធរនៃរដ្ឋាភិបាលដែលពាក់ព័ន្ធ សម្រាប់ការប្តេជ្ញាចិត្តក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតមួយនេះក្នុងរយៈពេលដ៏ខ្លី។ មានការប្រកួតសម្រាប់ឆ្នាំនេះ ស្ថិតនៅក្នុងប្រទេសដែលរស់នៅនិងការដកដង្ហើមនៃការស្រលាញ់បាល់ទាត់ នឹងក្លាយជាការបំផុសគំនិតដ៏ល្អខ្លាំងចំពោះពេលអនាគតនៃបាល់ទាត់។»។ នេះបើតាមសម្តីរបស់លោក Gianni Infantino ប្រធាន FIFA។
 
FIFA បានបន្ថែមទៀតថាការចាប់ឆ្នោតជាផ្លូវការសម្រាប់ការប្រកួត U20 World Cup នឹងធ្វើឡើងនៅថ្ងៃទី២១ ខែមេសា នៅក្នុងទីក្រុង Zurich ប្រទេសស្វ៊ីស។
 
ប្រទេសអាហ្សង់ទីនធ្លាប់បានរៀបចំការប្រកួត U20 World Cup នេះម្តងរួចមកហើយកាលពីឆ្នាំ ២០០១ ដោយកាលនោះពួកគេបានឈ្នះជើងឯកពានរង្វាន់នេះជាលើកទី៤ ក្នុងចំណោមកំណត់ត្រាឈ្នះ ៦លើករបស់ពួកគេ។
 
ក្រៅពីការប្រកួត U20 World Cup ប្រទេសអាហ្សង់ទីនក៏កំពុងតែរួមដៃគ្នាជាមួយប្រទេស អ៊ុយរូហ្កាយ, ស៊ីលី និងប៉ារ៉ាហ្កាយ ដើម្បីដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ World Cup 2030 ផងដែរ៕
 

Tag:
 ​FIFA
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com