កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាការិនី ស្រួង ភាវី ៖ ក្តីសុបិនក្លាយជាការពិត ដែលតំណាងឱ្យកម្ពុជា ប្រកួតនៅស៊ីហ្គេម
18, Apr 2023 , 8:59 pm        
រូបភាព
កីឡាការិនី ស្រួង ភាវី បានបង្ហាញអារម្មណ៍សប្បាយរីករាយ បន្ទាប់ពីបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដែលជាទឹកដីកំណើត កាលពីថ្ងៃទី១៦ ខែមេសា ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងលើកដំបូងបង្អស់។ កីឡាការិនី ភាវី ថា ក្តីសុបិនខ្លួន ក្លាយជាការពិត ដែលទទួលបានឱកាសតំណាងកម្ពុជា ប្រកួតនេះ។


«និយាយការពិត រយៈពេល ១០ឆ្នាំ ដែលខ្ញុំបានទៅរស់នៅប្រទេសកូរ៉េខាងត្បូង ជាលើកទីមួយដែលមកខ្មែរនៅក្នុងរដូវកាលចូលឆ្នាំខ្មែរចំថ្ងៃចុងក្រោយ ហើយខ្ញុំមានអារម្មណ៍ថា ក្តីសុបិនរបស់ខ្ញុំក្លាយជាការពិត ខ្ញុំមិននឹកស្មានថាខ្ញុំអាចមានឱកាសមានការប្រកួតនៅលើទឹកដីខ្មែរហើយ បានតំណាងការប្រកួតឱ្យខ្មែរទៀត»។ នេះជាការលើកឡើងរបស់ ស្រួង ភាវី។ 
  


ថ្លែងប្រាប់សារព័ត៌មានថ្មីៗ  កីឡាការិនី ស្រួង ភាវី បាននិយាយថា ខ្លួនក៏មានបំណងចង់បង្កើតកន្លែងហ្វឹកហាត់កីឡា ដើម្បីជួយដល់ក្មេងៗផងដែរ។ «កាលពីខ្ញុំរស់ប្រទេសកូរ៉េខាងត្បូង ខ្ញុំតែងមានក្តីសង្ឃឹមថាខ្ញុំចង់បង្កើតកន្លែងហ្វឹកហាត់កីឡា ចង់ជួយដល់ក្មេងៗ និងមនុស្សដទៃផ្សេងទៀត ប៉ុន្តែខ្ញុំមិនធ្លាប់បានគិតថាខ្ញុំអាចមានការប្រកួតធំស៊ីហ្គេមនៅកម្ពុជាទេ។»។ នេះបើតាម ស្រួង ភាវី ។
 
ការមកដល់ទឹកដីកម្ពុជាលើកនេះ កីឡាការិនីម្ចាស់ពានរង្វាន់ពិភពលោក LPBA World Championship 2023 នឹងបង្ហាញខ្លួនប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដោយប្រកួតនៅលើប្រភេទវិញ្ញាសាកីឡាប៊ីយ៉ាការ៉ុម។ 
  


បើទោះជាមានសមត្ថភាពខ្លាំងក្លាក្នុងការប្រកួតកន្លងមក នៅក្នុងប្រទេសកូរ៉េខាងត្បូងក្តី តែកីឡាការិនីវ័យ ៣៣ឆ្នាំរូបនេះ អះអាងថា ខ្លួននឹងមិនមើលស្រាលលើដៃគូប្រកួតឡើយ ដោយផ្ទុយទៅវិញគឺត្រូវផ្តោតអារម្មណ៍ខ្លាំង នៅក្នុងការប្រកួតពីមួយវគ្គ ទៅមួយវគ្គ ដើម្បីយកឈ្នះដៃគូប្រកួត។
 
កីឡាការិនីផ្នែកប៊ីយ៉ាការ៉ុម រូបនេះ បានប្តេជ្ញាថា នឹងធ្វើឱ្យបានល្អបំផុត ដើម្បីនាំជ័យជម្នះសម្រាប់កម្ពុជា និងការជួយផ្សព្វផ្សាយមុខមាត់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ តាមរយៈកីឡាប៊ីយ៉ាការ៉ុមនេះ។ ក្រៅពីការប្រកួតស៊ីហ្គេម កីឡាការិនីរូបនេះ ក៏នឹងជួយផ្សព្វផ្សាយអំពីការលើកកម្ពស់នៃតម្លៃស្ត្រីកម្ពុជា ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ព្រមទាំងការជួយដល់កុមារក្រីក្រកម្ពុជាផងដែរ។
 
នាពេលអនាគត កម្ពុជា នឹងមានការរៀបចំប្រកួតប្រជែងលើប្រភេទកីឡាប៊ីយ៉ាការ៉ុមនេះ ដោយកីឡាការិនី ស្រួង ភាវី បានសហការជាមួយនឹងសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា ដើម្បីរៀបចំការប្រកួត ដែលនឹងអាចធ្វើឡើងចំនួន ២ដង ក្នុង ១ឆ្នាំ ដើម្បីជាការផ្សព្វផ្សាយ និងបណ្តុះធនធាន។
 
គួរបញ្ជាក់ថា កីឡាការិនីវ័យ ៣៣ឆ្នាំ ដែលបានលើកមុខមាត់កម្ពុជា និងតម្លៃស្ដ្រីកម្ពុជា នៅប្រទេសកូរ៉េខាងត្បូង មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ហើយបានទៅរស់នៅប្រទេសកូរ៉េ ជាង១០ឆ្នាំ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ ជាមួយស្វាមីជាប្រជាជននៅខេត្ត Chungcheong នៃប្រទេសកូររ៉េខាងត្បូង៕
 

Tag:
 ស៊ីហ្គេម៣២
  ស្រួង ភាវី
© រក្សាសិទ្ធិដោយ thmeythmey.com