កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Man City ថា ជម្លោះផ្ទៃក្នុង Bayern នឹងធ្វើឱ្យកីឡាករពួកគេរួបរួមគ្នាខ្លាំងឡើងវិញ
19, Apr 2023 , 9:29 am        
រូបភាព
បញ្ហាជម្លោះផ្ទៃរវាង Sadio Mane និង ​Leroy Sane របស់ក្រុម Bayern Munich អាចនឹងធ្វើឱ្យក្រុមយក្សអាល្លឺម៉ង់ក្លាយជាក្រុមដ៏គ្រោះថ្នាក់បំផុតសម្រាប់ ​Manchester City ​ក្នុងការប្រកួតជើងទីពីរពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយ នៅថ្ងៃទី១៩ ខែមេសា។ នេះជាការលើកឡើងរបស់លោក Pep Guardiola អ្នកចាត់ក្រុម Man City ក្នុងសន្និសីទកាសែតមុនការប្រកួតថ្ងៃទី១៧ ខែមេសា។


កាលពីថ្ងៃទី១២ ខែមេសា សារព័ត៌មាន Bild និង Sky Sports Germany បានរាយការណ៍ថាកីឡាករ Sane បានរងរបួសបែកក្រោមបបូរមាត់ បន្ទាប់ពីការឈ្លោះប្រកែកគ្នាជាមួយនឹង Mane ក្នុងការប្រកួតចាញ់ក្រោមថ្វីជើង Man City លទ្ធផល ៣-០ នៅជើងទី១។ កីឡាករទាំងពីរបានបង្កជម្លោះដាក់គ្នាដោយការប្រើប្រាស់ពាក្យសម្តីនៅលើទីលាន មុនពេលបង្កហិង្សា។
 
Mane រងពិន័យដោយមិនបានចូលរួមប្រកួតកាលពីថ្ងៃទី១៥ ដែល Bayern Munich ប្រកួតស្មើ ១-១ ជាមួយនឹងក្រុម Hoffenheim ក្នុងជំនួបលីគអាល្លឺម៉ង់ បន្ទាប់ពីបានបង្កហិង្សាលើមិត្តរួមក្រុមរួចមក។
 
ដោយឡែកនៅពេលត្រូវបានអ្នកកាសែតសួរសំណួរអំពីបញ្ហាដែលនឹងអាចកើតមានឡើងសម្រាប់ការប្រកួតក្រោយជម្លោះរបស់កីឡាករ Bayern Munich លោក Pep Guardiola ដែលធ្លាប់ជាអតីតអ្នកចាត់ការក្រុមក្រុមយក្សអាល្លឺម៉ង់នេះ បានព្រមានកូនក្រុម Man City ថានឹងមានគ្រោះថ្នាក់សម្រាប់ការប្រកួតជើងទី២។
 
«ពេលខ្លះអ្នកត្រូវតែបង្រួបបង្រួមក្រុមឱ្យរួមចិត្តគ្នាតែមួយ តែពេលខ្លះក៏ត្រូវការជម្លោះផងដែរ វាមិនមែនជារឿងទន់ខ្សោយសម្រាប់ពួកគេទេ តែវាជារឿងរឹងមាំសម្រាប់ពួកគេ។ ខ្ញុំអាចស្រមៃមើលឃើញកាលៈទេសៈនេះជាមួយក្រុម Man City បានដូចគ្នា ការបង្ហាញទម្រង់លេងសម្រាប់ Bayern Munich នឹងមកដល់នៅរាត្រីថ្ងៃពុធនេះ។»។ លោក Guardiola បាននិយាយបែបនេះ។
 
ខណៈដែល Man City មានប្រៀបរហូតដល់ទៅ ៣គ្រាប់ដើម្បីមានឱកាសល្អជាងក្នុងការប្រកួតនៅជើងទីពីរ លោក Guardiola នៅតែបញ្ជាក់ថាវាអាចនឹងក្លាយជារឿងដ៏គ្រោះថ្នាក់សម្រាប់ក្រុមរបស់លោក។ ជំនួបជើងទីដែលនឹងធ្វើនៅទឹកដី Allianz Arena រវាងម្ចាស់ផ្ទះ Bayern Munich ទល់ Man City នៅធ្វើឡើងនៅរាត្រីថ្ងៃទី១៩ ខែមេសា វេលាម៉ោង ២ អាធ្រាត្រ [ម៉ោងនៅកម្ពុជា]៕
 
 

Tag:
 Pep Guardiola
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com