កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Real Madrid និង AC Milan ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ 19, Apr 2023 , 10:59 am
× ម្ចាស់ការពារតំណែងជើងឯក Real Madrid ទម្លាក់ក្រុមតោខៀវ Chelsea នៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះនៅជំនួបជើងទី២នៅ Stamford Bridge ដោយលទ្ធផល ២-០ ដើម្បីធ្វើដំណើរទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត។ ចំណែក AC Milan ទម្លាក់ជើងខ្លាំងមកពីលីគអ៊ីតាលីដូចគ្នា SSC Napoli បន្ទាប់ពីប្រកួតស្មើ ១-១ នៃជើងទីពីរ។
ក្រុម Chelsea មុនការប្រកួតបានបង្ហាញក្តីរំពឹងខ្លួនថានឹងអាចមានរដូវកាលមួយដ៏អស្ចារ្យឡើងវិញ បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើង Real Madrid កាលពីជើងទីមួយនៅទឹកដី Bernabeu។ ប៉ុន្តែទោះជាយ៉ាងណានៅការប្រកួតជើងទីពីរក្រុមអធិរាជស Real Madrid បានស៊ុត ២គ្រាប់ បន្ថែមទៀត ធ្វើឱ្យការប្រកួតសរុបទាំងពីរជើង ក្នុងយក្សអេស្ប៉ាញបានយកឈ្នះតោខៀវ ៤-០។
ខ្សែប្រយុទ្ធស្លាបវ័យក្មេង Rodrygo នាំជ័យជម្នះមកឱ្យក្រុមជើងឯក UCL ១៤សម័យ ដោយបានស៊ុតគ្រាប់បាល់ ២គ្រាប់នៅនាទី៥៨ និង នាទី៨០ គ្រប់គ្រាន់ធ្វើឱ្យអ្នកគាំទ្រនៅទឹកដីអង់គ្លេសទទួលបានការខកចិត្តសារជាថ្មី។
ទោះជាបានចំណាយប្រាក់ប្រមាណជាង ៧៤៥លានដុល្លារ លើការនាំចូលកីឡាករថ្មីៗជាច្រើនមកកាន់ក្លិបតោខៀវចាប់តាំងពីម្ចាស់ក្លិបថ្មីលោក Todd Boehly កាន់កាប់មក ក្លិបយក្សប្រចាំអង់គ្លេសស្ថិតក្នុងទីក្រុងឡុងដ៍មួយនេះ រងបរាជ័យផ្ទួនៗ ៤លើកជាប់គ្នា ដែលនេះជាកំណត់ត្រាអាក្រក់បំផុតរបស់ពួកគេចាប់តាំងពីឆ្នាំ ១៩៩៣។
ចំណែក AC Milan ត្រូវបានកីឡាករ Olivier Giroud ជួយរុញច្រានក្រុមឆ្លងកាត់ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីការប្រកួតបញ្ចប់ទៅដោយលទ្ធផលស្មើ ១-១ នៃជើងទីពីរ។ កាលពីជើងទីមួយ AC Milan យកឈ្នះ Napoli ដោយលទ្ធផល ១-០ ដូច្នេះសរុបទាំងពីរជើង AC Milan ឈ្នះ Napoli ២-១។
លទ្ធផល ១-១ នេះ កើតឡើងតាមរយៈការស៊ុតបញ្ចូលទីរបស់ Olivier Giroud នៅនាទី ៤៣ ដើម្បីជួយ AC Milan នាំមុខមុន មុនពេល Victor Osimhem តាមបានមួយគ្រាប់ឱ្យ Napoli នៅនាទី ៩០+៣។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្ចាស់ជើងឯក UCL ៧សម័យ AC Milan ត្រូវរង់ចាំជំនួបរវាង Inter Milan នឹង Benfica ខណៈដែលក្រុមទាំងពីរនេះនឹងត្រូវជួបតទល់គ្នានៅទឹកដី San Siro សម្រាប់ជំនួបជើងទី២ នាថ្ងៃទី១៩ ខែមេសា។ ដោយឡែក Real Madrid ត្រូវរង់ចាំ Bayern Munich ឬ Manchester City នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
Tag:
UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com