កីឡាអន្តរជាតិ
អន្តរជាតិ
រុស្ស៊ី ថាការចរចាជាមួយ UEFA អំពីការដកបម្រាម ពិបាកខ្លាំង​​​​​​​​​​​​​​​​​​​​​​​​​
20, Apr 2023 , 8:29 am        
រូបភាព
ប្រទេសរុស្ស៊ីកំពុងពិភាក្សាជាមួយសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប​ (UEFA) អំពីការដកបម្រាមដែលបានហាមឃាត់លើក្រុមកីឡាបាល់ទាត់រុស្ស៊ី មិនឱ្យមានការប្រកួតក្នុងតំបន់ បន្ទាប់ពីប្រទេសរុស្ស៊ីបានវាយលុកប្រទេសអ៊ុយក្រែន។ បើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី Tass  បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់របស់សហព័ន្ធបាល់ទាត់រុស្ស៊ី (RFU)​ ថ្ងៃទី១៨ ខែមេសា ថាកិច្ចចរចាមានភាពតានតឹងខ្លាំង។


RFU ត្រូវបានស្ថាប័នបាល់ទាត់ពិភពលោក FIFA និង UEFA សម្រេចចិត្តកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ហាមឃាត់រាល់ការប្រកួតអន្តរជាតិនានា​របស់ក្រុមបាល់ទាត់រុស្ស៊ី និងក្លិបក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីប្រទេសរុស្ស៊ីបានបើកការវាយលុកចូលប្រទេសអ៊ុយក្រែន។
 
ក្រោយមានការដាក់បម្រាមពី FIFA និង UEFA មក  RFU ធ្លាប់បាននិយាយថាខ្លួនបានពិចារណាចង់ផ្លាស់ប្តូរពីសមាជិកសហព័ន្ធបាល់ទាត់អឺរ៉ុប ទៅចូលរួមធ្វើជាសមាជិកសហព័ន្ធបាល់ទាត់អាស៊ី (AFC) វិញ។
 
«យើងបានចរចាជាមួយ UEFA អំពីការដកបម្រាមហាមឃាត់ដែលបានដាក់ពេលកន្លងមកនោះចេញវិញ។ ប៉ុន្តែកិច្ចចរចាពិតជាមានភាពតានតឹងខ្លាំង ទាំងនេះគឺជាកិច្ចសន្ទនាដ៏វែងឆ្ងាយដែលនឹងត្រូវបន្តគ្រប់ពេលវេលា ហើយ UEFA មិនចង់ឱ្យសហព័ន្ធ RFU ​ចាកចេញឡើយ ហើយ ​​​​RFU ក៏មិនចង់ចាកចេញដូចគ្នា។»។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Tass បានស្រង់សម្តីរបស់អគ្គលេខាធិការសហព័ន្ធ RFU លោក Maxim Mitrofanov។
 
បើតាមសម្តីមួយចំនួនរបស់លោក Aleksander Ceferin ប្រធាន UEFA ក្នុងខែមេសានេះ ការលើកលែងបម្រាមលើរុស្ស៊ីពិតជាលំបាកខ្លាំង រហូតទាល់តែសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនបញ្ចប់សិន។
 
ចំណែកបើតាមការអះអាងរបស់អគ្គលេខាធិការ ​RFU លោក Mitrofanov នាកិច្ចប្រជុំរវាង RFU និង UEFA លោក Ceferin មិនបានលើកឡើងអំពីបញ្ហាអ្វីថ្មីឡើយ ជុំវិញការដកបម្រាមរុស្ស៊ី៕
 

Tag:
 UEFA
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com