កីឡាអន្តរជាតិ
អន្តរជាតិ
បុគ្គលិកពេទ្យ៨នាក់ប្រឈមជាប់ទោសពី៨ទៅ២៥ឆ្នាំ ជុំវិញការស្លាប់លោក Maradona 20, Apr 2023 , 7:29 pm
× បុគ្គលិកផ្នែកថែទាំសុខភាពចំនួន ៨នាក់ នឹងត្រូវបន្តកាត់ទោសទាក់ទងនឹងការស្លាប់របស់លោក Diego Maradona បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទ«មនុស្សឃាតដោយការធ្វេសប្រហែស»។ ប្រព័ន្ធផ្សព្វផ្សាយ TN របស់អាហ្សង់ទីនបានផ្សាយដូច្នេះ នៅថ្ងៃទី១៩ ខែមេសា។
លោក Maradona វីរបុរសកីឡាបាល់ទាត់អាហ្សង់ទីន ដែលបានជួយឱ្យអាហ្សង់ទីនឈ្នះ World Cup លើកទីពីរក្នុងប្រវត្តិសាស្ត្រក្នុងឆ្នាំ ១៩៨៦ បានស្លាប់នៅក្នុងវ័យ ៦០ឆ្នាំ កាលពីខែ វិច្ឆិកា ឆ្នាំ ២០២០។ ការស្លាប់របស់លោក Maradona ដោយសារតែបេះដូងលែងដំណើរការ បន្ទាប់ពីការវះកាត់ខួរក្បាលប៉ុន្មានថ្ងៃក្រោយ។
បើតាមការរាយការណ៍របស់ទូរទស្សន៍អាហ្សង់ទីន TN តុលាការក្នុងទីក្រុង San Isidro ស្ថិតនៅជាយទីក្រុង Buenos Aires បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់មេធាវីការពារក្តី ហើយតុលាបានបន្តតម្កល់ការចោទប្រកាន់រយៈពេលមួយឆ្នាំ ដោយព្រះរាជអាជ្ញាពីបទ «ការងារមិនប្រុងប្រយ័ត្ន និងគ្មានប្រសិទ្ធភាព» ក្នុងការព្យាបាល និងថែទាំង Maradona អតីតកីឡាករ Boca Juniors និង Napoli។
តាមរយៈរបាយការណ៍ដដែលនោះ ដំណើរការនៃការកាត់ក្តីនឹងទំនងធ្វើឡើងនៅក្នុងឆ្នាំ ២០២៣ នេះ ហើយជនជាប់ចោទទាំង ៨នាក់ អាចប្រឈមមុខនឹងការផ្តន្ទាទោសដាក់ពន្ធនាគាពីរយៈពេល ៨ ទៅ ២៥ឆ្នាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com