កីឡាអន្តរជាតិ
អន្តរជាតិ
Lloris សុំទោសអ្នកគាំទ្រចំពោះការប្រកួតចាញ់ក្រុម Newcastle United យ៉ាងអាម៉ាស់
24, Apr 2023 , 3:39 pm        
រូបភាព
អ្នកចាំទី Hugo Lloris បង្ហាញការសុំទោសយ៉ាងក្រៀមក្រំទៅកាន់អ្នកគាំទ្ររបស់ក្រុម Tottenham Hotspur បន្ទាប់ពីប្រកួតចាញ់ក្រោមថ្វីជើង Newcastle United យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-១ នាថ្ងៃទី២៣ ខែមេសា។


ការប្រកួតក្នុងទឹកដី St James’ Park ក្រុមភ្ញៀវ Spurs មិនដល់ ២១នាទីផង ពួកគេត្រូវបានក្រុមម្ចាស់ផ្ទះលត់ក្នុងលទ្ធផល ៥-០ រួចបាត់ទៅហើយ ខណៈក្រុមរហ័សនាមមាន់ក្នាយមាស ហាក់មានភាពរអាក់រអួលខ្លាំងក្នុងការប្រកួត។ គ្រាប់បាល់ទី ៦ របស់ Newcastle បានកើតឡើងនៅក្នុងនាទី៦៧ ក្រោយពេលដែល Spurs រកបាន ១គ្រាប់មកវិញនៅនាទី ៤៩ ដោយខ្សែប្រយុទ្ធ Harry Kane។
 
ភាពខ្វះខាតត្រង់តំបន់ការពារ ភាពរអាក់រអួលនៃទម្រង់លេង បានធ្វើឱ្យ Spurs បន្តឃ្លាតចេញកាន់តែឆ្ងាយពីតំបន់ក្រុមចំណាត់ថ្នាក់កំពូលទាំង ៤ ខណៈដែលក្រុមម្ចាស់ផ្ទះក្រសោបបានជ័យជម្នះធំឡើងទៅឈរនៅលំដាប់ថ្នាក់លេខ ៣។ Spurs ស្ថិតនៅចំណាត់ថ្នាក់លេខ ៥ នៃតារាង Premier League។
 
បរាជ័យហាក់បង្ហាញពីបញ្ហានៃការខកខានលេងក្នុងពានរង្វាន់កំពូលតំបន់អឺរ៉ុបនៅរដូវកាលក្រោយនេះ អ្នកចាំទី Hugo Lloris បានអះអាងថា ការប្រកួតចាញ់ក្រុម Newcastle បង្ហាញអំពីភាពខ្វះខាតនៃទម្រង់លេង ហើយប្រធានក្រុមរូបនេះក៏បានបង្ហាញការសុំទោសទៅកាន់អ្នកគាំទ្រ។
 
«វាមានភាពរញ៉េរញ៉ៃ ហើយពិតជាខ្មាស់គេខ្លាំង។ ជាដំបូងបង្អស់យើងពិតជាសុំទោសទៅកាន់អ្នកគាំទ្រ ដែលបានធ្វើដំណើរមកដល់ទីនេះ ហើយចំពោះអ្នកគាំទ្រដែលបានទស្សនាការប្រកួតមួយនេះ។ ជាការពិតយើងមិនបានបង្ហាញទម្រង់លេងល្អនៅថ្ងៃនេះ ខ្ញុំគិតថាយើងមិនមានទម្រង់លេងមួយដ៏សក្ក័សម ដែលសមស្របទៅនឹងកីឡាករ Newcastle ឡើយ។»។ Lloris បាននិយាយបែបនេះក្រោយចប់ការប្រកួត។
 
បញ្ហានៅក្នុងក្រុម Spurs ក្នុងរដូវកាលនេះ បានធ្វើឱ្យក្រុមធ្លាក់ចេញពីការប្រជែងពានរង្វាន់នានាដូចជា Champions League, EFL Cup និង FA Cup ។ កាលពីខែមុន ក្រុមក៏បានចែកផ្លូវជាមួយនឹងអ្នកចាត់ការលោក Antonio Conte។ 
 
ការចែកផ្លូវជាមួយអ្នកចាត់ការដ៏ជោគជ័យទាំងនៅអង់គ្លេស និងអ៊ីតាលីមួយនេះ បានកើតឡើងបន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអ៊ីតាលី បានរិះគន់កីឡាករថា មានភាពអត្មានិយម និងមិនខិតខំប្រឹងប្រែងប្រកួតប្រជែងដើម្បីអ្នកគាំទ្រ។ Spurs ក៏បានបាត់បង់ប្រធានផ្នែកកីឡាលោក Fabio Paratici ម្នាក់ថែមទៀតក្នុងសប្តាហ៍នេះ៕
 

Tag:
 Hugo Lloris
  Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com