ជាតិ
រដ្ឋបាលខេត្តព្រះសីហនុ ទុកពេល៧ថ្ងៃឱ្យពលរដ្ឋរុះរើតូប និងស្ដង់ទំនិញ ចេញពីចិញ្ចើមផ្លូវ៧០១-៩ 26, Apr 2023 , 10:59 am

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ រូបភាពពី៖ រដ្ឋបាលខេត្តព្រះសីហនុ
×![]()
ដោយ៖ សែម ប្រាក់ដាវ
រដ្ឋបាលខេត្តព្រះសីហនុ ហាមពលរដ្ឋសាងសង់តូប ឬសំណង់របស់ខ្លួន និងស្តង់សម្រាប់តាំងលក់ទំនិញ ព្រមទាំងចតយានយន្តគ្រប់ប្រភេទនៅតាមបណ្តោយផ្លូវ៧០១-៩ និងបណ្តាផ្លូវស្ថិតត្រង់ចំណុចភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ការហាមឃាត់បែបនេះ ដើម្បីពង្រីកផ្លូវ និងដាក់បណ្តាញលូទឹកក្នុងក្រុង។
រដ្ឋបាលខេត្តព្រះសីហនុ នឹងចាប់ផ្តើមពង្រីកផ្លូវ និងដាក់បណ្តាញលូទឹក នៅតាមបណ្តោយផ្លូវ៧០១-៩ និងបណ្តាផ្លូវ ស្ថិតត្រង់ចំណុចភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ការជួសជុលនេះ រដ្ឋបាលខេត្ត តម្រូវឱ្យពលរដ្ឋរុះរើតូប ស្តង់លក់ដូរទំនិញ របង និងសំយាបផ្ទះនៅតាមចិញ្ចើមផ្លូវ ដោយទុកពេល៧ថ្ងៃ។
បើតាមរដ្ឋបាលខេត្ត ករណីពលរដ្ឋណាមិនអនុវត្តតាមបម្រាមនេះ រដ្ឋបាលខេត្ត នឹងអនុវត្តតាមវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវចំពោះការបាត់បង់ទ្រព្យសម្បត្តិ ឬខូចខាតសម្ភារឡើយ។ រដ្ឋបាលខេត្តព្រះសីហនុ អះអាងថា បញ្ហាផ្ទះពលរដ្ឋនៅលើដីរដ្ឋនេះ បានកើតឡើងយូរមកហើយ តែដោយសារមិនទាន់ចាប់ផ្ដើមសាងសង់ទើបសាលាក្រុងមិនបញ្ជាឱ្យរុះរើ។ ប៉ុន្តែបច្ចុប្បន្នផ្លូវនេះ នឹងត្រូវសាងសង់ ដូច្នេះតម្រូវឱ្យរុះរើឱ្យរួចមុនថ្ងៃកំណត់។
សូមបញ្ជាក់ដែរ អាជ្ញាធរក្រុងព្រះសីហនុ សហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ នឹងឈូសឆាយសំណង់ ដែលសង់លើចំណីផ្លូវ និងដាក់ខ្សែបណ្តាញអគ្គិសនី ទុយោទឹកស្អាត និងខ្សែទឹកក្រោមដី៕
Tag:
រដ្ឋបាលខេត្តព្រះសីហនុ
រុះរើតូប
© រក្សាសិទ្ធិដោយ thmeythmey.com