កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Arsenal ថាកីឡាកររងទុក្ខក្រោយចាញ់ Man City ខណៈឱកាសឈ្នះពាន EPL ថមថយ
27, Apr 2023 , 2:59 pm        
រូបភាព
លោក Mikel Arteta អ្នកចាត់ការក្រុម Arsenal និយាយថាក្រុមរបស់លោករងទុក្ខខ្លាំងបន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងក្រុម Manchester City លទ្ធផល ៤-១ នាជំនួប Premier League ថ្ងៃទី២៦ ខែមេសា។ ទោះ Arsenal បន្តឈរនៅកំពូលតារាងនៅឡើយ ប៉ុន្តែភាសាកាយវិការរបស់លោក Arteta បានបង្ហាញថាឱកាសឈ្នះពានរបស់ក្រុមកាន់តែតិច។


ការប្រកួតនោះ Arsenal រងការដាក់សម្ពាធខ្លាំងពីសំណាក់ក្រុម Man City ក្នុងការប្រជែងដណ្តើមពិន្ទុ សម្រាប់ពានរង្វាន់លីគកំពូលអង់គ្លេសរបស់ពួកគេលើកដំបូង ក្រោយរង់ចាំរយៈពេលជិត ២០ឆ្នាំ។ លទ្ធផល ៤-១ ដែលជ័យជម្នះធ្លាក់លើក្រុមរបស់លោក Pep Guardiola គ្រាប់បាល់ធ្វើបានដោយកីឡាករ Kevin De Bruyne ចំនួន ២គ្រាប់ ខ្សែការពារ John Stones ១គ្រាប់ និង Erling Haaland ១គ្រាប់ ចំណែក ១គ្រាប់របស់ Arsenal រកបានមកវិញដោយកីឡាករ Rob Holding។
  


ក្រុមការពារតំណែងជើងឯក មានឱកាសខ្ពស់ឡើងទៅឈរនៅកំពូលតារាងលីគកំពូលអង់គ្លេសជំនួស Arsenal វិញ ខណៈពួកគេនៅសល់ការប្រកួតពីរលើកក្នុងដៃ។ ប្រសិនបើ Man City អាចបំបាក់ក្រុម Fulham សម្រាប់ការប្រកួតក្នុងសប្តាហ៍នេះពួកគេនឹងឡើងមកឈរកំពូលតារាងវិញ ហើយក៏នឹងអាចធ្វើឱ្យ Arsenal ខកចិត្តសារជាថ្មី។
 
នាសន្និសីទកាសែតក្រោយចប់ការប្រកួត លោក Arteta បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ដែលបង្ហាញថាឱកាសឈ្នះពានរង្វាន់របស់ក្រុមកំពុងតែរសាត់ធ្ងាយ ប៉ុន្តែលោកបានលើកដាស់តឿនកូនក្រុមថាការប្រកួតដែលនៅសល់ត្រូវតែយកឈ្នះ។
 
«ខ្ញុំមិនដឹងថាត្រូវទាមទារអ្វីទេ ពិតណាស់យើងត្រូវតែលើកកីឡាកររបស់យើងជាមុនសិន ព្រោះពួកគេបានរងទុក្ខខ្លាំងនៅយប់នេះ។ យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាង សម្រាប់រឿងរ៉ាវដែលយើងបានធ្វើមកជាយូហើយ ហើយត្រូវតែឈ្នះឡើងវិញ។»។ លោក Arteta បាននិយាយបែបនេះ។
 
ខណៈបរាជ័យក្រោមថ្វីជើង Man City នឹងក្លាយជារឿងដ៏កាន់តែតានតឹងសម្រាប់ការប្រជែងពានរង្វាន់ ជាការពិត Arsenal បានបាត់បង់ការខិតខំប្រឹងប្រែងរបស់ពួកគេនាពេលកន្លងមកសម្រាប់ពានរង្វាន់ Premier League។
 
​ការប្រកួតស្មើ ២-២ ទល់ ​Liverpool និង West Ham United ព្រមទាំងស្មើ ៣-៣ ទល់ Southampton កន្លងមក Arsenal ចាប់ផ្តើមថមថយគម្លាតពិន្ទុនាំមុខនៅកំពូលតារាង៕
 

Tag:
 Premier League
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com