កីឡាអន្តរជាតិ
ស៊ីហ្គេម២០២៣
អន្តរជាតិ
លោក ប្រាយុទ្ធ ផ្តាំប្រតិភូកីឡាថៃ ដែលមកប្រកួតស៊ីហ្គេមនៅកម្ពុជា ឱ្យរក្សាជំហរឆ្ងាយពីរឿងនយោបាយ
28, Apr 2023 , 5:29 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានផ្តាំផ្ញើទៅកាន់ប្រតិភូកីឡាថៃ ដែលមកប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ នៅប្រទេសកម្ពុជា ឱ្យរក្សាជំហរឆ្ងាយពីនយោបាយ។ បើតាមការផ្សាយរបស់កាសែត Bangkok Post ថ្ងៃទី២៧ ខែមេសា។


លោក ប្រាយុទ្ធ កាលពីថ្ងៃទី២៦ ខែមេសា បានរៀបចំពិធីស្វាគមន៍អត្តពលិក និងមន្រ្តីកីឡារបស់ថៃ នៅវិមានរដ្ឋាភិបាល មុនពេលក្រុមអត្តពលិក និងមន្រ្តីកីឡាទាំងនោះ ធ្វើដំណើរមកចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលនឹងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា។
 
«កុំរួមបញ្ចូលកីឡាទៅនឹងរឿងនយោបាយឱ្យសោះ។ យើងកំពុងតែរៀបចំការបោះឆ្នោត ដូច្នេះយើងមិនអាចរិះគន់រឿងរបស់កម្ពុជានោះទេ វាជាបញ្ហារបស់ពួកគេ។ យើងមានរឿងផ្ទាល់ខ្លួនរបស់យើង ហើយវាជាបញ្ហាផ្សេងគ្នា មិនត្រូវលាយឡំបញ្ចូលគ្នាឡើយ។ បើសិនអ្នកនៅបន្តធ្វើបែបនេះវានឹងក្លាយជាភាពវឹកវរ ។ តើអ្នកយល់ទេ? យើងមានបញ្ហាផ្ទាល់ខ្លួនច្រើន ដូច្នេះកុំរញ៉េរញ៉ៃនឹងបញ្ហារបស់ពួកគេ។»។ លោក ប្រាយុទ្ធ បាននិយាយប្រាប់អ្នកកាសែតបែបនេះ។
 
មន្ត្រីកីឡាថៃមួយចំនួន ព្រមទាំងអ្នកគាំទ្រ កំពុងតែបន្តបង្ហាញក្តីមិនសប្បាយចិត្តចំពោះកម្ពុជា ដែលបានសម្រេចចិត្តដាក់បញ្ចូលវិញ្ញាសាកីឡាគុនខ្មែរ ជាផ្នែកនៃការប្រកួតកីឡាស៊ីហ្គេម ហើយបានដកកីឡាម៉ូយថៃចេញ។ ចំពោះលើវិញ្ញាសាកីឡាគុនខ្មែរនេះ ត្រូវបានមន្ត្រីថៃ មិនបញ្ជូនអត្តពលិក សម្រាប់ចូលរួមប្រកួតលើប្រភេទវិញ្ញាសាកីឡាគុនខ្មែរនេះឡើយ។
 
ទាក់ទងការមកប្រកួតនៅប្រទេសកម្ពុជា លោកប្រាយុទ្ធ ក៏បានលើកឡើងបន្ថែមដូច្នេះថា៖«ខ្ញុំបានប្រាប់ប្រជាជនដែលជាអត្តពលិក និងមន្រ្តីកីឡា ដែលទៅកម្ពុជា ឱ្យបង្កើតនូវទំនាក់ទំនងល្អ ក្តីស្រលាញ់ និងការរួបរួម។ យើងត្រូវតែអត់ធ្មត់ និងតាំងចិត្ត ព្រោះថាបញ្ហាជាច្រើនបានកើតឡើងរួចហើយ ដូច្នេះយើងមិនអាចបង្កើតបញ្ហាបន្ថែមទៀតឡើយ យើងត្រូវតែស្ថិតនៅក្នុងសន្តិភាព ព្រោះយើងជាអ្នកជិតខាងគ្នា។»។
 
មិនត្រឹមតែនិយាយផ្តែផ្តាំទៅកាន់ក្រុមអត្តពលិក និងមន្ត្រីការប្រកួត​​ នោះទេ នាយករដ្ឋមន្ត្រីថៃ ក៏បានរិះគន់ទៅកាន់មនុស្សមួយចំនួន ដែលបានវាយប្រហារមកកាន់ប្រទេសកម្ពុជា នៅបណ្តាញសង្គមនានាផងដែរ៕
 
 

Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com