ជាតិ
អត្ថបទពាណិជ្ជកម្ម
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អញ្ជើញប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិស្សនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ៦២០នាក់
29, Apr 2023 , 4:59 pm        
រូបភាព
នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ  បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេស ភាសាចិន និងភាសាថៃ ជូនសិស្សានុសិស្សចំនួន៦២០នាក់ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក   ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន  ព្រមទាំងគណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា សិស្សានុសិស្ស និងអ្នកអាណាព្យាបាលយ៉ាងច្រើនកុះករ។
 
ថ្ងៃប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២៣នេះ  គឺថ្ងៃមួយដ៏អស្ចារ្យ និងពោរពេញដោយអត្ថន័យ សម្រាប់សិស្សានុសិស្សនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ក៏ដូចជាលោកគ្រូ អ្នកគ្រូ និងអ្នកអាណាព្យាបាលផងដែរ។ 
 


ថ្លែងក្នុងឱកាសប្រគល់វិញ្ញាបនបត្រដល់សិស្សានុសិស្សមជ្ឈមណ្ឌលភាសា អេ អាយ អាយ  នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា    អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឱ្យដឹងថា កម្មវិធីនេះ ធ្វើឡើងសម្រាប់សិស្សដែលបានបញ្ចប់ដោយជោគជ័យនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដោយរួមមាន កម្មវិធីកម្រិតថ្នាក់កុមារ ថ្នាក់មនុស្សពេញវ័យ ថ្នាក់ភាសាចិន និងថ្នាក់ភាសាថៃសម្រាប់ថ្នាក់មនុស្សពេញវ័យ។
 


កត្តាដែលធ្វើឱ្យមជ្ឈមណ្ឌលភាសា អេ អាយ អាយ  មានភាពខុសប្លែកពីសាលាដទៃទៀត គឺដោយសារតែមជ្ឈមណ្ឌលភាសា អេ អាយ អាយ មានចក្ខុវិស័យ បេសកកម្ម និងរចនាសម្ពន្ធច្បាស់លាស់ ហើយកម្មវិធីសិក្សាត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ពីគណៈកម្មការសាលា ហើយសាលាក៏មានកម្មវិធីសិក្សាក្រៅថ្នាក់ផងដែរ ដើម្បីផ្តល់ឱកាសឱ្យសិស្សបានចូលរួមបន្ថែម។ សំខាន់ជាងនេះទៅទៀតនោះ លោកគ្រូ អ្នកគ្រូ នៅគ្រឹះស្ថានអប់រំរបស់លោក សុទ្ធសឹងមានគរុកោសល្យច្បាស់លាស់ មានបទពិសោធន៍ច្រើនឆ្នាំ និងយកចិត្តទុកដាក់ក្នុងការបង្រៀនថែមទៀតផង។
  


បើតាមការអះអាងរបស់លោក ដោយសារតែមានការគាំទ្រពីសំណាក់មាតាបិតា ឬអ្នកអាណាព្យាបាលទាំងអស់ គឺធ្វើឱ្យមជ្ឈមណ្ឌលភាសា អេ អាយ អាយ មានការរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន។ ជាងនេះទៅទៀត យើងបានពង្រីកសាខាទី៧ នៅឯខេត្តសៀមរាប   និងកំពុងទទួលបានការគាំទ្រពីសំណាក់សិស្សានុសិស្ស អ្នកអាណាព្យាបាលក្នុងតំបន់។ នៅពេលខាងមុខទៀត មជ្ឈមណ្ឌលភាសា អេ អាយ អាយ នឹងបន្តពង្រីកទៅដល់ខេត្តតាកែវ កំពង់ចាម បន្ទាយមានជ័យ និងបាត់ដំបងផងដែរ។
 
លោក បានមានប្រសាសន៍ថា តាមរយៈចំនួនដ៏ច្រើនរបស់សិស្សមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដ៏ច្រើនលើសលប់នេះ គឺបានឆ្លុះបញ្ចាំងពីការរីកចម្រើន និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ក្នុងការរក្សាទាំងកំណើនខ្ពស់នៃសិស្សចូលរៀន និងគុណភាពសិក្សាស្តង់ដារអន្តរជាតិ។



លោក ទទួលស្គាល់ថា ការបណ្តុះបណ្តាលមនុស្សឱ្យក្លាយជាបញ្ញាវន្តពិតប្រាកដមួយ គឺពិតជាមានការលំបាក ព្រោះត្រូវការការតាមដានត្រួតពិនិត្យគ្រប់ពេលវេលា ហើយអ្នកដឹកនាំប្រាកដណាស់   ត្រូវមានគំនិតឈ្លាសវៃ។ ជាមួយគ្នានេះលោក ក៏បានធ្វើការផ្តាំផ្ញើដល់សិស្សានុសិស្ស  ឱ្យបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ស្រាវជ្រាវបន្ថែមទៀត ដើម្បីក្លាយជាធនធានមនុស្សមានដែលមានសក្កានុពលសម្រាប់ប្រទេសជាតិ។ 
 


អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបន្តថា ការសិក្សារៀនសូត្រមិនមែនទទួលបានសញ្ញាបត្រនេះបញ្ចប់ទេគឺការសិក្សាត្រូវធ្វើឡើងពេញមូយជីវិតគឺគ្មានទីបញ្ចប់ ហើយដើម្បីជាធនធានមនុស្សប្រកបដោយសមត្ថភាពពិតប្រាកដគឺត្រូវមានចំណេះដឹង បទពិសោធន៍ និងសីលធម៌។ អ្នកឧកញ៉ា ក៏បានធ្វើការក្រើនរម្លឹកទៅដល់សិស្សានុសិស្សទាំងអស់ដែរថា ត្រូវដឹងថាខ្លួនឯងជាអ្នកណា កំពុងធ្វើអ្វី និងធ្វើដើម្បីអ្វី។
 
សូមជម្រាបជូនថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ ត្រូវបានគេស្គាល់ទូទាំងប្រទេសចំពោះគុណភាព វិន័យ និងសេវាកម្ម ដែលមានលក្ខណៈពិសេស ហើយត្រូវបានគេទទួលស្គាល់ថាជាគ្រឹះស្ថានសិក្សាមួយដែលមានភាពច្នៃប្រឌិត និងស្វាហាប់បំផុតនៅក្នុងប្រទេសកម្ពុជា។ សាខាទាំង ៧រួមមាន    សាខាម៉ៅសេទុង សាខាទួលគោក សាខាចាក់អង្រែ សាខាចោមចៅ សាខាផ្សារថ្មី សាខាជ្រោយចង្វារ សាខាខេត្តសៀមរាប និងសាខាទី៨ នៅខេត្តតាកែវ នឹងបើកដំណើរការនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ។

© រក្សាសិទ្ធិដោយ thmeythmey.com