កីឡាជាតិ
ជាតិ
ស៊ីហ្គេម ២០២៣ ៖ វៀតណាម យកឈ្នះ ឡាវ ឡើងឈរលេខ ២ ក្រោមថៃ
30, Apr 2023 , 10:51 pm        
រូបភាព
ស៊ីហ្គេម ២០២៣ ប្រទេសកម្ពុជា វិញ្ញាសាបាល់ទាត់បុរស ពូល B ក្រុមបាល់ទាត់អាយុក្រោម ២២ឆ្នាំ វៀតណាម ប្រកួតយកឈ្នះឡាវដោយលទ្ធផល ២-០ ដោយភាពតឹងតែង ក្នុងកីឡដ្ឋានព្រីនស៍ រាត្រីថ្ងៃទី៣០ ខែមេសា។ វៀតណាមឡើងឈរចំណាត់ថ្នាក់លេខ ២ ក្រោមថៃ ដែលឈរកំពូលតារាង។


ផ្តើមការប្រកួតនៃវគ្គទីមួយ វៀតណាមហាក់បីធ្វើបានល្អខ្លាំង ដោយបានបើកការវាយសម្រុក សន្ធាប់ទៅលើឡាវ រហូតស៊ុតបានគ្រាប់បាល់បើកឆាកដំបូង និងជាគ្រាប់បាល់ស៊ុតបញ្ចូលទីលឿនបំផុតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដោយកីឡាករ Tung Nguyen Van នៅនាទី ២។ បើកការនាំមុខ ១-០ ក៏ដោយក្តី ប៉ុន្តែក្នុងវគ្គទីមួយនេះទៀតសោត វៀតណាម មិនអាចរកបានគ្រាប់បាល់បន្ថែមឡើយលើឡាវ បើទោះខ្លួនព្យាយាមសម្រុកខ្លាំងយ៉ាងណាក្តី រហូតបញ្ចប់ការប្រកួតក្នុងវគ្គទីមួយ វៀតណាមនាំមុខឡាវ ១-០។
 
ចូលវគ្គទីពីរ ស្ថានកាលមានភាពប្រែប្រួលខ្លាំង ឡាវបានកែប្រែទម្រង់លេង ដោយធ្វើបានយ៉ាងល្អ វាយបកសម្រុកលើវៀតណាមវិញ ដើម្បីស្វែករកឱកាសស៊ុតគ្រាប់បាល់តាមស្មើមកវិញ។ តែទោះជាយ៉ាងណា ឡាវហាក់បីគ្មានសំណាងក្នុងការស៊ុតបំប៉ោងសំណាញ់ទីលើវៀតណាម បើទោះខ្លួនរកបានឱកាស ២ ទៅ ៣លើក ពីការស៊ុតចំគោលដៅក្តី


 
ហៀបនឹងចប់ការប្រកួតទៅហើយ ពោលនៅចុងបញ្ចប់នៃវគ្គទីពីរ ការសម្រុកខ្លាំងពីសំណាក់ឡាវ បានក្លាយជាបញ្ហា រហូតធ្វើឱ្យវៀតណាមដណ្តើមបាល់វាយបក រហូតអាចស៊ុតបំប៉ោងសំណាញ់ទីបន្ថែមគ្រាប់បាល់ទីពីរ នៅនាទី៩០+២ ដោយកីឡាករ Quoc Viet Nguyen។ បញ្ចប់ការប្រកួត វៀតណាម យកឈ្នះ ឡាវដោយលទ្ធផល ២-០។
 
វៀតណាមក្លាយជាក្រុមស្ថិតនៅចំណាត់លេខ ២ ក្នុងតារាងពូល B ដោយឈរពីក្រោម ថៃ ដែលមាន ៣ពិន្ទុដូចគ្នា ឈរកំពូលតារាង។ ឡាវបាញ់ការប្រកួតឈរចំណាត់ថ្នាក់លេខ ៤ ខណៈការប្រកួតបន្ទាប់របស់ពួកគេត្រូវជួបតទល់ក្រុមម៉ាឡេស៊ី នៅថ្ងៃទី៣ ខែឧសភា វេលាម៉ោង ៧យប់ នាកីឡដ្ឋានព្រីនស៍៕
 








© រក្សាសិទ្ធិដោយ thmeythmey.com