ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ CIMB ប្រារព្ធទិវាអតិថិជន ក្នុងខេត្តបាត់ដំបង
03, May 2023 , 3:18 pm        
រូបភាព
ខេត្តបាត់ដំបង៖ ស្របតាមចក្ខុវិស័យ ដែលតែងតែផ្តោតទៅលើការយកចិត្តទុកដាក់ខ្លាំងបំផុត លើអតិថិជន ធនាគារ​ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានប្រារព្ធទិវាអតិថិជន ដែលជាព្រឹត្តិការណ៍ពង្រឹងទំនាក់ទំនង និងស្វែងយល់ពីគ្នាដោយផ្ទាល់ រវាងគណៈគ្រប់គ្រងរបស់ធនាគារ និងអតិថិជន ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែមេសាកន្លងមកនេះ។ នេះគឺជាព្រឹត្តិ​ការណ៍​លើកដំបូង ដែលធនាគារ CIMB បានរៀបចំឡើងជាពិសេស ជូនដល់អតិថិជនដោយផ្ទាល់ ដែលមកពីខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ចាម ប្រមាណជិត ២០០នាក់ និងមានការចូលរួម ពីសំណាក់គណៈគ្រប់គ្រងរបស់ធនាគារ រួមទាំងប្រធាននាយកប្រតិបត្តិ (CEO) ផងដែរ។
 
ក្នុងឱកាសទិវាអតិថិជននេះ ធនាគារ CIMB បានរៀបចំកម្មវិធីសំណេះសំណាល ដែលដឹកនាំដោយលោកប៊ុន យីន CEO របស់ធនាគារ ដើម្បីចែករំលែក អំពីបច្ចុប្បន្នភាព នៃព្រឹត្តិការណ៍ និងស្ថានភាពវិវឌ្ឍនៃសេដ្ឋកិច្ចពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ព្រមទាំងការវិវឌ្ឍនានា នៃវិស័យធនាគារ នៅលើពិភពលោក និងតំបន់អាស៊ាន ក៏ដូចជាប្រទេសកម្ពុជាផ្ទាល់តែម្តង។ ទន្ទឹមនឹងនោះ លោកប៊ុន យីន បានផ្តល់ជូននូវមតិ អំពីអភិបាលកិច្ចល្អ ដំណើរការធ្វើអាជីវកម្ម ដោយមានភាពប្រុងប្រយ័ត្នខ្ពស់ និងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ធនាគារ ក្នុងប្រតិបត្តិការ ដែលឈរលើជំហតុល្យភាព រវាងធនាគារ និងអតិថិជន ហើយបង្កើនថែមតម្លៃ សម្រាប់ឃឿនសេដ្ឋកិច្ចជាតិទាំងមូល។ ដោយមានកិច្ចជជែកពិភាក្សា និងឆ្លើយឆ្លងសំណួរដោយផ្ទាល់យ៉ាងផុលផុស និងបើកចំហ រវាងអតិថិជន និងគណៈគ្រប់គ្រងធនាគារ កម្មវិធីសំណេះសំណាលនេះ បានផ្តល់លទ្ធផល ប្រកបដោយផ្លែផ្កា ដែលអតិថិជនបានយល់ដឹង និងជ្រាបកាន់តែច្បាស់ អំពីការប្តេជ្ញាចិត្តរបស់ធនាគារ CIMB ក្នុងនាមជាដៃគូអាជីវកម្មដ៏ពិតប្រាកដមួយ ក្នុងការកសាងវិស័យហិរញ្ញវត្ថុដ៏រឹងមាំ និងយូរអង្វែង ដល់អតិថិជន ស្របតាមការវិវឌ្ឍនៃវិស័យធនាគារ ក្នុងសាកលលោក និងក្នុងតំបន់ ចាប់តាំងពីគ្រាដ៏លំបាក នៃការរាតត្បាត នៃជំងឺកូវីដ-១៩ រហូតដល់ពេលបច្ចុប្បន្ននេះ។



មិនតែប៉ុណ្ណោះ ធនាគារ CIMB ក៏បានយល់ដឹងកាន់តែច្បាស់ អំពីចំណុចដែលល្អប្រសើរ ក៏ដូចជាកង្វះខាតនានា ហើយទទួលយកមតិយោបល់របស់អតិថិជន ដើម្បីបំពេញបន្ថែម និងកែតម្រូវ ក្នុងគោលបំណងលើកកម្ពស់ផលិតផល និងសេវាកម្មបម្រើអតិថិជន ឲ្យកាន់តែល្អប្រសើរឡើង ហើយនឹងបន្តក្លាយជាធនាគារឈានមុខគេ ផ្នែកផលិតផល និងសេវាកម្ម ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ជាមួយនឹងបរិយាកាស ប្រកបដោយក្តីសោមនស្សរីករាយ គណៈគ្រប់គ្រងរបស់ធនាគារ CIMB និងអតិថិជន ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ បានពិសាភោជនីយអាហាររួមគ្នា នាឱកាសទិវាអតិថិជននេះ ក្នុងស្មារតីសាមគ្គីភាព ភាពចុះសម្រុង ទឹកចិត្តយោគយល់គ្នា និងភាពស្និទ្ធស្នាលក្រៃលែង រវាងអតិថិន និងអតិថិជន ព្រមទាំងធនាគារ CIMB ផងដែរ។
 
ក្នុងឱកាសដ៏ពិសេសនេះផងដែរ លោកប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB បានមានប្រសាសន៍ថា៖ «អតិតថិជន គឺជាស្នូលដ៏សំខាន់ នៃធនាគារ CIMB របស់យើងខ្ញុំ។  សមិទ្ធផលដ៏ល្អ ដែលធនាគារសម្រេចបានមកដល់សព្វថ្ងៃ គឺកើតមានឡើងដោយសារការគាំទ្រ និងជឿទុកចិត្តខ្ពស់ពីសំណាក់អតិថិជន ដែលជ្រើសរើសធនាគារ CIMB ជាដៃគូហិរញ្ញវត្ថុ។ យើងខ្ញុំមានកិត្តិយសដែលទទួលបានការជឿទុកចិត្តពីអតិថិជន ហើយយើងខ្ញុំនឹងបន្តខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីបម្រើសេវាកម្មធនាគារជូនអតិថិជនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។»
 
ស្របជាមួយនឹងការប្តេជ្ញាចិត្តនេះ លោកក៏បានមានប្រសាសន៍បន្ថែមផងដែរ ទៅលើសារសំខាន់នៃអភិបាលកិច្ចដ៏រឹងមាំនៅក្នុងវិស័យធនាគារ ដោយក្នុងនោះ លោកបានចែករំលែកអំពីការវិភាគ របស់កាសែតល្បីៗនៅសហរដ្ឋអាម៉េរិក ស្តីការដួលរលំនៃធនាគារ ស៊ីលីខនវ៉ាលី (SVB) នាពេលថ្មីៗកន្លងមកនេះ។ លោកបានលើកឡើងថា៖«តាមការវិភាគដ៏ល្អិតល្អន់ ដោយយោងទៅតាមទិន្ន័យពិតប្រាកដ មូលហេតុចម្បងនៃការដួលរលំនៃធនាគារ SVB នោះគឺ បណ្តាលមកពីភាពអវត្ដមាននៃនាយកគ្រប់គ្រងហានិភ័យធនាគារ (CRO) ព្រមទាំងការលើកលែងពី​ រដ្ឋបាលរបស់អតីតប្រធានាធិបតីដូណាល់ ត្រាំ ទៅដល់ធនាគារ SVB លើការអនុវត្តតាមគោលការណ៍មូលដ្ឋាន Basel III មិនពេញលេញ។  ការអនុវត្តនេះ គឺខុសគ្នាទាំងស្រុង ពីប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ល្អប្រសើរ របស់ធនាគារជាតិនៃកម្ពុជា ដោយតម្រូវឲ្យធនាគារទាំងអស់ អនុវត្តនូវគោលការណ៍សំខាន់ៗ នៃបទប្បញ្ញត្តិ​ Basel III ។»។ គួរបញ្ជាក់ផងដែរថា Basel III គឺជាកិច្ចព្រមព្រៀងបទប្បញ្ញត្តិអន្តរជាតិដែលផ្តល់នូវសំណុំនៃកំណែទម្រង់ ដែលបានរចនាឡើងដើម្បីកាត់បន្ថយហានិភ័យក្នុងវិស័យធនាគារអន្តរជាតិ ដោយតម្រូវឲ្យធនាគាររក្សាសមាមាត្រអនុភាពជាក់លាក់ និងរក្សាកម្រិតនៃទុនបម្រុងមួយចំនួនផងដែរ។
 


ជាមួយគ្នានេះ អតិថិជន ដែលបានចូលរួមវិញ ក៏បានសម្តែងនូវក្តីសោមនស្សរីករាយ ទៅលើកម្មវិធី ប្រកបដោយសារប្រយោជន៍នេះផងដែរ ជាពិសេសទៅលើការចែករំលែកចំណេះដឹងស្តីពី ព្រឹត្តិការណ៍ និងស្ថានភាពវិវឌ្ឍនៃសេដ្ឋកិច្ចពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ដែលបានជួយបំផុសជាគំនិតខ្លះៗនៅក្នុងការបន្តអាជីវកម្ម ប្រកបដោយចីរភាពនិងភាពរីកចម្រើន។ អតិថិជនម្នាក់ ដែលបានអញ្ជើញមកពីខេត្ត បាត់ដំបង បានមានចំណាប់អារម្មណ៍ក្រោយពីការចូលរួមកម្មវិធីនេះថា៖ «លោក CEO បានចែករំលែកពីបទពិសោធន៍របស់គាត់ ហើយក៏បានដឹកនាំចំណាប់អារម្មណ៍អ្នកចូលរួមមមកស្វែងយល់ពីបរិបទធនាគារក្នុងសាកលលោក ក៏ដូចជាប្រភេទធនាគារផ្សេងៗគ្នាផងដែរ​​ ហើយក៏បានចែករំលែក និងបកស្រាយអំពីកត្តាដែលនាំឲ្យធនាគារ SVB ដួលរលំ។ ការចែករំលែកនៃចំណេះដឹង និងការវិភាគនេះបានជួយខ្ញុំ ក៏ដូចជាអតិថិជនមានការពិចារណាកាន់តែស៊ីជម្រៅ។ »។​
 
ចំណែកអតិថិជនមួយរូបទៀត ដែលធ្វើដំណើរ ពីខេត្តសៀមរៀប បានចែករំលែកអំពីជំនឿទុកចិត្ត លើធនាគារ ក្រោយពីការចូលរួមកម្មវិធីថា៖ «សាវតាធនាគារ ជាកត្តាសំខាន់ពេលខ្ញុំជ្រើសរើសដៃគូធនាគារ ប៉ុន្តែអ្វីដែលខ្ញុំកាន់តែពេញចិត្តមួយទៀតនោះ គឺការប្តេជ្ញាចិត្តរបស់លោក CEO ក៏ដូចគណៈគ្រប់គ្រងរបស់ធនាគារ CIMB ដែលយកប្រយោជន៍សម្រាប់អតិថិជនជាគុណតម្លៃខ្ពស់ ក្នុងការប្រកបអាជីវកម្មនៅកម្ពុជា។ ខ្ញុំមានភាពកក់ក្តៅបន្ទាប់ពីបានចូលរួមកម្មវិធីនេះរួច ហើយទំនុកចិត្តរបស់ខ្ញុំទៅកាន់ធនាគារ CIMB បានកើនឡើងមួយកម្រិតទៀតផងដែរ។»​​ 
 
ជារៀងរាល់ឆ្នាំ ធនាគារ CIMB ដែលជាធនាគារអន្តរជាតិឈានមុ​ខគេមួយ នៅកម្ពុជា តែងតែរៀបចំព្រឹត្តិការណ៍ភ្ជាប់ទំនាក់ទំនង និងកម្មវិធីយកចិត្តទុកដាក់ ជាមួយនឹងអតិថិជន ដែលតែងតែបន្តគាំទ្រ និងជួយជំរុញឲ្យធនាគារ CIMB មានភាពរីកចម្រើនឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ គិតចាប់តាំងពីពេលបើកដំណើរការដំបូង ក្នុងខែវិច្ឆិកា ឆ្នាំ២០១០។ ក្នុងនាមជាធនាគារមួយ ដែលផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើអតិថិជន ធនាគារ CIMB តែងតែប្តេជ្ញាចិត្ត ក្នុងការជួយកសាង​ផែនការហិរញ្ញវត្ថុរឹងមាំ និងយូរអង្វែងរបស់អតិថិជន ដោយផ្តោតលើសេវាកម្មបម្រើអតិថិជន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងស្មើភាព និងការផ្តល់ដំណោះស្រាយជាចម្បង ដល់​អតិថិជនគ្រប់រូប។​ ទិវាអតិថិជន ដែលប្រារព្ធធ្វើឡើងក្នុងខេត្តបាត់ដំបងនេះ គឺជាព្រឹត្តិការណ៍លើកទីមួយ ដែលធនាគារ CIMB រៀបចំឡើងនៅខេត្តផ្ទាល់តែម្តង ដែលមានសាខាធនាគាររបស់ខ្លួន។ ជាមួយនឹងបណ្តាញសាខាធនាគារចំនួន ១៤កន្លែង នៅទូទាំងប្រទេស ធនាគារ CIMB នឹងរៀបចំកម្មវិធីភ្ជាប់ទំនាក់ទំនង និងបង្កើនភាពស្និទ្ធស្នាល ជាមួយនឹងអតិថិជន នៅតាមបណ្តាខេត្តផ្សេងៗទៀត នាពេលខាងមុខផងដែរ។
 
អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

ធនាគារ ស៊ីអាយអិមប៊ី​ ភីអិលស៊ី​ ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ៣៥,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។
 
ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីពីររបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។​ ធនាគារនេះមានផ្តល់ជូន​សេវា​កម្ម​ធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និងធានារ៉ាប់រង។​ មានទីស្នាក់ការកណ្តាលនៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាន​នៅប្រទេសទាំង ១០ ក្នុង​ចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា ឡាវ និងហ្វីលីពីន)។​ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន​ ហុងកុង ឥណ្ឌា ស្រីលង្កា កូរ៉េ សហរដ្ឋអាមេរិក ​និង​ចក្រភពអង់គ្លេស​។
 
ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ៧៤០​ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០​។​​ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុង​ចំណោមធនាគារវិនិយោគធំជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគ​ទៅលើផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុនជាង ៦០០​ ក្រុមហ៊ុន នៅក្នុងតំបន់។​ 
 
ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្មតាមរយៈអង្គភាពចម្បងបី គឺធនាគារ​ ស៊ីអាយអិមប៊ី​ (CIMB Bank) ធនាគារ​វិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank)​ និង ធនាគារ​ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។​ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី​ ​និង ៩៤,៨% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។
 
ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា​ ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៤៣,៥ ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ​ឆ្នាំ២០២០។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិក​សរុបជាង ៣៤.០០០នាក់ និងមានអតិថិជនសរុបប្រមាណ ១៦លាននាក់។
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com