សង្គមអន្តរជាតិ​
អន្តរជាតិ
ជនជាតិ​រ៉ូហ៊ីងយ៉ា ​​​នឹង​មិន​ត្រលប់​ទៅ​មីយ៉ាន់ម៉ា​វិញ​ឡើយ បើគ្មានការធានាពីសុវត្ថិភាព
07, May 2023 , 7:40 pm        
រូបភាព
រូបពី Reuters
រូបពី Reuters
ជនជាតិ​រ៉ូហ៊ីងយ៉ាដែលភៀសខ្លួនទៅនៅបង់ក្លាដែស បានអះអាង នៅថ្ងៃទី៦ ​ខែឧសភា ឆ្នាំ២០២៣ ថាពួកគេនឹងមិនត្រលប់ទៅមីយ៉ាន់ម៉ាដើម្បីឱ្យគេបង្ខាំងនៅក្នុងជំរំវិញឡើយ។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីជនជាតិ​រ៉ូហ៊ីងយ៉ាមួយចំនួនបានធ្វើទស្សនកិច្ចនៅ​មីយ៉ាន់ម៉ា ​ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីលើកទឹកចិត្តការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តរបស់ពួកគេ។


ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាជិត ១ លាននាក់កំពុងរស់នៅក្នុងជំរំទីក្រុង Cox's Bazar នៅតាមបណ្ដោយព្រំដែនបង់ក្លាដែស។ ពលរដ្ឋទាំងនេះ ភាគច្រើនបានភៀសខ្លួនចេញពីការបង្រ្កាបដែលដឹកនាំដោយយោធានៅមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០១៧ កន្លងមក។
 
នៅថ្ងៃទី៥ ខែឧសភា ជនភៀសជនជាតិ​រ៉ូហ៊ីងយ៉ាប្រមាណ ២០ នាក់និងមន្ត្រីបង់ក្លាដែសចំនួន ៧ នាក់បានធ្វើទស្សនកិច្ចនៅទីប្រជុំជន Maungdaw និងភូមិក្បែរនោះក្នុងរដ្ឋ Rakhine ដើម្បីមើលការរៀបចំការតាំងទីលំនៅថ្មីសម្រាប់ជនជាតិ​រ៉ូហ៊ីងយ៉ា​​។
 
បន្ទាប់ពីដំណើរទស្សនកិច្ចនេះ ជនជាតិរ៉ូហ៊ីងយ៉ាបានសម្តែងការមិនសប្បាយចិត្តចំពោះការរៀបចំធ្វើមាតុភូមិនិវត្តន៍ ហើយបានអះអាងថាពួកគេនឹងមិនត្រលប់ទៅបីយ៉ាន់ម៉ាវិញឡើយ លុះត្រាតែសុវត្ថិភាពរបស់ពួកគេអាចត្រូវបានធានា ហើយពួកគេអាចប្រាកដថានឹងទទួលបានសញ្ជាតិមីយ៉ាន់ម៉ា។
 
«យើង​មិន​ចង់គេបង្ខាំងនៅក្នុងជំរំឡើយ។ យើងចង់យកដីរបស់យើងមកវិញ ហើយយើងនឹងសាងសង់ផ្ទះរបស់យើងនៅទីនោះ។» លោក​ Oli Hossain ដែលស្ថិតក្នុងចំណោមជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា និងបានធ្វើដំណើរទស្សនកិច្ចទៅរដ្ឋ Rakhine ​បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ។ លោកក៏បានបន្ថែមថា លោកនិងគ្រួសារនឹងត្រលប់ទៅវិញ លុះត្រាតែសញ្ជាតិ និងសិទ្ធិទាំងអស់របស់លោកត្រូវបានធានា។ 
 
កន្លងមក មីយ៉ាន់ម៉ាបានរៀបចំផ្តល់ប័ណ្ណផ្ទៀងផ្ទាត់សញ្ជាតិរ៉ូហ៊ីងយ៉ា (NVC) ដល់ជនជាតិរ៉ូហ៊ីងយ៉ា ប៉ុន្តែសកម្មភាពនេះ ត្រូវបានជនជាតិរ៉ូហ៊ីងយ៉ាចាត់ទុកថាមិនគ្រប់គ្រាន់។ មន្ត្រីបង់ក្លាដែសបានធ្វើដំណើរជាច្រើនដងទៅមីយ៉ាន់ម៉ា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យពលរដ្ឋ​រ៉ូហ៊ីងយ៉ាធ្វើមាតុភូមិនិវត្តន៍​។
 
 ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR)ធ្លាប់បានលើកឡើងថា ជនភៀសខ្លួនគ្រប់រូបមានសិទ្ធិក្នុងការត្រលប់ទៅប្រទេសកំណើតរបស់ពួកគេ។ ប៉ុន្តែការវិលបត្រលប់នេះ ត្រូវធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត មានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដោយផ្អែកលើជម្រើសដែលមានការជូនដំណឹង និងគ្មានការបង្ខំ៕

Tag:
 (មីយ៉ាន់ម៉ា
  រ៉ូហ៊ីងយ៉ា)
© រក្សាសិទ្ធិដោយ thmeythmey.com