ជាតិ
អត្ថបទពាណិជ្ជកម្ម
ព្រឹត្តិការណ៍ SkyFest 2023 មហោស្រពខ្លែងអន្តរជាតិលើកដំបូ​ង​របស់​កម្ពុជា ទាក់​ទាញទេសចរជាង ១ ម៉ឺននាក់នៅ Bay of Lights ខេត្តព្រះសីហនុ
10, May 2023 , 11:26 am        
រូបភាព
អ្នកចូលរួមជាង ១ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅបរិវេណគម្រោង Bay of Lights ខេត្តព្រះសីហនុ ពោរពេញទៅដោយភាពសប្បាយរីករាយជាមួយព្រឹត្តិការណ៍ SkyFest នៅដើមខែឧសភា ឆ្នាំ២០២៣នេះ។
 
ក្នុងនោះផងដែរ ព្រឹត្តិការណ៍ SkyFest 2023 គឺជាមហោស្រពខ្លែងអន្តរជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ខណៈដែលមានការចូលរួមពីសំណាក់អ្នកបង្ហោះខ្លែងអាជីពមកពីប្រទេសចិន បារាំង ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងកម្ពុជាផងដែរ ដើម្បីបង្ហាញពីខ្លែងដ៏អស្ចារ្យរបស់ពួកគេនៅលើអាកាស។


 
ពិធីបើករបស់ព្រឹត្តិការណ៍បង្ហោះខ្លែងថ្នាក់អន្តរជាតិស្ថិតក្រោមប្រធានបទ «ខ្មែរអាចហោះបាន» មួយនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
 
ក្នុងសុន្ទរកថាបើក លោកទេសរដ្ឋមន្ត្រី លី ធុជ បានមានប្រសាសន៍ថា ៖ «ប្រធានបទ “ខ្មែរអាចហោះបាន” មិនត្រឹមតែឆ្លុះបញ្ចាំងពីគុណតម្លៃនៃខ្លែងរបស់យើងដែលហោះខ្ពស់ត្រដែតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាក្តីប្រាថ្នា និងក្តីសុបិនរបស់ប្រជាជនកម្ពុជាផងដែរ នៅពេលដែលយើងបន្តបោះជំហានឆ្ពោះទៅរកអនាគតកាន់តែភ្លឺស្វាង។»
 
លោកក៏បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ចំពោះការរីកចម្រើន និងវឌ្ឍនភាពសង្គមរបស់កម្ពុជា។ នេះរួមបញ្ចូលទាំងគំនិតផ្តួចផ្តើមសំខាន់ៗដូចជា អាហារូបករណ៍ចេន ហ្ស៊ី ផ្តល់ជូនដោយមូលនិធិព្រីនស៍ រួមជាមួយនឹងគម្រោង Bay of Lights ដែលទាក់ទងនឹងការអភិវឌ្ឍតំបន់ទីប្រជុំជនថ្នាក់ពិភពលោកទំហំ ៩៣៤ ហិកតាដោយក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ធំបំផុតរបស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប។


 
លោក Edward Lee តំណាងជាន់ខ្ពស់នៃក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន បានបង្ហាញនៅក្នុងសុន្ទរកថាស្វាគមន៍របស់លោកថា៖ «គម្រោង Bay of Lights ត្រូវបានគេរំពឹងថានឹងក្លាយទៅជាអ្នកផ្លាស់ប្តូរនៅក្នុងទីផ្សារកម្ពុជា ហើយយើងមានទំនុកចិត្តថាគម្រោងមួយនេះជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសបន្ថែមទៀត។ យើងក៏រំពឹងដែលថាគម្រោងនេះនឹងផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកជំនាញវ័យក្មេងកម្ពុជា ហើយជាលទ្ធផលនឹងបន្តសន្ទុះអភិវឌ្ឍន៍គរូបនីយកម្ម និងសេដ្ឋកិច្ចជាតិរបស់កម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុ។»
 
លោក Lee ក៏បានប្រកាសថា SkyFest 2023 គ្រាន់តែជាព្រឹត្តិការណ៍អន្តរជាតិដំបូងគេមួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនទៀត ដែលនឹងគ្រោងរៀបចំឡើងដោយក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន។
ក្រៅពីការបង្ហោះខ្លែងមានរយៈពេលពីរថ្ងៃ ក្នុងនោះក៏ មានសិក្ខាសាលាបង្រៀនធ្វើខ្លែង ប្រពៃណី ខ្មែរ ចម្លាក់ ខ្សាច់ សិល្បៈ ខ្មែរ សកម្មភាពជិះស្គី ទឹក ដោយ ក្រុម Jetski កម្ពុជា ការបង្ហាញសៀក សិល្បៈភ្លើង និង ការបញ្ចាំងសិល្បៈពន្លឺឡាស៊ែរផងដែរ។
 
លើសពីនេះ ក្រុមហ្វារពន្លឺសិល្បៈក៏បានចូលរួមសម្តែង និងបង្ហាញទេពកោសល្យដ៏ប៉ិនប្រសប់របស់ក្រុមខ្លួន ដែលធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើល និងរំភើបជាខ្លាំងជាមួយនឹងការសម្តែងរបស់ពួកគេ។
 
រយៈពេលពីរយប់នេះ អ្នកចូលរួមក្នុងព្រឹត្តិការណ៍បានទស្សនាកម្សាន្តពីការប្រគំតន្ត្រី និងសម្តែងផ្ទាល់ពីសិល្បករខ្មែរល្បីៗដូចជា ទេព បូព្រឹក្ស ស៊ូ លីផេង ម៉ម ពេជ្ជរិទ្ធ Redking X Sopheap និង Kampot Playboys និងក្រុមតន្រ្តីអន្តរជាតិដូចជា Intan Andriana និង Friends, Alli G & TheQuilas, Maki Okestr ក៏ដូចជា DJ ល្បីៗដូចជា DJ Vutha DJ Maily និង DJ Chill Bill ។
 
កម្មវិធីនេះរៀបចំឡើងដោយក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន SkyFest 2023 និងអាចធ្វើទៅបានដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់គណៈអភិបាលខេត្ត និងរដ្ឋបាលខេត្តព្រះសីហនុ ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា Nham24, Nham24 Taxi និង Somersby។
 


អំពីក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ឯ.ក (Canopy Sands Development Co., Ltd)
បង្កើតឡើងក្នុងឆ្នាំ ២០១៩ និងមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ខានូភី សែន ឌីវេឡុបម៉ិន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលមានឯកទេសក្នុងការអភិវឌ្ឍទ្រង់ទ្រាយធំ។ ចក្ខុវិស័យរបស់ ខានូភី សែន ឌីវេឡុបម៉ិន គឺបង្កើតការរស់នៅដែលរីកចម្រើន និងបរិយាកាសការងារ ដែលលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជន ដើម្បីផ្តល់ភាពរុងរឿងយូរអង្វែងដល់សហគមន៍មូលដ្ឋាន។
 
ដឹកនាំដោយក្រុមអ្នកជំនាញក្នុងស្រុក និងអន្តរជាតិដែលមានបទពិសោធន៍ខ្ពស់ គួរឱ្យគោរព ដែលមានទស្សនវិស័យ និងយុទ្ធសាស្ត្រដ៏សំខាន់ ខានូភី សែន ឌីវេឡុបម៉ិន កំពុងដាក់មូលដ្ឋានគ្រឹះដែលនឹងជំរុញឱ្យមានឱកាសសេដ្ឋកិច្ចកាន់តែច្រើន បង្កើតអត្ថប្រយោជន៍សេដ្ឋកិច្ចសង្គមសំខាន់ៗ និងធានាបាននូវភាពរុងរឿងយូរអង្វែង។
 
ក្នុងនាមជាអ្នកដឹកនាំក្នុងការអភិវឌ្ឍអចលនទ្រព្យ ខានូភី សែន ឌីវេឡុបម៉ិន កំពុងធ្វើការដើម្បីកសាងសហគមន៍ថ្មីដ៏រស់រវើកនៅទូទាំងប្រទេសកម្ពុជា ដែលអគារនីមួយៗនឹងត្រូវបានសាងសង់ស្របតាមស្តង់ដារអន្តរជាតិ ។ ក្នុងការធ្វើដូច្នេះ ក្រុមហ៊ុននឹងបង្កើតឱកាសសេដ្ឋកិច្ច សង្គម និងការអប់រំដ៏សំខាន់ ហើយផ្តល់អត្ថប្រយោជន៍ប្រកបដោយនិរន្តរភាព និងយូរអង្វែងដល់សហគមន៍កម្ពុជា៕
 
(អត្ថបទពាណិជ្ជកម្ម)


 

© រក្សាសិទ្ធិដោយ thmeythmey.com