កីឡាអន្តរជាតិ
អន្តរជាតិ
សមាគមបាល់ទាត់ថៃនឹងស៊ើបអង្កេតលើក្រុមជម្រើសជាតិខ្លួន ដែលបង្កបញ្ហានាវគ្គផ្ដាច់ព្រ័ត្រស៊ីហ្គេម
17, May 2023 , 3:48 pm        
រូបភាព
សមាគមបាល់ទាត់នៃប្រទេសថៃ (FA Thailand) ថ្ងៃទី១៧ ខែឧសភា បានប្រកាសនៅលើបណ្តាញសង្គម Facebook ផ្លូវការរបស់ខ្លួនថា នឹងបើកការស៊ើបអង្កេត ព្រមទាំងចាត់វិធានការលើក្រុមមន្ត្រីប្រតិភូបាល់ទាត់ អាយុក្រោម ២២ឆ្នាំ របស់ខ្លួន ក្រោយមានបញ្ហាជាមួយក្រុមឥណ្ឌូណេស៊ី នៅវគ្គផ្តាច់ព្រ័ត្រវិញ្ញាសាបាល់ទាត់បុរស ស៊ីហ្គេម នៅកម្ពុជា កាលពីថ្ងៃទី១៦ ឧសភា។


ក្រោយការប្រកួតលើវិញ្ញាសាបាល់ទាត់បុរសអាយុក្រោម ២២ឆ្នាំ រវាងថៃ និងឥណ្ឌូណេស៊ី បានបញ្ចប់ដោយភាពតានតឹងបំផុត សមាគមបាល់ទាត់ថៃ បានបង្ហាញក្តីសោកស្តាយ និងការខកចិត្តចំពោះភាពចលាចលដែលបានកើតឡើងក្នុងលើទីលានប្រកួត។ 
  


«[…] ក្រៅពីការប្រកួតរបស់ក្រុមជម្រើសជាតិ សមាគមសូមសម្តែងការសោកស្តាយ និងការខកចិត្ត ព្រមទាំងសូមអភ័យទោសចំពោះភាពចលាចលដែលបានកើតឡើងនៅលើទីលានអំឡុងការប្រកួត ដែលនេះបានបង្កឱ្យមានភាពខូចខាតយ៉ាងខ្លាំងដល់ក្រុមបាល់ទាត់ជម្រើសជាតិថៃ។ […] សមាគមនឹងបង្កើតគណៈកម្មាធិការមួយដើម្បីស៊ើបអង្កេតលើអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកការពិតជាបន្ទាន់ ហើយនឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដោយគ្មានការការពារពីបុគ្គលិកណាម្នាក់ឡើយ លើការបង្កការខូចខាតក្នុងឧប្បត្តិហេតុនេះ។[…]។» នេះបើតាមការបង្ហោះរបស់ សមាគមបាល់ទាត់ថៃ (FA Thailand)។
 
ជំនួបវគ្គផ្តាច់ព្រ័ត្រវិញ្ញាសាបាល់ទាត់បុរសអាយុក្រោម ២២ឆ្នាំ នៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ បានបញ្ចប់ទៅដោយឥណ្ឌូណេស៊ីក្លាយជាម្ចាស់មេដាយមាស ក្រោយបំបាក់ថៃក្នុងលទ្ធផល ៥-២ ក្នុងរយៈពេលប្រកួត ១២០នាទី។ 
 
អំឡុងការប្រកួតហៀបនឹងបញ្ចប់រយៈពេល ៩០នាទីទៅហើយ ពោលនៅនាទី ៩០+៦ ថៃ បានស្វែងរកគ្រាប់បាល់តាមស្មើ ២-២ មកវិញ បន្ទាប់ពីត្រូវបានក្រុមឥណ្ឌូណេស៊ីនាំមុខ ២-១។ ភាពចលាចលបានកើតឡើងនៅពេលដែលថៃបានរកគ្រាប់បាល់តាមស្មើ​ ២-២ ដោយក្រុមមន្ត្រី និងគ្រូបង្វឹកបាល់ទាត់ថៃ ក៏ដូចជាកីឡាករ បានរត់អបអរគ្រាប់បាល់នោះ កាត់ពីមុខទីតាំងអង្គុយបម្រុងរបស់ក្រុមឥណ្ឌូណេស៊ី ដែលបង្កជាភាពចលាចល និងប៉ះទង្គិចគ្នាខ្លាំងមួយលើក មុនពេលក្រុមទាំងសងខាង ត្រូវបន្តការប្រកួតក្នុងម៉ោងបន្ថែម ១៥នាទី ២លើក។
 
ចាប់ផ្តើមការប្រកួតម៉ោងបន្ថែម ១៥នាទី លើកទីមួយ ក្រុមឥណ្ឌូណេស៊ី រកបានឱកាសពីការភ្លាត់ស្នៀតរបស់ខ្សែការពារថៃ ដោយរកបានគ្រាប់បាល់នាំមុខសារជាថ្មីនៅនាទីដំបូងតែម្តង។ ក្រោយរកបានគ្រាប់បាល់នោះ ក្រុមមន្ត្រី និងគ្រូបង្វឹកឥណ្ឌូណេស៊ី ក៏បានអបអរជ័យជម្នះ ដោយបានឌឺដងទៅកាន់ឲ្យក្រុមថៃវិញ ដែលជាហេតុបង្កឱ្យមានការប្រតាយប្រតប់គ្នានៅលើទីលាន រវាងមន្ត្រីគ្រូបង្វឹកក្រុមទាំងសងខាង ព្រមទាំងកីឡាករក្នុងទីលាន និងបម្រុង។
 
វិញ្ញាសាបាល់ទាត់បុរសអាយុក្រោម ២២ឆ្នាំ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ទៅដោយក្រុមឥណ្ឌូណេស៊ី ជាម្ចាស់មេដាយមាស ។ ថៃទទួលបានមេដាយប្រាក់ ចំណែកក្រុមការពារតំណែងឯកវៀតណាម ធ្វើបានត្រឹមមេដាយសំរិទ្ធិ៕
 
 

Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com